នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ ២០២១ មានទំហំជាង ៩កោដដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៨០ភាគរយ ប្រៀបធៀបនឹងឆ្នាំ ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី ១ ឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ វៀតណាមបានបន្តឈរលំដាប់ទី ១ ក្នុងចំណោមប្រទេសអាស៊ាន ចំពោះការវិនិយោគដោយផ្ទាល់ក្នុងប្រទេសកម្ពុជា។
![]() |
វៀតណាមឈរលំដាប់ទី ១ ក្នុងចំណោមប្រទេសអាស៊ាន ដែលវិនិយោគដោយផ្ទាល់ក្នុងប្រទេសកម្ពុជា |
ការឲ្យដឹងបែបនេះ គឺក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មីញជីង នាយករដ្ឋមន្ត្រីវៀតណាម។ នាយករដ្ឋមន្ត្រីទាំងពីរ បានលើកឡើងអំពីដំណើរវិវឌ្ឍជាវិជ្ជមាន ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងកាលៈទេសៈនៃផលប៉ះពាល់ ពីជំងឺរាតត្បាតសកលកូវីដ-១៩។
![]() |
![]() |
សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មីញជីង បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ ការថែរក្សា និងការពង្រឹងដោយឥតឈប់ឈរ នូវទំនាក់ទំនងមិត្តជិតខាងល្អជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក្នុងសភាពការណ៍បច្ចុប្បន្ន ពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ឆ្នាំ នៃការតភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជាខួបអនុស្សារីយ៍លើកទី ៤៥ឆ្នាំ នៃដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និងរហូតដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដើម្បីផ្តួលរំលំរបបប៉ុលពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។
ភាគីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួលអនុវត្តកិច្ចព្រមព្រៀង និងផែនការសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខប្រកបដោយប្រសិទ្ធភាព។ សម្របសម្រួលការត្រួតពិនិត្យយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន; បន្តការខិតខំបោះបង្គោលខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកដែលនៅសល់ ១៦% ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ដើម្បីរក្សាសន្ទុះ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមចំណែកលើកកម្ពស់ការងើបឡើងវិញ និងឆ្ពោះទៅរកគោលដៅកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងនៅក្នុងប្រទេសនីមួយៗ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសការដឹកជញ្ជូន ទូរគមនាគមន៍ ហិរញ្ញវត្ថុ និងធនាគារ ជាមូលដ្ឋាន និងបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ថាមពល ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាល និង កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន។
![]() |
បន្ថែមពីនេះនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក៏បានឯកភាពគ្នាលើភាពចាំបាច់ ដែលត្រូវបន្តពង្រឹងនូវជំនឿទុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវជំងឺរាតត្បាតសកលកូវីដ-១៩ តាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីជំរុញការស្តារសេដ្ឋកិច្ចសង្គម បន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន