ប្រាង្គសេ្តចទឺឌឺក (Tu Duc) ជាឈ្មោះធ្លាប់ហៅនៃប្រាង្គខិមឡាំង (Khiem Lang) ជាសំណង់ប្រាង្គរាជវង្សស្អាតបំផុត គំរូបំផុតនៃស្ថាបត្យកម្មប្រាង្គ នៃរាជការង្វៀនដោយឡែក និងជាទូទៅនៃស្ថាបត្យកម្មប្រាង្គប្រពៃណីវៀតណាមនាសម័យសក្តិភូមិ។
![]() |
![]() |
![]() |
ភ្ញៀវទេសចរក្នុងស្រុក និងបរទេសទស្សនាប្រាង្គស្តេចទឺឌឺក (Tu Duc)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម |
ស្តេចទឺឌឺក (Tu Duc) (១៨២៩ - ១៨៨៣) ជាស្តេចជំនាន់ទី៤ នៃរាជការង្វៀន សោយរាជ្យបាន៣៦ឆ្នាំ (១៨៤៨ - ១៨៨៣)។ ព្រះអង្គជាស្តេចមានទោពកោសល្យថ្វីដៃ ចេះស្ទាត់អក្សរសាស្រ្ត យល់ជ្រៅអក្សរហាន។ ក្នុងចំណោមកេរដំណែលដែលស្តេចទឺឌឺក (Tu Duc) បន្សល់ទុកមក ហាក់ដូចជាមានតែប្រាង្គខិមឡាំង (Khiem Lang) នេះ ដែលជាសំណង់ពិសេស និងមានតម្លៃបំផុត។
នៅឆ្នាំ១៩៩៣ ខណៈពេលប្រជុំកេរដំណែលក្រុងបុរាណហ្វេ បានអង្គការ UNESCO លើកស្ទួយជាបេតិកភណ្ឌពិភពលោក ប្រាង្គខិមឡាំង (Khiem Lang) ជាសំណង់មួយក្នុងចំណោមសំណង់គំរូល្បីឈ្មោះទាំង១៥ ដែលមានឈ្មោះនៅក្នុងបញ្ជីប្រជុំសំណង់កេរដំណែលនេះ។ មណ្ឌលប្រាង្គនេះ ពិតជាស្នាដៃស្ថាបត្យកម្មវិចិត្រសិល្បៈរាជវាំងង្វៀន ពីព្រោះវាមានសម្រស់ឆើតឆាយ មនោរម្យបំផុត ដែលភ្ញៀវទេសចរគ្រប់រូប ពេលដែលធ្វើដំណើរមកដល់ក្រុងហ្វេ នរណាក៏ចង់ទៅទស្សនាបានម្តងដែរ។
ស្តេចទឺឌឺក (Tu Duc) ឡើងសោយរាជ្យអាយុ១៩ឆ្នាំ (១៨៤៨) ១៦ឆ្នាំក្រោយ នៅឆ្នាំជូត (១៨៦៤) ព្រះអង្គចាប់ផ្តើមកសាងប្រាង្គខិមឡាំង (Khiem Lang) នៅតំបន់ដីដែលបានចាត់ទុកថាជា “វ៉ានណៀនកាតដៀ - Van nien cat dia” (មានន័យថាតំបន់ដីដែលមានទីតាំងសំណាងល្អម៉ឺនឆ្នាំ) នៅភូមិយឿងស្វឹនថឿង (Duong Xuan Thuong) ឃុំតុងគឺចាញ (Tong Cu Chanh) (ចាស់) ឥឡូវជាភូមិថឿងបា (Thuong Ba) សង្កាត់ធ្វីស្វឹន (Thuy Xuan) ទីក្រុងហ្វេ។
តំបន់ឡើងផែនការកសាងប្រាង្គខិមឡាំង (Khiem Lang) មានទំហំជាង២២០ហិកតា បណ្តោយពីខ្ពង់រាប វង់កាញ (Vong Canh) រហូតដល់កំពូលភ្នំឡាវខិមសឺន (Lao Khiem Son) ក៏ប៉ុន្តែតំបន់ខាងក្នុងប្រាង្គ មានផ្ទៃទូលាយប្រហែល១៣,៥ហិកតាប៉ុណ្ណោះ បានហ៊ុំព័ទដោយជញ្ជាំងថ្មមានប្រវែង១.៨២៣ម៉ែត្រ។
![]() |
សម្រស់ត្រចះត្រចង់នៃប្រាង្គខិមឡាំង (Khiem Lang)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម |
ការកសាងប្រាង្គខិមឡាំង (Khiem Lang) អូសអន្លាយជាច្រើនដំណាក់កាល ទើបបានសម្រេចជាស្ថាពរនៅខែកញ្ញា ឆ្នាំ១៨៦៧ តែតាមការពិតដល់ឆ្នាំ១៩០២ ទើបសម្រេចបានទាំងស្រុង ហើយបញ្ចប់ការសាងសង់។ ហេតុនេះ ពេលវេលាសាងសង់ប្រាង្គខិមឡាំង(Khiem Lang) អស់រយៈពេលសរុបចំនួន៣៨ឆ្នាំ ហើយត្រូវការទាហាន ជាង ទូកចូលរួមធ្វើការជាង៣០០០នាក់។
ភាគច្រើនស្តេចង្វៀនគ្រប់ជំនាន់ សុទ្ធតែមានគំនិតរចនាកសាងប្រាង្គដោយខ្លួនឯង សម្រាប់ព្រះអង្គ។ ហេតុនេះ មណ្ឌលប្រាង្គនីមួយៗ តែងមានលក្ខណៈឯកត្តភាព ចំណង់ចំណួលចិត្តនៃព្រះអង្គនោះ។ ប្រៀបដូចប្រាង្គយ៉ាឡុង (Gia Long) មានលក្ខណៈធំសម្បើម ស្រស់ស្រាយ ប្រាង្គមិញម៉ាង (Ming Mang) មានលក្ខណៈសមល្មម ស្ញប់ស្ញែង ប្រាង្គទឺឌឺក (Tu Duc) មានលក្ខណៈមនោរម្យ ប្រាង្គខាយឌិញ (Khai Dinh) ស្រស់ឆើតឆាយ ត្រចះត្រចង់។ល។
អំពីទ្រង់ទ្រាយ ប្រាង្គខិមឡាំង (Khiem Lang) បានបែងចែកជាពីរចំណែក ទីតម្កល់សពស្តេច និង ទីស្ការបូជា។ ក្រៅពីមណ្ឌលតម្កល់សព និងទីស្ការបូជា ប្រាង្គខិនឡាំង (Khiem Lang) នៅមានសំណង់តូចធំផ្សេងៗចំនួន៥០ខ្នង ដូចជាសួនច្បារ ស្រះទឹក និងសំណង់បម្រើស្តេច រួមនឹងអ្នកបម្រើហូបចុក ធ្វើការ សម្រាកលំហែ និងលេងកម្សាន្ត។
ក្នុងអត្ថបទ “សាវតាខិមឡាំង (Khiem Lang)” និពន្ធដោយស្តេចទឺឌឺក (Tu Duc) ឱ្យចារិកនៅលើផែនថ្មធំ តម្កល់នៅមុខប្រាង្គខិមឡាំង (Khiem Lang) មានកត់ត្រាច្បាស់ការកសាងសំណង់ប្រាង្គដូចតទៅ៖ “វិមានខាងមុខហៅថាវិមាន ហ្វ័រខិម (Hoa Khiem) ជាទីកន្លែងគោរពបូជាទៅអនាគត ខាងក្រោយហៅថាវិមាន ឡឿងខិម (Luong Khiem) ជាទីកន្លែងឈប់សម្រាក និងលេងកម្សាន្ត។ ខាងកើតគឺវិមាន មិញខិមដឿង (Minh Khiem Duong) ប្រើសម្រាប់ប្រគំតន្រ្តី ខាងលិចគឺវិមាន អោនខិមដឿង (On Khiem Duong) ប្រើសម្រាប់ទុកប្រដាប់គ្រឿងប្រើប្រាស់។ ខាងក្នុង និងក្រៅវិមាន មានផ្ទះល្វែងទទឹង៤ខ្នង ហៅថាកុងខិម (Cong Khiem) គុងខិម (Cung Khiem) លែខិម (Le Khiem) និងផាបខិម (Phap Khiem) ជាកន្លែងសម្រាប់មន្រ្តីយាមល្បាត។ ខាងក្រោយវិមាននោះ មានវិទ្យាស្ថាន៤ខ្នង ហៅថាទុងខិម (Tung Khiem) យុងខិម (Dung Khiem) អ៊ីខិម (Y Khiem) និងទ្រីខិម (Tri Khiem) ជាទីកន្លែងសម្រាប់ស្នំ ស្នំឯក តាមបម្រើ។ ខាងក្រោយវិមាននោះទៀត មានខ្ទមតូចមួយហៅថា អ៊ិចខិម (Ich Khiem) ទោះបីទាបក៏ប៉ុន្តែអាចគយគន់ទេសភាពជិតនោះបាន។ ខាងក្រៅខ្លោងទ្វារ មានរបៀងមួយហៅថា ជីខិម (Chi Khiem) ចង្អៀតប៉ុន្តែគ្រប់គ្រាន់សម្រាប់បូជាស្នំ ស្នំឯក អ្នកបម្រើដែលស្លាប់"។
![]() |
តំបន់អគារសិលាចារិក និងទីតាំងតម្កល់សពស្តេចទឺឌឺក (Tu Duc)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម |
ដូចនេះ អាចឃើញថា ទោះបីជាទីកន្លែងតម្កល់សពអ្នកស្លាប់ ប៉ុន្តែជាក់ស្តែងប្រាង្គខិមឡាំង (Khiem Lang) ដូចជារាជវាំងមួយសម្រាប់ស្តេចទឺឌឺក (Tu Duc)។ ពីព្រោះទីនេះ មានសំណង់ស្ថាបត្យកម្ម និងការរចនាពាក់ព័ន្ធគ្រប់គ្រាន់ ដើម្បីបម្រើជីវភាពរស់នៅ ធ្វើការ ឈប់សម្រាក នៃព្រះមហាក្សត្រ និងរាជវង្ស។
ប្រាង្គស្តេចទឺឌឺក (Tu Duc) ជាកំពូលនៃស្ថាបត្យកម្មប្រាង្គតម្កល់សពរាជវង្ស ក៏ជាកំពូលនៃស្ថាបត្យកម្មប្រាង្គតម្កល់សពវៀតណាមនាសម័យរាជានិយម មណ្ឌលសួនឧទ្យានសួគ៌គំរូនៃរាជការង្វៀន។ រហូតដល់សព្វថ្ងៃ ប្រាង្គស្តេចទឺឌឺក (Tu Duc) មិនត្រឹមតែបានលើកស្ទួយដោយកិត្តិនាមខ្ពង់ខ្ពស់ នៅទាំងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាកុះករបំផុត ក្នុងចំណោមមណ្ឌលប្រាង្គរាជការង្វៀននៅក្រុងហ្វេ ជាទីកន្លែងទស្សនាដែលទាក់ទាញភ្ញៀវទេសចរលំដាប់ទី២ ក្រោយវិមានខាងក្នុងរាជវាំង - ជាកន្លែងរស់នៅ និង ធ្វើការប្រចាំថ្ងៃ នៃស្តេចរាជការង្វៀន៕
មតិពីមិត្តអ្នកអាន