ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរបានផ្លាស់ប្តូរសារលិខិតអបអរសាទរ។
![]() |
![]() |
![]() |
ខាងភាគីវៀតណាម លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើសារលិខិតអបអរសាទរជូនចំពោះប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន; លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើសារលិខិតថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា; លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា; លោកប្រធានរដ្ឋសភា Vuong Dinh Hue បានផ្ញើសារលិខិតជូនប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។
ក្នុងសារលិខិតអបអរសាទរនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំវៀតណាមបានសម្តែងនូវសេចក្តីរីករាយដោយបានឃើញថា រួមជាមួយនឹងសមិទ្ធិផលដែលប្រទេសទាំងពីរសម្រេចបាន ទោះបីឆ្លងកាត់ការសាកល្បង និងការឡើងចុះជាច្រើនក្នុងប្រវត្តិសាស្ត្រក៏ដោយ ក៏ប្រជាជនវៀតណាម និងកម្ពុជាតែងតែរួបរួមសាមគ្គីគ្នា ប្រកៀកស្មាគ្នា ផ្តល់ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការតស៊ូរំដោះជាតិ នាពេលកន្លងមក ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសនីមួយៗ នាពេលបច្ចុប្បន្ននេះ ដែលនេះជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ដែលថ្នាក់ដឹកនាំ និងប្រជាជននៃភាគីទាំងពីរត្រូវបន្តថែរក្សា និងពូនជ្រំជានិច្ច។ ទន្ទឹមនឹងនោះ បានបង្ហាញជំនឿជាក់ថា ទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ យូរអង្វែងរវាងវៀតណាម និងកម្ពុជានឹងបន្តពង្រឹង និងអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍របស់សហគមន៍អាស៊ាន ក៏ដូចជាក្នុងតំបន់ និងក្នុងពិភពលោក។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយ ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក ជាពិសេសក្នុងការគ្រប់គ្រងជំងឺរាតត្បាត ការស្តារឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនាពេលថ្មីៗនេ ព្រមទាំងជឿជាក់ថា ប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗ និងធំធេងជាងនេះទៀត ក្នុងការកសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព ឯករាជ្យ ស្វ័យភាព និងរីកចម្រើន វិបុលភាព មានតួនាទីកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ។
ខាងភាគីកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានរដ្ឋ Nguyen Xuan Phuc; សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh; ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានផ្ញើសារលិខិតជូនលោកប្រធានរដ្ឋសភា Vuong Dinh Hue ។
ថ្នាក់ដឹកនាំកម្ពុជាបានអះអាងថា ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ដែលមានប្រវត្តិដ៏យូរលង់ មុនពេលដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតជាផ្លូវការនោះ ត្រូវបានរឹតបន្តឹងឥតឈប់ឈរក្នុងស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ទំនុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ថ្នាក់ដឹកនាំកម្ពុជាសង្កត់ធ្ងន់ថា ប្រជាជននៃប្រទេសទាំងពីរបានរួមគ្នាឆ្លងកាត់ការលំបាកជាច្រើនក្នុងបុព្វហេតុរំដោះជាតិ ឯករាជ្យជាតិ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងជឿរជាក់ថា ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ទាំងទ្វេភាគី និងវេទិកាពហុភាគី ជាពិសេសក្នុងអាស៊ាន។
ថ្នាក់ដឹកនាំកម្ពុជាបានអបអរសាទរយ៉ាងកក់ក្តៅចំពោះបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាមដែលសម្រេចបានសមិទ្ធិផលធំៗជាច្រើនក្នុងការកសាងប្រទេសជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់តួនាទី និងឋានៈអន្តរជាតិឥតឈប់ឈរ ព្រមទាំងជូនពរវៀតណាមបន្តទទួលបានជ័យជំនះបន្ថែមទៀត និងសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥។
ក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានផ្លាស់ប្តូរលិខិតអបអរសាទរ។ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរក៏បានផ្ញើលិខិត និងសារទូរលេខអបអរសាទរគ្នាទៅវិញទៅមកផងដែរ៕
មតិពីមិត្តអ្នកអាន