ជំរឿនសត្វក្រៀលនៅទូទាំងប្រទេស ត្រូវបានអង្កេត និងកត់ត្រានៅចុងខែកុម្ភៈ ឆ្នាំ២០២២។ ជាលទ្ធផលមានសត្វក្រៀលជាង១០០ក្បាលត្រូវបានកត់ត្រា ក្នុងតំបន់ការពារចំនួន៤ ផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។ ចំនួននេះ អ្នកជំនាញមិនទាន់អាចកំណត់ថា កើតឬថយចុះទេ ដោយសារត្រូវចាំបូកសរុបទូទាំងប្រទេស នៅអំឡុងខែឧសភាខាងមុខ។
![]() |
![]() |
![]() |
ជំរឿនសត្វក្រៀលនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ទទួលបានវត្តមានសត្វក្រៀលចំនួន ៤៥ ក្បាល ខណៈការរាប់នៅតំបន់ការពារទេសភាពទំនាបលិចទឹកខាងជើងបឹងទន្លេសាប ខេត្តកំពង់ធំ និងខេត្តសៀមរាប មានចំនួន ១៥ក្បាល។ ជាមួយគ្នានេះ តំបន់ការពារទេសភាពអន្លង់ព្រីងខេត្តកំពត ជំរឿនបាន៩៧ក្បាល និងតំបន់ការការពារទេសភាពបឹងព្រែកល្ពៅ បានចំនួន៤៤ក្បាល។
លោក ឈឹម ម៉េង នាយកដែនតំបន់ការពារទេសភាពអន្លង់ព្រីង បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថាឆ្នាំនេះនៅរដូវមិនបន្តពូជសត្វក្រៀល មករកចំណីនៅតំបន់ការពាររបស់លោកច្រើន។ ក្នុងចំណោមនោះ មានសត្វដល់ទៅ៩៧ក្បាល ដោយ១១ក្បាលជាវ័យជំទង់ កំពុងបង្ហាញខ្លួន និងស្វែងរកចំណីជារៀងរាល់ថ្ងៃ នៅក្នុងតំបន់ការពារទេសភាពអន្លងព្រីង ខេត្តកំពត។
នាយកដែនការពាររូបនេះ បានបន្តថា សត្វក្រៀលឆ្នាំនេះធ្វើដំណើរចេញទៅតំបន់បន្តពូជក្នុងខេត្តព្រះវិហារ យឺតជាងរាល់ឆ្នាំ។ « រាល់ឆ្នាំត្រឹមខែកុម្ភៈវានាំគ្នាហើរទៅវិញជិតអស់ហើយ។ ឆ្នាំនេះដល់ខែមីនា ហើយ ពួកវានៅតែនាំគ្នារកចំណីនៅក្នុងតំបន់ខ្ញុំនៅឡើយ។ តាមខ្ញុំស្មាន មូលហេតុអាចមកពីទីនេះ សម្បូរចំណី ទីតាំងមានសុវត្ថិភាពទើបពួកវា មិនងាយត្រលប់ទៅវិញ។ ប៉ុន្ដែខ្ញុំក៏មិនច្បាស់ដែរ ព្រោះមិនទាន់មានការសិក្សាច្បាស់ទេថា ហេតុអ្វីឆ្នាំនេះ វាត្រឡប់ទៅតំបន់បន្តពូជយឺត»។ នេះជាការបញ្ជាក់របស់ លោក ឈឹម ម៉េង។
ទន្ទឹមគ្នានេះ លោក លឹម វ៉ាត់ នាយកដែនតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ បានលើកឡើងថា ឆ្នាំនេះសត្វក្រៀលដែលបានធ្វើដំណើរស្វែងរកចំណីនៅក្នុងតំបន់មានត្រឹម ៤៤ក្បាលប៉ុណ្ណោះ។ លោកថា នៅឆ្នាំ២០២០ សត្វក្រៀលចំនួន១០០ក្បាល បានមករកចំណីនៅក្នុងតំបន់ការពារបឹងព្រែកល្ពៅ ហើយឆ្នាំនេះមានត្រឹម៤៤ក្បាល បើប្រៀបធៀបទៅខុសគ្នាឆ្ងាយ។
« ក្រៀលនៅក្នុងតំបន់ខ្ញុំខែនេះ ហើរចេញអស់ហើយ។ ឆ្នាំនេះ ខ្ញុំមិនដឹងយ៉ាងម៉េចទេ បើមើលទៅលើហ្វូង ហ្វូងមួយៗចុះមកមានចំនួនសត្វច្រើន ប៉ុន្ដែបែរជាមានសត្វតិចទៅវិញ»។ នេះជាការពន្យល់របស់ លោក លឹម វ៉ាត់។
![]() |
លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ជំរឿនសត្វក្រៀលនៅក្នុងខែកុម្ភៈ នៅតាមតំបន់ការពារ និងតំបន់ផ្សេងនៅទូទាំងប្រទេស បានបញ្ចប់ហើយ។ ការបូកសរុបចំនួនសត្វក្រៀល នឹងធ្វើនៅក្នុងខែឧសភាខាងមុខ។ នេះបើតាមលោក ប៊ូ វរសក្ស ដោយលោកបន្តបញ្ជាក់ដូច្នេះ៖ «ចំនួនសត្វក្រៀលសរុបចំនួនប៉ុន្មាន យើងមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយសារកន្លែងដែលក្រុមការងារធ្វើជំរឿនមានច្រើន។ ណាមួយយើងចាំរាប់សរុបនេះខែប្រាំ(ឧសភា) ទាំងអស់តែម្ដង ទើបអាចដឹងថា មានចំនួនប៉ុន្មានច្បាស់លាស់។ មួយវិញទៀតពេលនោះ យើងនឹងអាចសន្និដ្ឋានបានថា សត្វប្រភេទនេះ នៅកម្ពុជាកើន ឬថយចុះបាន»។
នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា ទាក់ទងកត្តាគំរាមកំហែង ទៅលើសត្វក្រៀលសម្រាប់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅតែមាន ក្នុងនោះមានដូចជា ការទន្ទ្រានយកដីខុសច្បាប់ និងការប្រើប្រាស់សារធាតុគីមីហួសកម្រិតរបស់កសិករ ការប្រែប្រួលអាកាសធាតុ របបទឹក ការបាត់បង់ជម្រក ចំណី នៅតែចោទជាបញ្ហាសម្រាប់ការរស់នៅរបស់សត្វប្រភេទនេះ។
គិតត្រឹម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ តំបន់ការពារទេសភាពអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ កត់ត្រាបានសត្វក្រៀលចំនួន ៤៥ក្បាល។ ចំណែកចំនួនសត្វក្រៀលនៅតំបន់ការពារទេសភាពទំនាបលិចទឹកខាងជើងបឹងទន្លេសាប ខេត្តកំពង់ធំ និងខេត្តសៀមរាប មានចំនួន ១៥ក្បាល។ នេះបើតាមការចេញផ្សាយរបស់ គម្រោងទន្លេសាបយើង។ ក្រុមការងារគម្រោងទន្លេសាបយើងបានបញ្ជាក់ដូចច្នេះ៖ «ជាធម្មតាការវិលត្រឡប់របស់សត្វ ក្រៀលមកកាន់តំបន់ការពារទេសភាពអាងត្រពាំងថ្មមានភាពយឺតជាងតំបន់ផ្សេងទៀតដែលស្ថិតនៅក្បែរតំបន់ឆ្នេរ ដូចជា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង។ ដូចនេះយើង សង្ឃឹមថាវានឹងមានការកើនឡើងពេលធ្វើជំរឿននៅខែបន្ទាប់»។
យោងតាមទិន្នន័យសិក្សាដោយអ្នកជំនាញចំនួនសត្វក្រៀល នៅលើពិភពលោក នាអំឡុងឆ្នាំ២០១៩ និង២០២០ មានចំនួនចន្លោះពី ១៣ ០០០ ទៅ១៥ ០០០ក្បាល ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងប្រទេសកម្ពុជា។ បើតាមរបាយការណ៍ជំរឿនសត្វក្រៀល នៅចុងឆ្នាំ២០២១៩ និង២០២០ របស់ក្រសួងបរិស្ថាន សត្វស្លាបប្រភេទនេះមានចំនួន ១៩៤ ក្បាល ត្រូវបានកត់ត្រាចេញពីទីតាំងប្រមាណ១០ នៅក្នុងប្រទេសកម្ពុជា៕
Thmeythmey/cambodianess
មតិពីមិត្តអ្នកអាន