ដោយឆ្លងកាត់ការផ្ចិតផ្ចត់ដល់កម្រិតកំពូល បុព្វការីខ្មែរ បានធ្វើឲ្យអង្គរវត្ត មើលទៅហាក់ដូចជាវិមានស្ថិតក្នុងទេវលោក។

កម្ពុជា គឺជាដែនដីសុវណ្ណភូមិ ដែលស្រោបទៅដោយប្រាសាទសិលា។ លើធរណី លើគង្គា លើគិរីបព៌ត ក្នុងដែនអាណាចក្កខ្មែរ សុទ្ធតែមានប្រាង្គប្រាសាទ។ ក្នុងចំណោមប្រាសាទជាងមួយពាន់នៅខេមររដ្ឋ អង្គរវត្ត គឺជាប្រាសាទ ដែលលេចធ្លោជាងគេ។ ស្គាល់កម្ពុជា គឺដូចជាបានស្គាល់អង្គរវត្ត ស្គាល់អង្គរវត្ត គឺដូចជាបានស្គាល់កម្ពុជា។
អង្គរវត្ត ដែលជាបេតិកភណ្ឌមានជីវិត មិនត្រឹមតែត្រូវបានគេ វណ្ណនាថា ជាសំណង់ថ្មដ៏រឹងមាំនោះទេ តែក៏ត្រូវគេ ទទួលស្គាល់ដែរថា មានភាពស្រស់ស្អាត ដែលគ្មានប្រាសាទណាមួយនៅលើលោក មានលក្ខណៈដូចឡើយ។ មានទិដ្ឋភាពជាច្រើន ដែលអង្គរវត្ត អាចញ៉ាំងចក្ខុវិញ្ញាណរបស់អ្នក ឲ្យមើលទៅឃើញដូចជាវិមាននាសួគ៌ាល័យ។
ពេលអ្នក ឡើងលើទីខ្ពស់ ឬឡើងលើភ្នំណាមួយ ដូចជា ភ្នំបាក់ខែង ជាដើម ដែលស្ថិតនៅទិសពាយព្យនៃប្រាសាទអង្គរវត្ត ហើយសំឡឹងទៅប្រាសាទអង្គរវត្ត ដែលស្ថិតនៅទិសអាគ្នេយ៍នៃភ្នំបាក់ខែង អ្នក នឹងមើលឃើញកំពូលប្រាសាទអង្គរវត្តពណ៌សព្រាលៗ អណ្តែតយ៉ាងស្រស់ត្រកាល នៅកណ្តាលផ្ទៃសមុទ្របៃតង។
ពេលណាព្រះពិរុណ បង្អុរចុះមកស្រោចស្រពម្តងៗ ប្រាសាទអង្គរវត្ត នឹងមានសម្រស់ល្អប្លែក គួរជាទីគាប់ភ្នែកណាស់។ ពេលខ្លះ ប្រាសាទអច្ឆរិយៈមួយនេះ កាឡារូបជាសុវណ្ណព័ណ៌យ៉ាងឆ្អិនឆ្អៅ ដោយសារត្រូវនឹងព្រះសូរ្យសែង។
នៅមានទិដ្ឋភាពជាច្រើនទៀត ដែលប្រាសាទល្អឯកគ្មានពីរលើលោកមួយនេះ មានសភាពលក្ខណៈដូចជាប្រាសាទក្នុងឋានសួគ៌ ទៅតាមការមើលឃើញផ្សេងៗគ្នារបស់មនុស្សម្នាក់ៗ។
តាមពិតទៅ មិនចាំបាច់ទាល់តែស្ថិតក្នុងទិដ្ឋភាពទាំងបីយ៉ាងនេះទេ ដែលធ្វើឲ្យអ្នក មានអារម្មណ៍ថា អង្គរវត្ត ដូចជាប្រាសាទ ដែលស្ថិតនៅលើឋានសួគ៌។ ទោះអ្នក មើលឃើញក្នុងទិដ្ឋភាពបែបណាក៏ដោយ ក៏អ្នក អាចបង្កើតរូបារម្មណ៍បានដែរថា អង្គរវត្ត ប្រៀបដូចជាប្រាសាទក្នុងឋានសួគ៌ា ដ្បិតសំណង់បុរាណដ៏ចំណាស់នេះ មានសោភណភាពសែនពិសិដ្ឋស្រាប់ទៅហើយ។
អង្គរវត្ត ត្រូវបុព្វបុរសខ្មែរ កសាងឡើង ដើម្បីឧបកិច្ចជាវិមានរបស់ព្រះអទិទេពក្នុងទេវលោក។ ដោយឆ្លងកាត់ការគន់គូរ និងការផ្ចិតផ្ចត់ដល់កម្រិតកំពូល បុព្វការីខ្មែរ បានធ្វើឲ្យអង្គរវត្ត មើលទៅហាក់ដូចជាវិមានស្ថិតក្នុងទេវលោកពិតមែន។
គេ អាចស្រមៃថា សូម្បីតែកន្លងទៅជិតមួយពាន់ឆ្នាំទៅហើយ រួមទាំងបានឆ្លងកាត់ការប៉ះទង្គិចពីគ្រោះធម្មជាតិស្ទើររាប់មិនអស់ និងរងការបំផ្លាញពីខ្មាំងសត្រូវរបស់កម្ពុជាក្នុងអតីតកាលជាច្រើនដំណាក់កាលប៉ុណ្ណឹងហើយ អង្គរវត្ត នៅមានភាពស្រស់ស្អាតដល់ថ្នាក់នេះទៀត ចុះទម្រាំតែទើបនឹងកសាងរួចថ្មីៗ តើអង្គរវត្ត នឹងមានភាពស្រស់ស្អាតកម្រិតណា។
ក្រៅពីរូបសម្រស់ អង្គរវត្ត នៅមានអច្ឆរិយភាពជាច្រើន។ ព្រះទិនករ តែងរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តចំនួនពីរដងជារៀងរាល់ឆ្នាំ គឺក្នុងខែមីនា និងក្នុងខែកញ្ញា។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ដែលដឹងពីបាតុភូតនេះ តែងនាំគ្នាទៅរង់ចាំមើល។ កំពូលប្រាសាទអង្គរវត្ត គេ អាចមើលឃើញជាត្រីសូល៌ផង និងអាចមើលឃើញជាបញ្ចសូល៌ផង។
គូទឹក (កសិណ) ព័ទ្ធជុំវិញអង្គរវត្ត គឺអាចរក្សាលំនឹងអង្គរវត្ត ឲ្យស្ថិតស្ថេរបានយូរអង្វែង។ ការធ្វើគូទឹក ក៏ដើម្បីការពារកុំឲ្យខ្មាំងវាយដល់អង្គរវត្តផងដែរ។ គូទឹកនេះ មិនចេះរីងហួតនោះទេ ទោះស្ថិតក្នុងរដូវប្រាំង ឬជួបគ្រោះរាំងស្ងួតរយៈពេលយូរប៉ុនណាក៏ដោយ។
ទាំងនេះ គ្រាន់តែជាទឡ្ហីករណ៍តិចមួយប៉ុណ្ណោះ។ អង្គរវត្ត នៅមានអច្ឆរិយភាពជាច្រើនទៀត ដែលមិនអាចអភិប្រាយអស់ក្នុងអត្ថបទខ្លីមួយនេះ។
ប្រជាពលរដ្ឋខ្មែរ ប្រហែលជាធ្លាប់បានឮហើយ ដែលភ្ញៀវទេសចរបរទេសខ្លះ លាន់មាត់សរសើរពីអច្ឆរិយភាពនៃអង្គរវត្ត រហូតដល់ពួកគេ សឹងមិនជឿថា អង្គរវត្ត កសាងដោយមនុស្ស។ មិនចង់ជឿ ព្រោះថា ពួកគេ មើលឃើញអង្គរវត្ត មានភាពអស្ចារ្យពន់ពេក ដែលមិនសមនឹងសមត្ថភាពរបស់មនុស្ស អាចកសាងឡើងបាន។
ព្រោះតែអង្គរវត្ត មានភាពស្រស់ស្អាត និងមានភាពអស្ចារ្យបែបនេះហើយ ទើបបានជាទាក់ទាញបរទេសមួយចំនួន ឲ្យចង់បង្កើតប្រាសាទថ្មីរបស់ខ្លួន ដោយយករចនាបថមតាមអង្គរវត្ត។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរ មានការភ្ញាក់ផ្ញើលខ្លាំង ពេលឃើញរូបភាពលើបណ្តាញសង្គម បង្ហាញពីសំណង់ថ្មីមួយ ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលស្ថិតក្នុងដំណើរការសាងសង់ ដោយចម្លងតាមរចនាប័ទ្មអង្គរវត្ត។ ប្រជាពលរដ្ឋខ្មែរទូទៅ បង្ហាញការមិនពេញចិត្ត និងមិនចង់ឲ្យថៃ សង់ប្រាសាទដូចអង្គរវត្តឡើយ។ យ៉ាងណា ថៃ នៅតែបន្តការសាងសង់សំណង់ដូចអង្គរវត្តនេះដដែល។
កាលពីចុងខែឆ្នាំ២០២០ ប្រជាពលរដ្ឋខ្មែរ ធ្លាប់ភ្ញាក់ផ្អើលនឹងថៃម្តងរួចមកហើយ ដោយមានសណ្ឋាគារមួយនៅប្រទេសថៃ បានសង់ឡើងដោយមានកំពូលដូចកំពូលប្រាសាទអង្គរវត្ត និងមានកំពូលជាព្រហ្មមុខបួន ដែលព្រហ្មមុខបួន តំណាងប្រាសាទបាយ័នរបស់ខ្មែរ។ ថ្វីបើសណ្ឋាគារនោះ បានសូមទោសកម្ពុជា ចំពោះការសាងសង់សណ្ឋាគារតាមរចនាប័ទ្មប្រាសាទខ្មែរ តែសណ្ឋាគារនោះ នៅរក្សាទុករចនាប័ទ្មប្រាសាទខ្មែរដដែល។
មិនមែនតែបច្ចុប្បន្នទេ កាលពីអតីតកាល ក៏ធ្លាប់មានប្រវត្តិនិយាយតៗគ្នាដែរថា ថៃ ចង់បានអង្គរវត្ត និងប្រាសាទផ្សេងទៀតរបស់ខ្មែរ។ ស្តេចថៃមួយអង្គ ព្រះនាម មហាមង្កុដ (Maha Mongkut) ឬហៅថាស្តេចរាមាទី៤ ដែលសោយរាជ្យនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ធ្លាប់មានបំណងចង់គាស់ប្រាសាទអង្គរវត្តជាដំៗ ហើយយកទៅផ្គុំនៅប្រទេសថៃ តែមិនបានសម្រេច។ អ្នកខ្លះ ជឿថា ប្រវត្តិនេះ គឺជាការពិត ឯអ្នកខ្លះទៀត យល់ថា ជាពាក្យចចាមអារ៉ាម។
ក្រៅពីថៃ ប្រទេសផ្សេងទៀត ក៏បានសង់សំណង់ ដែលមានរូបដូចប្រសាទអង្គរវត្តដែរ។ កាលពីឆ្នាំ២០១២ សំណង់ថ្មីមួយ ដូចប្រាសាទអង្គរវត្ត ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ បានលេចឡើងនៅប្រទេសឥណ្ឌា។ តែដល់ឆ្នាំ២០១៥ ឥណ្ឌា បានសម្រេចផ្អាកដំណើរការសាងសង់សំណង់នោះវិញ បន្ទាប់ពីកម្ពុជា បង្ហាញបំណងមិនចង់ឲ្យឥណ្ឌា សាងសង់សំណង់ ដែលដូចនឹងប្រាសាទអង្គរវត្ត។
ប្រជាពលរដ្ឋខ្មែរ ចង់ឲ្យពិភពលោកដឹងថា ប្រាសាទអង្គរវត្ត ដែលជាព្រលឹងរបស់ខ្មែរ និងមានសម្រស់ល្អឯក គឺមានតែមួយប៉ុណ្ណោះ ដូច្នេះហើយ ទើបមិនចង់ឲ្យប្រទេសដទៃ សង់សំណង់តាមលំនាំនៃប្រាសាទអង្គរវត្ត។
បណ្តាមេដឹកនាំ តារាសម្តែង អ្នកចម្រៀង និង បុគ្គលល្បីៗជាច្រើនលើពិភពលោក បានចំណាយពេលមកកម្ពុជា ក៏ព្រោះតែចង់ឃើញប្រាង្គប្រាសាទនានា ពិសេសអង្គរវត្ត។ ក្នុងមួយជីវិត ប្រជាពលរដ្ឋខ្មែរ គួរតែទៅទស្សនាអង្គរវត្តឲ្យបានម្តង បើមានលទ្ធភាព។
ថ្ងៃទី១៤ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តធំៗពីរសម្រាប់កម្ពុជា នោះគឺការដាក់ប្រាសាទអង្គរវត្ត ចូលជាបេតិកភណ្ឌពិភពលោក និង កម្ពុជា ចូលជាសមាជិកអង្គការសហប្រជាជាតិ។ ប្រាសាទអង្គរវត្ត ត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ហើយកម្ពុជា ចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥។ មកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ប្រាសាទអង្គរវត្ត ចូលជាបេតិកភណ្ឌពិភពលោក បាន២៩ឆ្នាំហើយ ឯកម្ពុជា ក្លាយជាសមាជិកអង្គការសហប្រជាជាតិ បាន៦៦ឆ្នាំហើយ។
ប្រវត្តិសាស្រ្តកម្ពុជា ចាត់ទុកសម័យអង្គរ គឺជាសម័យរុងរឿងដល់កំពូល ដែលគ្មានសម័យកាលណា រុងរឿងស្មើឡើយ។ ពេលនិយាយដល់សម័យអង្គរ គេ ត្រូវនឹកដល់អធិគុណនៃព្រះសម្មតិទេពពីរអង្គ គឺព្រះបាទសូរ្យវរ័្មនទី២ និង ព្រះបាទជយវរ័្មនទី៧។
ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ថាបនិកប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមកសាងឡើយនៅឆ្នាំ១១០០ជាង ហើយព្រះបាទជយវរ្ម័នទី៧ ជាអ្នកធ្វើឲ្យសម័យអង្គរ រុងរឿងដល់កំពូល។ ក្រៅពីការកសាងប្រទេសឲ្យរុងរឿងដល់កំពូល ព្រះបាទជយវរ្ម័នទី៧ ត្រូវចារទុកក្នុងប្រវត្តិសាស្រ្តផងដែរថា ពូកែធ្វើសង្គ្រាម ដោយធ្វើសង្គ្រាមមិនដែលចាញ់ ហើយបានធ្វើឲ្យកម្ពុជានាសម័យនោះ មានអំណាចដ៏ធំធេង។
ប្រជាពលរដ្ឋខ្មែរ មិនគួរត្រឹមតែបង្ហាញពីក្តីស្រឡាញ់ និង បង្ហាញពីមោទកភាពចំពោះប្រាង្គប្រាសាទប៉ុណ្ណឹងទេ តែត្រូវចូលរួមការពារ និងលើកតម្កើងផងដែរ ហើយជាពិសេស ត្រូវព្យាយាមឈ្វេងយល់ពីប្រាសាទខ្មែរ រួមទាំងប្រវត្តិសាស្រ្តរបស់ខ្លួន។ ខ្មែរ ជាពូជសាសន៍រឹងប៉ឹង ដែលត្រូវបានប្រដូចទៅនឹងថ្ម ដូច្នេះ មិនត្រូវឲ្យបរទេសណា មកជិះជាន់ឬបំពានឡើយ ហើយត្រូវរួមសាមគ្គីគ្នាការពារកេរដំណែលដូនតាឲ្យបានគង់វង្សជានិរន្តរ៍៕
thmeythmey25.com
មតិពីមិត្តអ្នកអាន