នាព្រឹកថ្ងៃទី៥ ខែមេសា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលទានអាហារពេលព្រឹកជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
![]() |
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា |
ក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងការជូនពរពីលោក Nguyen Phu Trong អគ្គលេខាបក្ស លោក Vo Van Thuong ប្រធានរដ្ឋ និងលោក Vuong Dinh Hue ប្រធានរដ្ឋសភាជូនចំពោះលោក Sonexay Siphandone នាយករដ្ឋមន្ត្រី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីទាំងបីបានវាយតម្លៃខ្ពស់ចំពោះការរក្សាជំនួប និងការផ្លាស់ប្តូរជាន់ខ្ពស់ រួមទាំងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីទាំងបី ដើម្បីរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ហើយសហការអនុវត្តលទ្ធផលដែលសម្រេចបាននៅកិច្ចប្រជុំកំពូលវៀតណាម - ឡាវ - កម្ពុជា រវាងថ្នាក់ដឹកនាំនៃគណបក្សទាំងបីនៅទីក្រុងហាណូយ (ខែកញ្ញា ឆ្នាំ ២០២១) ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងក្របខ័ណ្ឌ “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ឆ្នាំ ២០២២” និង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ ២០២២” ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ជាពិសេសគឺយុវជនជំនាន់ក្រោយនៃប្រទេសនីមួយៗ អំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងវៀតណាម-ឡាវ វៀតណាម-កម្ពុជា។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការដើម្បីតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបី ជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សកម្មភាពសហប្រតិបត្តិការវិនិយោគ និងអាជីវកម្មរបស់សហគ្រាសនៃប្រទេសទាំងបី ជំរុញពាណិជ្ជកម្មតាមព្រំដែន ចែករំលែកបទពិសោធន៍ស្តីពីការកសាងច្បាប់ ការគ្រប់គ្រងនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។
នាយករដ្ឋមន្ត្រីទាំងបីចាត់ទុកថា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកបន្តមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននោះ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម ប្រទេសទាំងបីគប្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងវិស័យព័ត៌មានវិទ្យា។
ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រី បានអបអរសាទរជាថ្មីម្តងទៀតចំពោះកម្ពុជាដែលដើរតួនាទីជាប្រធានអាស៊ាន និង AIPA 2022 ប្រកបដោយជោគជ័យ ហើយជឿជាក់ថា កម្ពុជានឹងរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីបានអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់ និងអន្តរជាតិ រួមចំណែកក្នុងការរក្សា ពង្រឹងនិងពង្រីកចំណងសាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយឯកភាពបង្កើនការតភ្ជាប់កិច្ចសហប្រតិបត្តិការមហាអនុតំបន់ ជាមួយនឹងដំណើរការកសាងសហគមន៍អាស៊ាន ដើម្បីគោលដៅអភិវឌ្ឍព្រមៗគ្នា និរន្តរភាព បង្រួមគម្លាតនៃការអភិវឌ្ឍ និងជម្រុញការតភ្ជាប់អាស៊ាន៕
មតិពីមិត្តអ្នកអាន