ភ្នំទំព័រ ស្ថិតក្នុងភូមិសាស្ត្រឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចម្ងាយ ១១៩គីឡូម៉ែត្រ ពីទីរួមខេត្ត។ ភ្នំទំព័រ មានកម្ពស់ ១ ៥៥១ម៉ែត្រ និងត្រូវបានចាត់ទុកជាភ្នំខ្ពស់ជាងគេ លំដាប់លេខ៣ នៅកម្ពុជា។ ភ្នំដ៏ខ្ពស់សន្លឹមនេះ បានក្លាយជាទីឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ នារយៈពេលចុងក្រោយនេះ។
![]() |
![]() |
![]() |
លោក សាយ សុជាតិ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ភ្នំទំព័រ មានទេសភាពជ្រលងភ្នំដ៏ស្រស់ត្រកាលហ៊ុមព័ទ្ធដោយកូនភ្នំតូចៗ ផ្ទាំងថ្មធំ,ដើមឈើតូចធំ, វាលស្មៅ និងទឹកធ្លាក់ជាដើម។ ទស្សនីយភាពធម្មជាតិទាំងអស់នេះហើយ ដែលជាចំណុចទាក់ទាញខ្លាំងសម្រាប់ទេសចរដើរឡើងភ្នំ។
បើតាមលោក សាយ សុជាតិ សហគមន៍បានរៀបចំជា២ដំណាក់ មុននឹងឡើងទៅដល់កំពូលភ្នំ។ នៅដំណាក់ទី១ ទេសចរត្រូវជិះគោយន្តចេញពីសហគមន៍ចម្ងាយចាង១.៥គីឡូម៉ែត្រ រួចហើយចាប់ផ្តើមដើរឡើងពីជើងភ្នំ ទៅកាន់ជំរំទី១ ដែលគេឲ្យឈ្មោះថា «ពួរភ្នំ» ដោយឆ្លងកាត់ព្រៃឫស្សី និងដើមឈើតូចធំ។ ជំរំទី១ គឺស្ថិតនៅពាក់កណ្តាលភ្នំ ឬមានរយៈកម្ពស់៦៦០ម៉ែត្រ។ នៅជំរំទី១ ដែលមានអាកាសធាតុត្រជាក់ល្មមនោះ មានផ្ទាំងថ្មធំមួយ ដែលអាចឱ្យភ្ញៀវទេសចរបោះជំរំសម្រាកបាន។ ជាមួយគ្នានេះ ពួកគេ អាចគយគន់ទេសភាពភូមិឋានរបស់អ្នកស្រុកនៅផ្នែកខាងក្រោមភ្នំ ទឹកធ្លាក់ និងសម្រស់ធម្មជាតិនៅតាមជម្រាលភ្នំ និងជាពិសេសទិដ្ឋភាពព្រះអាទិត្យរះ និងទិដ្ឋភាពថ្ងៃអស្តង្គតយ៉ាងស្រស់ស្អាត។ នេះបើតាមលោក សាយ សុជាតិ។
លោក សាយ សុជាតិ ឲ្យដឹងទៀតថា ដំណើរឡើងទៅដំណាក់ទី២ ដែលមានរយៈកម្ពស់ ១,១៨០ម៉ែត្រ អ្នកទេសចរ នៅតែត្រូវដើឆ្លងកាត់ព្រៃឫស្សី និងព្រៃព្រឹក្សាតូចធំ ស្រដៀងនឹងស្ថានភាពផ្លូវពីជើងភ្នំ ទៅដំណាក់ទី១ដែរ។ តាមលោក សាយ សុជាតិ ជំរំទី២នេះ ជាតំបន់ដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយអ្នកដំណើរអាចគយគន់ទេសភាព តាមបណ្តោយជម្រាលភ្នំដ៏ត្រកាល ដូចជាជញ្ជាំងថ្មធំៗ ខ្នងភ្នំជាច្រើនស្រទាប់ ទឹកធ្លាក់ពីលើកំពូលភ្នំយ៉ាងស្រស់ស្អាត។ ជំរំទី២មានអាកាសធាតុត្រជាក់គ្រប់រដូវកាល ដោយសារតែកៀកនឹងកំពូលភ្នំ។ នេះជាការបញ្ជាក់របស់ លោក សាយ សុជាតិ។
បន្តពីដំណាក់ទី២ ជាង៣០០ម៉ែត្រទៀត នោះគេនឹងឡើងទៅដល់កំពូលភ្នំទំព័រ ដែលមានយៈកម្ពស់១,៥៥១ម៉ែត្រ។ ប៉ុន្តែមុនដល់កំពូលភ្នំអ្នកកទេសចរត្រូវធ្វើដំណើរឆ្លងអូរ ដើរកាត់ព្រៃស្រោង និងផ្លូវលំបាកៗមួយចំនួនទៀត រួមទាំងចំណោតដោយកន្លែងផងដែរ៕
thmeythmey25.com
មតិពីមិត្តអ្នកអាន