Trending now

សម្រស់វប្បធម៌របស់ជនជាតិភាគតិច Mang នៅខេត្ត Lai Chau របស់ប្រទេសវៀតណាម

23:23 | 27/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ជនជាតិ Mang មានចំនួនប្រជាជនតិចជាង ១ ម៉ឺននាក់ ដែលរស់នៅតែក្នុងខេត្ត Lai Chau ប៉ុណ្ណោះ។ តាំងពីមុនមក ដោយសាររបៀបរស់នៅបែបពនេចរ និងស្ថានភាពសេដ្ឋកិច្ចសង្គមដ៏លំបាកនោះ លក្ខណៈវប្បធម៌ដ៏ពិសេសជាច្រើនរបស់ជនជាតិ Mang ត្រូវរសាត់បាត់ទៅជាបណ្ដើរៗ។ បច្ចុប្បន្ននេះ ទំនៀមទំលាប់ សិប្បកម្ម វប្បធម៌... របស់ជនជាតិ Mang ត្រូវបានស្ដារឡើងវិញ អភិរក្ស និងផ្សព្វផ្សាយជាបណ្តើរៗ។

រុករក Mang Den - «ទីក្រុង Da Lat ទីពីរ រុករក Mang Den - «ទីក្រុង Da Lat ទីពីរ" នៅតំបន់ខ្ពង់រាបដ៏អស្ចារ្យវៀតណាម
ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Kho Mu នៅខេត្ត Lai Chau (ប្រទេសវៀតណាម) ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Kho Mu នៅខេត្ត Lai Chau (ប្រទេសវៀតណាម)
សម្រស់វប្បធម៌របស់ជនជាតិភាគតិច Mang នៅខេត្ត Lai Chau របស់ប្រទេសវៀតណាម
សម្រស់វប្បធម៌របស់ជនជាតិភាគតិច Mang នៅខេត្ត Lai Chau របស់ប្រទេសវៀតណាម

ជនជាតិ Mang នាបច្ចុប្បន្នមានចំនួនប្រជាជនជាង ៤៦០០ នាក់ ដែលរស់នៅរាយប៉ាយ នៅតាមបណ្ដោយទន្លេ Da និងទន្លេ Nam Na ក្នុងស្រុក Nam Nhun និង Muong Te ខេត្ត Lai Chau ។ ដោយសារការប្រកបរបរកសិកម្មជាចំបង នៅពេលដែលរដូវនីមួយៗបានបញ្ចប់ដោយជោគជ័យ ឬពេលបញ្ចប់រយៈមួយឆ្នាំធ្វើពលកម្មដ៏លំបាក ប្រជាជនតែងតែរៀបចំពិធីបុណ្យអំណរស្រូវថ្មី ដើម្បីសម្ដែងនូវការដឹងគុណឧទ្ទិសដល់បុព្វការីជន ព្រះអាទិទេព ហើយរួមគ្នាទទួលស្វាគមឆ្នាំថ្មីប្រកបដោយសុខសន្តិភាព។

ពិធីអំណរស្រូវថ្មីត្រូវបានប្រារព្ធធ្វើនៅចុងខែទី ៩ (តាមច័ន្ទគតិ) ជារៀងរាល់ឆ្នាំ ហើយជាពិធីដែលមិនអាចខ្វះក្នុងជីវភាពវប្បធម៌ និងវិញ្ញាណរបស់ជនជាតិ Mang បានឡើយ។ លោក Pan Van Dao នៅភូមិ Nam Se ឃុំ Vang San ស្រុក Muong Te បានឲ្យដឹងថា៖

“ទស្សនៈទានរបស់ជនជាតិ Mang ពេលរៀបចំពិធីអំណរស្រូវថ្មីតាំងពីមុនមក គឺអញ្ជើញជនព្រឹទ្ធាចារ្យ អ្នកចាស់ទុំមកណែនាំកូនចៅ អំពីរបៀបធ្វើស្រែចម្ការ ដើម្បីប្រមូលបានផលស្រូវល្អ។ ផ្ដែផ្ដាំកូនចៅឲ្យឧស្សាហ៍ព្យាយាមធ្វើស្រែចម្ការដើម្បីកុំឲ្យឃ្លាន ឬខ្វះខាត។ រហូតមកដល់ពេលនេះ រដ្ឋបានជួយគ្រួសារនានារស់នៅជិតៗគ្នាតាមលក្ខណៈភូមិឃុំ និងរស់នៅប្រកបដោយសុភមង្គល សាមគ្គីភាព; ប្រជុំជីវភាពជាមួយគ្នា”។

លក្ខណៈវប្បធម៌ដែលមិនអាចខ្វះបានមួយទៀតក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ Mang គឺបទចម្រៀងនិងក្បាច់របាំប្រជាប្រិយ។ នៅកណ្ដាលព្រៃភ្នំធំល្វឹងល្វើយ សូរសំឡេងស្គរអមរបាំ Tà Nơm ធ្វើឱ្យអ្នកស្ដាប់ណាមួយ ក៏ហាក់ដូចជាត្រឡប់ទៅសម័យពនេចររបស់ជនជាតិ Mang វិញ។ អ្នកស្រី Vang Thi Thom នៅភូមិ Nam Sao ១ ឃុំ Trung Chai ស្រុក Nam Nhun បានឲ្យដឹងថា៖

“ការសំដែងរបាំរបស់ជនជាតិ Mang គឺសម្បូរបែប ដែលបង្ហាញយ៉ាងច្បាស់នូវអត្តសញ្ញាណជនជាតិរបស់ខ្លួន។ ដូចរបាំបូកស្រូវដែលបង្ហាញរូបភាពអ្នកទៅធ្វើការ និងច្រូកកាត់ស្រូវនៅស្រែ។ ខ្ញុំបានសំដែងរបាំនោះដើម្បីបង្កើតឡើងវិញនូវជីវភាពរបស់ប្រជាជននៅពេលធ្វើស្រែចម្ការដើម្បីមានគ្រាប់អង្ករយកទៅផ្ទះ”។

ភាពខុសប្លែកគ្នាក្នុងជីវភាពវប្បធម៌របស់ជនជាតិ Mang នឹងជនជាតិដទៃគឺសម្លៀកបំពាក់របស់ពួកគេផងដែរ។ ចំណុចពិសេសនៃសម្លៀកបំពាក់របស់ស្ត្រីជនជាតិ Mang គឺផ្ទាំងក្រណាត់ពណ៌សពាក់ជុំវិញខ្លួនដោយប៉ាក់ក្បូរក្បាច់រចនាពីអំបោះក្រហម។ លោកស្រី Lo Thi Chuong នៅភូមិ Nam Sao ១ ឃុំ Trung Chai ស្រុក Nam Nhun បានចែករំលែកថា៖ សម្រាប់ក្រមុំជនជាតិ Mang សំលៀកបំពាក់មិនត្រឹមតែជាលក្ខណៈពិសេសដើម្បីស្គាល់ជនជាតិនោះប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត តាមរយៈការប៉ាក់ក្បូរក្បាច់រចនា គេអាចដឹងថាតើក្រមុំនោះមានភាពប៉ិនប្រសបយ៉ាងដូចម្ដ៉េចទៀតផង។

“ស្ត្រីជនជាតិ Mang ត្រូវមានអាវ សំពត់ ក្រមា កន្សែងរុំកាយ ហើយត្រូវតែមានកន្សែងរុំជើងទៀត។ អាវរបស់ជនជាតិ Mang ក៏ត្រូវមានកាក់ប្រាក់សម្រាប់តុបតែងលម្អផងដែរ។ កាក់ក៏ត្រូវមានពី ២ ទៅ ៣ ប្រភេទដែរ។ អាវក៏ត្រូវកាត់ដេរដោយខ្លួនឯងទើបតុបតែងដោយក្បូរក្បាច់នៅខាងក្រោយ។ បើនិយាយពីសំលៀកបំពាក់ប្រពៃណី ប្រសិនបើគ្មានកន្សែងទេ គឺមិនមែនជាជនជាតិ Mang ទេ”។

សម្រស់វប្បធម៌របស់ជនជាតិភាគតិច Mang នៅខេត្ត Lai Chau របស់ប្រទេសវៀតណាម
សម្រស់វប្បធម៌របស់ជនជាតិភាគតិច Mang នៅខេត្ត Lai Chau របស់ប្រទេសវៀតណាម

យោងតាមលោក Tran Manh Hung នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា កាលពីមុន ជីវភាពរស់នៅរបស់ជនជាតិ Mang បានជួបប្រទះនឹងការលំបាកជាច្រើន ធ្វើឲ្យលក្ខណៈវប្បធម៌ជាច្រើនសាបសូន្យទៅ។ មកទល់នឹងពេលនេះ ខេត្តមានគោលនយោបាយជាច្រើនដើម្បី ជួយជីវភាពរស់នៅរបស់ជនជាតិ Mang ឱ្យកាន់តែប្រសើរឡើង; អត្តសញ្ញាណវប្បធម៌ និងទេសចរណ៍ត្រូវបានអភិរក្ស និងអភិវឌ្ឍន៍។ បច្ចុប្បន្ននេះ ជនជាតិ Mang បានស្ដារឡើងវិញនូវពិធីបុណ្យប្រចាំឆ្នាំជាច្រើន ក៏ដូចរបរជាសិប្បកម្មប្រពៃណីផងដែរ។ លោក Tran Manh Hung បានឲ្យដឹងថា៖

“បច្ចុប្បន្ននេះ ពិធីបុណ្យរបស់ជនជាតិនានា រួមទាំងជនជាតិ Mang ត្រូវបានបញ្ចូលក្នុងបញ្ជីដើម្បីរៀបចំជាប្រចាំឆ្នាំនិងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារ និងថែរក្សា។ ជនជាតិ Mang នៅតែថែរក្សា និងរៀបចំពិធីបុណ្យថ្ងៃដ៏ពិសេសមួយចំនួនដូចជា៖ ពិធីអំណរស្រូវថ្មី ពិធីអំណរផ្ទះថ្មី និងពិធីបុណ្យពេញបូណ៌មីខែមិគសិរ។ ទន្ទឹមនឹងនោះ គឺអភិរក្សរបរសិប្បកម្មប្រពៃណី ដូចជាសិប្បកម្មតម្បាញឫស្សី និងផ្តៅ ជាមួយនឹងសិល្បៈដ៏ល្អប្រណិត ដែលត្រូវបានសហគមន៍ថែរក្សា និងអភិវឌ្ឍន៍”។

ភូមិនិគមជនជាតិ Mang សព្វថ្ងៃនេះជានិច្ចកាលមានភាពសប្បាយរីករាយ។ បងប្អូនជនរួមជាតិសប្បាយរីករាយ ព្រោះភាពក្រីក្រត្រូវបានរុញថយក្រោយ អាស្រ័យដោយមានគោលនយោបាយរបស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ជនជាតិ Mang កំពុងរួមដៃគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ហើយសាមគ្គី រួមកម្លាំងកាយចិត្តគ្នាកសាងភូមិ និងស្រុកកំណើតឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ