ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន សម្រេចបន្តលើកទឹកចិត្តផ្នែកពន្ធដារក្នុងរយៈពេល៣ឆ្នាំទៀត ដល់ក្រុមហ៊ុន/ សហគ្រាសដែលបោះផ្សាយលក់ភាគហ៊ុន និងបណ្ណបំណុល នៅក្នុងវិស័យមូលបត្រ។ ការលើកចិត្តផ្នែកពន្ធនេះ គឺដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ។
![]() |
![]() |
![]() |
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន |
ក្រុមហ៊ុនឬសហគ្រាស ដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា(ន.ម.ក) ក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) ឬមូលបត្របំណុល លើកដំបូងជាសាធារណៈ ត្រូវបានរដ្ឋាភិបាលបន្តលើកទឹកចិត្តផ្នែកពន្ធដារក្នុងរយៈពេល៣ឆ្នាំទៀត។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេច ហ៊ុន សែន ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដែលចូលជាធរមាននៅថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២២។
ការលើកទឹកចិត្តពន្ធដាររយៈពេល៣ឆ្នាំលើវិស័យមូលបត្រ នឹងត្រូវគិតចាប់ផ្តើមពីចំណុចទី១៖ ដើមឆ្នាំជាប់ពន្ធដែលមូលបត្រនោះត្រូវបោះផ្សាយលក់ជាសាធារណៈ ក្នុងករណីដែលការបោះផ្សាយលក់នោះធ្វើឡើងក្នុងអំឡុងពេល៦ខែនៃដើមឆ្នាំជាប់ពន្ធនោះ។ ទី២. ដើមឆ្នាំជាប់ពន្ធបន្ទាប់ពីឆ្នាំជាប់ពន្ធដែលមូលបត្រនោះត្រូវបោះផ្សាយលក់ជាសាធារណៈ ក្នុងករណីដែលការបោះផ្សាយនោះធ្វើឡើងក្នុងអំឡុងពេល៦ខែចុងឆ្នាំជាប់ពន្ធ និង ទី៣. គឺអំឡុងពេលេណាមួយដែលទទួលបានអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អនុក្រឹត្យខាងលើបានរៀបរាប់ថា ក្រុមហ៊ុន/សហគ្រាស ដែលបោះផ្សាយលក់ភាគហ៊ុន ក្នុងទំហំលើសពី២០ភាគរយនៃសិទ្ធិបោះឆ្នោត ឬបោះផ្សាយមូលបត្របំណុល ក្នុងទំហំលើសពី២០ភាគរយ នៃទ្រព្យសកម្មសរុប និងមានឥណប្រតិទានយ៉ាងតិច៧ឆ្នាំ នឹងទទួលបានការទឹកចិត្ត ដោយបន្ថយពន្ធលើប្រាក់ចំណូលចំនួន៥០ភាគរយនៃពន្ធលើប្រាក់ចំណូលដែលត្រូវបង់។
ដោយឡែក ក្រុមហ៊ុន/សហគ្រាស ដែលបោះផ្សាយលក់ភាគហ៊ុន ឬមូលបត្របំណុលមានទំហំត្រឹម២០ភាគរយ ឬតិចជាងនេះ នឹងទទួលបានការលើកទឹកចិត្តពន្ធតាមសមាមាត្រចុះដោយយក ២០,០០១ ជាគោល។ ក្នុងនោះ សម្រាប់ ការបោះផ្សាយភាគហ៊ុន ត្រូវទទួលបានការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលតាមសមាមាត្រ មិនឱ្យលើសពី២០ពាន់លានរៀល និងការបោះផ្សាយមូលបត្របំណុល ត្រូវទទួលបានការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលតាមសមាមាត្រ មិនឱ្យលើសពី៨ពាន់លានរៀល។
លោក ហុង សុហួរ ដែលជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា ការលើកទឹកចិត្តផ្នែកពន្ធដារដលវិស័យមូលបត្រនៅកម្ពុជានេះ គឺជាគាំទ្រមួយយ៉ាងធំពីរដ្ឋាភិបាល ដែលធ្វើឱ្យវិស័យមូលកម្ពុជាកាន់តែរីកចម្រើន។ លោកបាននិយាយប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី២៨កុម្ភៈ ថា៖ «រាជរដ្ឋាភិបាលបន្តគាំទ្រលើកទឹកចិត្តពន្ធដារផ្នែកមូលបត្រហ្នឹង គឺដើម្បីឱ្យក្រុមហ៊ុនដែលមានសក្កានុពលឱ្យចុះបញ្ជីក្នុងផ្សារភាគហ៊ុន ដើម្បីគៀងគរទុនយកទៅពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនខ្លួន ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិយើង»។
បើតាមលោកហុង សុហួរ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៥បានចូលផ្សារមូលបត្រ ដែលគៀងគរ ទុនវិនិយោគពីទីផ្សារនេះបានប្រមាណ២៨០លានដុល្លារអាម៉េរិក។ ក្នុងនោះ មាន៩ក្រុមហ៊ុន បានចុះបញ្ជីលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀត បានចុះបញ្ជីលក់មូលបត្របំណុល។
ដោយឡែក ក្នុងឆ្នាំ២០២២នេះ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារូបនេះ រំពឹងនឹងទទួលបានក្រុមហ៊ុនមកចុះបញ្ជីក្នុងផ្សារមូលបត្រចំនួន៦-៧ក្រុមហ៊ុនទៀត ដោយភាគច្រើនគឺជាសហគ្រាសធុនតូច-មធ្យម(SMEs) ។ លោកបន្តមានប្រសាសន៍ដូច្នេះ៖ «អ៊ីចឹង! ក្រុមហ៊ុននឹងមានកាន់តែច្រើននៅក្នុងផ្សារមូលបត្រ ហើយផ្សារហ៊ុនរបស់យើងវានឹងកាន់តែធំ។ សម្រាប់វិនិយោគិន អាចមានជម្រើសច្រើនក្នុងការវិនិយោគបានកាន់តែច្រើន និងមានឱកាសចំណេញបានកាន់តែច្រើនទៅតាមហ្នឹង ផងដែរ»៕
Thmeythmey/cambodianess
មតិពីមិត្តអ្នកអាន