គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជារយៈពេល ៥ ឆ្នាំ (២០១៩-២០២៣) បន្តទៀត បន្ទាប់ពីបានសហការគ្នាកន្លងមក។
លោក គន់ គីម និងលោកស្រី Francesca Erdelmann កាលពីម្សិលមិញ។ (ប្រភព៖ postkhmer)
ពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព ហើយភាគីអង្គការស្បៀងអាហារ ពិភពលោក គឺលោកស្រី ហ្រ្វង់សេស្កា អែកដែលម៉េន អ្នកតំណាង និងជានាយកប្រចាំប្រទេស អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រី នៃអង្គភាពទាំងពីរយ៉ាងច្រើនផងដែរ។
ថ្លែងនៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា តាងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរូបលោកផ្ទាល់សូម ស្វាគមន៍ដោយមនោ សញ្ចេតនារីករាយកក់ក្តៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គការកម្មវិធីស្បៀងអាហា ពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានមកចូលរួមក្នុងពិធីចុះហត្ថលេខាដ៏ថ្លៃថ្លា និងឧត្តុងឧត្តម។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ខ្លឹមសារនៃចំណងជើងកិច្ចព្រមព្រៀង ស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលវាមិនមែនត្រឹមតែកើតមានឡើងនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែវាក៏ជាទស្សនៈវិស័យទៅថ្ងៃអនាគត ដើម្បីពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយ ដែលក្នុងនោះការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាគុណប្រយោជន៍ នៃការវិនិយោគក្នុងការបង្ការ នូវការបាត់បង់នាពេលអនាគត។
គម្រោងដែលយើងត្រូវអនុវត្តរួមគ្នានៅពេលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានកត់សម្គាល់ថាបញ្ហាទួលសុវត្ថិភាព ប្រព័ន្ធព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ ផែនការត្រៀមទៅនឹងគ្រោះមហន្តរាយ ទាំងនេះវា គឺជាកត្តា កំណត់ត្រូវលើកកម្ពស់ ការអភិវឌ្ឍស្តង់ដាគុណភាព លើកកម្ពស់ភាពធន់ ទៅនឹងហានិភ័យគ្រោះមហន្តរាយ និងការផ្ទេរបច្ចេកវិទ្យាទទួលបាននិងការចែករំលែក ក៏ដូចជាការប្រើប្រាស់ទិន្នន័យ និងព័ត៌មាន។
ទិដ្ឋភាពនៃកិច្ចចុះហត្ថលេខា។ (ប្រភព៖ FN)
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមទៀតថា ប្រទេសកម្ពុជាបានប្រឈមការលំបាកកន្លងមកអំពីទឹកជំនន់ ដែលបានធ្វើឱ្យមនុស្សបាត់បង់ជីវិត ខូចខាត ចំពោះវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ទំនប់ ហើយរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ ដូច្នេះ លោកសង្ឃឹមមថាគម្រោងកម្មវិធីដែលយើងត្រូវអនុវត្តក្នុងកិច្ចព្រមព្រៀងនេះ នឹងទទួលបានជាផ្លែផ្កា កសាងចំណេះដឹង ដល់មន្ត្រីនៅគ្រប់កម្រិត ចូលរួមកាត់បន្ថយការធ្វើឱ្យឆាប់ភ័យខ្លាច និងកម្រិតធន់ទៅនឹងមុខ សញ្ញាគ្រោះថ្នាក់ ភាពងាយរងគ្រោះ ហានិភ័យគ្រោះមហន្តរាយ និងការបាត់បង់ផ្សេងៗ ដែលជួយសម្រាល ការប្រឈមធ្លាប់កើតមានកន្លងមក។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏សូមសំណូមពរឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារ ពិភពលោក ត្រូវសហការគ្នាជិតស្និទ្ធអនុវត្តការងារយូរអង្វែង និងទទួលបានសមិទ្ធផលល្អ៕
(សរុបដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន