កម្ពុជា និងជប៉ុននឹងចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណង ដើម្បីអភិវឌ្ឍន៍នៅកម្ពុជាចំនួនពីរគម្រោង ដែលទំហំទឹកប្រាក់រាប់រយលានដុល្លារ ។ ការចុះកិច្ចព្រមព្រៀងនេះធ្វើខណៈដែលសម្តេចតេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការ និងអញ្ជើញចូលរួមក្នុង សន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
បើតាមបណ្តាញសង្គមរបស់សម្តេចតេជោបានឲ្យដឹងថា នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥នេះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះមួយលើមូលបទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជាក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក ។ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរនឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២រួមមានទី១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់២០០លានយ៉េនជប៉ុន ទី២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សដែលមានទឹកប្រាក់៣៣៩លានយ៉េនជប៉ុន ។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីជួបជាមួយឥស្សរៈជនជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ហើយជាមួយគ្នានោះដែរសម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជាដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ្ស៊ូហូ (Mizuho) ៕
(ប្រភព៖kohsantepheapdaily.com.kh សរុបព័ត៌មានដោយ សមុទ្រ)
មតិពីមិត្តអ្នកអាន