នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមរយៈហ្វេសប៊ុកផេក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះថា នៅពេលនេះ ការរឹតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស ។
សម្តេចតេជោ ហ៊ុន សែន។ (រូបថត៖ .rasmeinews.com)
សម្តេចតេជោ ហ៊ុន សែន បន្តថា «ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង ។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ» ។
សម្តេច សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាក៏បានអំពាវនាវ ប្រជាជនថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។
ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕
(បូកសរុបដោយឌីណា)
មតិពីមិត្តអ្នកអាន