ក្រសួងរ៉ែ និងថាមពល សហការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិហៅកាត់ថា UNDP កំពុងស្វែងរកលទ្ធភាពបង្កើតប្រព័ន្ធបណ្តាញសូឡាខ្នាតតូចនៅតាមភូមិនានាដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។
![]() |
![]() |
![]() |
រដ្ឋាភិបាលគ្រោងបង្កើតប្រព័ន្ធសូឡាខ្នាតតូចផ្គត់ផ្គង់អគ្គិសនី ៣៥០ភូមិ |
មានភូមិចំនួន ៣៥០ ដែលនៅខ្វះអគ្គិសនី ឬ ២,៤៧ភាគរយនៃភូមិសរុបដែលរដ្ឋាភិបាលគ្រោងនឹងបង្កើតឲ្យមានអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស។
យោងតាមរបាយការណ៍ស្តីពីលក្ខណៈពិសេសសំខាន់ៗនៃការអភិវឌ្ឍន៍ថាមពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ខែធ្នូ ឆ្នាំ២០២១ ដែលបានចេញផ្សាយនាពេលថ្មីៗនេះបានបញ្ជាក់ថា នៅចុងឆ្នាំមុន តំបន់ដែលមានអាជ្ញាប័ណ្ណ ចែកចាយទាំងសាធារណៈ និងឯកជនសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍បណ្តាញផ្គត់ផ្គង់អគ្គិសនីគឺមានចំនួន ១៤១៥១ ភូមិ។
ក្នុងនោះ ១៣៧០៥ ភូមិទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ និង ១១១ ភូមិទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈបណ្តាញប្រភពមកពីប្រទេសជិតខាង និង ២ភូមិដោយម៉ាស៊ីនម៉ាស៊ូតតូច។
ក្រសួងបានបញ្ជាក់ថា ភូមិចំនួន ៣៥០ ភូមិដែលមិនមានអគ្គិសនីប្រើប្រាស់ ភាគច្រើនស្ថិតនៅលើកោះ តំបន់លិចទឹកក្នុងរដូវវស្សា តំបន់គ្មានផ្លូវចូល ផ្ទះបណ្តែតទឹក និងតំបន់ដាច់ស្រយាលដែលមានប្រជាជននៅរាយប៉ាយ។
ក្រសួងបាននិយាយថា ក្រសួងកំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ និងអគ្គិសនីកម្ពុជា (EDC) ដើម្បីស្វែងរកមធ្យោបាយបំភ្លឺភូមិដែលនៅសេសសល់។ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា បាននិងកំពុងស្វែងរកលទ្ធភាពផ្គត់ផ្គង់អគ្គិសនីដល់ភូមិដែលនៅសេសសល់ តាមរយៈប្រព័ន្ធសូឡាខ្នាតតូចនិងតាមរយៈគម្រោងចែកចាយប្រព័ន្ធ Solar Home ។
កាលពីឆ្នាំមុន ក្រសួងបានទទួលថវិកាពី UNDP Cambodia សម្រាប់ប្រព័ន្ធសូឡាខ្នាតតូច ដើម្បីផ្គត់ផ្គង់ដល់ភូមិចំនួនបី គឺភូមិស្ទឹងជ្រៅ ភូមិព្រែកស្ពាន និងភូមិតាដោក ខេត្តកំពង់ចាម។
អគ្គិសនីកម្ពុជាក៏គ្រោងនឹងចែកចាយប្រព័ន្ធ Solar Home ចំនួន ១0000 សម្រាប់ប្រើប្រាស់នៅតាមភូមិដែលនៅសេសសល់ផងដែរ។
រដ្ឋាភិបាលបានកំណត់ថានឹងផ្តល់អគ្គិសនីដល់ភូមិទាំងអស់ក្នុងប្រទេសនៅឆ្នាំ២០២០ ប៉ុន្តែមិនបានសម្រេចតាមគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងកំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីដំឡើងគម្រោងថាមពលបៃតងសម្រាប់ផ្ទះដាច់ស្រយាល ដូចជាថាមពលពន្លឺព្រះអាទិត្យជាដើម៕
Khmertimes
មតិពីមិត្តអ្នកអាន