ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់លើគោលដៅសំខាន់ចំនួនប្រាំមួយនៃកិច្ចប្រជុំកំពូលតាមប្រព័ន្ធនិម្មិត។
![]() |
នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងពីគោលដៅសំខាន់ៗចំនួន៦ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ |
លោកមានប្រសាសន៍ថា គោលដៅទាំងប្រាំមួយរួមមាន ៖
១. ការធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួម។
២. លើកស្ទួយភាពជាដៃគូអន្តរតំបន់ដើម្បីអភិបាលកិច្ចសកល។
៣. ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីផ្អែកលើវិធានច្បាប់។
៤. ការទាញយកប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម៤.០។
៥. ការពង្រឹងភាពលេចល្លោ និងភាពពាក់ព័ន្ធរបស់ ASEM និង
៦. ដោះស្រាយបញ្ហាពហុវិស័យ ដូចជាការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ក៏ដូចជាបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំកំពូល ASEM ថ្ងៃនេះ គឺជាឱកាសទាន់ពេលវេលាសម្រាប់មេដឹកនាំនៃដៃគូ ASEM ដើម្បីបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងកង្វល់រួមរបស់ពិភពលោក។
លោក ហ៊ុន សែន បានបន្ថែមថា ASEM13 បានកំណត់គោលដៅរបស់ខ្លួនដោយផ្អែកលើគោលការណ៍នៃកំណើនរួម ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពហុភាគីនិយមផ្អែកលើវិធានច្បាប់។
ក្នុងនាមជាវេទិកាពហុភាគីដ៏សំខាន់មួយតភ្ជាប់អាស៊ី និងអឺរ៉ុប លោកបានបន្តទៀតថា ASEM គឺជាកម្លាំងសាកលដ៏សំខាន់ និងរឹងមាំ។ ក្នុងស្មារតីនេះ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ ASEM សម្រាប់ពហុភាគីនិយមដ៏រឹងមាំ និងមានប្រសិទ្ធភាព និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់គួរតែដើរតួជាត្រីវិស័យរបស់ខ្លួន។
“ខណៈពេលដែល ASEM កំពុងឆ្ពោះទៅរកទសវត្សរ៍បន្ទាប់នៃអត្ថិភាពរបស់ខ្លួន យើងទាំងអស់គ្នាមានទំនួលខុសត្រូវរួមដើម្បីធានាថា ASEM នៅតែបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាជនរបស់ខ្លួន និងអាចរួមចំណែកកាន់តែទូលាយថែមទៀតដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍របស់ពិភពលោក”
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ត្រូវបានបើកជាផ្លូវការនៅរសៀលថ្ងៃនេះ (ម៉ោងនៅកម្ពុជា) ដោយមានសុន្ទរកថាបើកដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធាន ASEM13; លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបជាអ្នកសម្របសម្រួលតំបន់សម្រាប់ក្រុមអឺរ៉ុប; លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ជាអ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ក្រុមអឺរ៉ុប; លោក Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ជាអ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ NESA Group; លោក Janez Jansa នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវេនី ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងជាអ្នកសម្របសម្រួលតំបន់សម្រាប់ក្រុមអឺរ៉ុប និងឧត្តមសេនីយ Prayut Chan-o-cha នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ជាអ្នកសម្របសម្រួលតំបន់សម្រាប់ក្រុមអាស៊ាន៕
Khmer Times /AKP
មតិពីមិត្តអ្នកអាន