Trending now

រាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូល ដែនជម្រកសត្វព្រៃ សៀមប៉ាង ខាងលិច និងដែនជម្រក សត្វព្រៃសៀមប៉ាង ជាតំបន់តែមួយ

14:38 | 29/11/2019 (សរុបដោយវិច្ឆិកា)

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូល ដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ ការពារធម្មជាតិ តែមួយមានឈ្មោះថា «ដែនជម្រកសត្វព្រៃសៀមប៉ាង» ដែលមានផ្ទៃដីទំហំសរុប ១៣៣.៧០៧,៧៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

រាជរដ្ឋាភិបាល​សម្រេច​ដាក់​បញ្ចូល​ដែន​ជម្រកសត្វព្រៃសៀមប៉ាងខាងលិច និង​ដែន​ជម្រក​សត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិ​តែមួយ​។

បើតាមការគូសបញ្ជាក់​របស់​ឯកឧត្តម នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានសម្រេចតាមរយៈអនុក្រឹត្យចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាងទៅជាតំបន់ការពារធម្មជាតិតែមួយមានឈ្មោះថា «ដែនជម្រក​សត្វព្រៃសៀមប៉ាង» ដែលមានផ្ទៃដីទំហំសរុបចំនួន ១៣៣.៧០៧,៧៣ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។

ឯកឧត្តម​បាន​គូសបញ្ជាក់បន្ថែមទៀតថា​ ព្រំប្រទល់ និងផ្ទៃក្រឡាដែនជម្រកសត្វព្រៃសៀមប៉ាង នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃ និងផលប្រយោជន៍ធនធានជីវ ចម្រុះ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ នៅពេលមិនទាន់បញ្ចូលគ្នា ដែនជម្រកសត្វព្រៃសៀមប៉ាងមានផ្ទៃដីទំហំ ៦៦.៩៣២ហិកតា ចំណែកឯដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចមានទំហំផ្ទៃដី ៦៥.៣៨៩ហិកតា។

ទន្ទឹមនឹងនេះ​ ឯកឧត្តមបាន​មាន​ប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ការដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិតែមួយនេះ នឹងបង្កឱ្យមានភាពងាយស្រួលដល់ការគ្រប់គ្រង និងការ​អភិរក្សកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយនូវការិយាល័យធិបតេយ្យ ងាយស្រួលដល់ការធ្វើផែន ការគ្រប់គ្រង និងចំណេញថវិកា។ ដែនជម្រកសត្វទាំងពីរនេះ មានទីតាំងភូមិសាស្រ្ត និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ដែលមានលក្ខណៈដូចគ្នា។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ដែនជម្រកសត្វព្រៃទាំងពីរនេះ ជាអតីតតំបន់សត្វស្លាបយ៉ាងសំខាន់ និងកន្លងទៅក៏បានទទួលការសិក្សា និងស្នើសុំបង្កើត «ព្រៃការពារ»តែមួយសម្រាប់អភិរក្សធនធានសេនេទិចរុក្ខជាតិ និងសត្វព្រៃផងដែរ។ ដែនជម្រកសត្វព្រៃ «សៀមប៉ាង» និង «សៀមប៉ាងខាងលិច» ភាគច្រើនគ្របដណ្តប់ទៅដោយព្រៃល្បោះស្ងួត ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅសាវាណា ដែលបន្តភ្ជាប់គ្នាឆ្លងព្រំប្រទល់នៃតំបន់ទាំងពីរ ដែលជាផ្នែកមួយនៃតំបន់អេកូឡូស៊ីព្រៃត្រូពិចស្ងួតទន្លេមេគង្គក្រោម ដែលជាផ្នែកមួយនៃតំបន់ជីវជម្រុះមានតម្លៃនៅក្នុងតំបន់ឥណ្ឌូ-មីយ៉ាន់ម៉ា មានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្ស។ នៅក្នុងតំបន់នេះសម្បូរទៅដោយសត្វស្លាបកម្រ ដូចជា៖ សត្វត្មោត សត្វត្រដក់ សត្វដំរី ទន្សោង សត្វក្រៀលជាដើម។

តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ ការដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាលលិច ជាតំបន់ការពារធម្មជាតិតែមួយ ទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន (ឃុំ ស្រុក និងខេត្ត) ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាការរៀបចំផែនការជាក់លាក់លើការងារគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃទាំងពីរ ហើយក្រសួងបរិស្ថាន ដែលជាសមត្ថកិច្ចនឹងរៀបចំ និងគ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាង ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពស្របតាមបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន។

ឯកឧត្តមបាន​មាន​ប្រសាសន៍ថា ការរៀបចំគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងនេះ គឺដើម្បីធានាឱ្យមានការថែទាំសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវ ចម្រុះ ក៏ដូចជាផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ឱ្យបានគង់វង្ស។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន មានមន្ត្រីឧទ្យានុរក្សចំនួន ១.២៦០នាក់ កំពុងប្រតិបត្តិការការងារល្បាត និងអនុវត្តន៍វិធានការច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិសរុបចំនួន ៥៦តំបន់ និងរបៀងអភិរក្សជីវចម្រុះចំនួន ៣ គ្របដណ្ដប់លើផ្ទៃដីសរុបប្រមាណជាង ៧,២លានហិកតា។ ​ក្រសួងបរិស្ថានក៏បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ការពារ និងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជា មានបច្ចុប្បន្នដើម្បីបន្សល់ទុកដល់ប្រជាពលរដ្ឋខ្មែររាប់ជំនាន់តទៅមុខទៀត។

សូមបញ្ជាក់ថា រហូតមកដល់​ពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន ដែលមានផ្ទៃដីទំហំរហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេស ប៊ូតាន៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ