Trending now

ប្រវត្តិទិវាពលកម្មអន្តរជាតិ

17:44 | 01/05/2020 (សរុបដោយសាមេត)

ទិវាពលកម្មអន្ដរជាតិថ្ងៃទី ១ ខែឧសភា ត្រូវបានប្រទេសជាច្រើននៅទូទាំងពិភពលោកទទួលស្គាល់ជាទិវាថ្ងៃឈប់សម្រាកមួយ ដោយមានគោលបំណងដើម្បី រំឬក និងឧទ្ទិសដឹងគុណ ដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករកម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ គិតមកដល់ឆ្នាំ ២០២០ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា។

ក្បួនដង្ហែទិវាពលកម្មអន្តរជាតិ

ទិវាពលកម្មអន្តរជាតិ ( International Labor Day) ហើយនៅប្រទេសខ្លះហៅថា ទិវាកម្មករអន្តរជាតិ (International Workers’ Day )។ ចំណែកប្រទេសខ្លះ ជាពិសេស នៅអឺរ៉ុបហៅថា ទិវានៃខែឧសភា (May Day) ត្រូវបានពង្រីកដោយសង្គមនិយមកុម្មុយនិស្តនិយម និងវណ្ណៈកម្មករ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នៅទីលាន Haymarket Affair កាលពីឆ្នាំ១៨៨៦។ គេចាប់ផ្តើមបប្រារព្ធពិធីនេះដំបូង នៅឆ្នាំ១៨៨៧ ប៉ុន្តែកាលណោះធ្វើនៅខែកញ្ញា លុះដល់ឆ្នាំ១៩០៤ ទើបទិវានេះ ត្រូវបានធ្វើនៅថ្ងៃទី០១ ខែឧសភា រហូតមក។

ជុំវិញនៃការបង្កើតឲ្យមាន «ទិវាពលកម្មអន្តរជាតិ» នេះ មានជាប់ទាក់ទងនឹងចលនាបដិវត្តន៍របស់កម្មករ និយោជិត នៅក្នុងអាមេរិក ដែលត្រូវបានបំពាន ដោយនយោជករបស់ខ្លួននៅក្នុងអំឡុងសតវត្សន៍ទី១៩ ។

ការរីកលូតលាស់ នៃវិស័យឧស្សាហកម្មរបស់អាមេរិកនៅសតវត្សន៍ទី១៩ បានធ្វើឲ្យចំនួនរោងចក្រ និង កម្មករនយោជិត ក៏មានការកើនឡើងផងដែរ។ ស្របពេលជាមួយគ្នានោះ ការបំពាន និងលក្ខខណ្ឌការងារ មិនបានឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនយោជិតទេ។ ក្នុងនោះកម្មករនយោជិត ត្រូវធ្វើការចាប់ពី១០ ទៅ១៦ម៉ោងក្នុងមួយថ្ងៃ តែបានប្រាក់ឈ្នួល ដែលពួកគេទទួលបានមកវិញ គឺត្រឹមកម្រិតទាបបំផុត។ ហើយអ្វីដែលធ្ងន់ធ្ងរនោះគឺកម្មករ ត្រូវបានស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ដោយសារតែការធ្វើការ លើសកំណត់ បញ្ហាបរិស្ថាន និងលក្ខខណ្ឌការងាររបស់ពួកគេ មិនមានបទដ្ឋានត្រឹមត្រូវ ដើម្បីធានាឲ្យបាននូវសុខមាលភាព និងសុវត្ថិភាពនោះទេ។

បដាអក្សរ " ចាប់ពីថ្ងៃនេះទៅ គ្មានមេជាងរូបណាធ្វើការលើស៨ម៉ោងក្នុងមួយថ្ងៃទេ! ត្រូវតែអនុវត្តការធ្វើការ៨ម៉ោង សម្រាក៨ម៉ោង កម្សាន្តសប្បាយ៨ម៉ោង!"។

ថ្ងៃសៅរ៍ទី០១ ខែឧសភា ឆ្នាំ១៨៨៦ ក្រុមកម្មករប្រមាណ៣០ម៉ឺន ទៅ៥០ម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្មទូទាំងប្រទេសអាមេរិក ដើម្បីទាមទារឱ្យកំណត់ម៉ោងធ្វើការ ប្រាំបីម៉ោងក្នុងមួយថ្ងៃ។ ចូលដល់ថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ១៨៨៦ មានកម្មករប្រមាណជាប្រាំមួយនាក់ ត្រូវបាននគរបាលបាញ់សម្លាប់។

ស្អែកឡើង គឺនៅថ្ងៃអង្គារ ទី០៤ ខែ និងឆ្នាំដដែលនោះ នាទីលាន Haymarket Affair នៃទីក្រុងស៊ីកាហ្គោ ក្រុមកម្មករ និងសង្គមស៊ីវិល បានជួបជុំគ្នាជាផែន ជាក្រុម ធ្វើបាតុកម្ម ដើម្បីទាមទារឱ្យមានម៉ោងធ្វើការ០៨ម៉ោងក្នុង០១ថ្ងៃ និងទាមទាររកយុត្តិធម៌ឱ្យកម្មករ ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី០៣ ឧសភា។

ខណៈប៉ូលិសកំពុងព្យាយាមបំបែកការជួបជុំនោះ ជនអនាមិកបានគប់គ្រាប់បែកមួយគ្រាប់សំដៅទៅពួកប៉ូលិស និងបាញ់រះទៅលើហ្វូងមនុស្ស បណ្តាលឱ្យប៉ូលិស០៧នាក់ស្លាប់។ ប៉ូលិសក៏បានបើកការបង្ក្រាបដោយហិង្សាជាការសងសឹកលើក្រុមបាតុករ បណ្តាលឱ្យស្លាប់ជនស៊ីវិល ០៤នាក់ និងរងរបួសមួយចំនួន។

នៅចុងសតវត្សរ៍ទី១៩ ជាយុគរីកសាយនៃសហជីព និងចលនាពលកម្ម។ អំឡុងសម័យកាលនោះ មានថ្ងៃជាច្រើនត្រូវបានក្រុមសហជីព ជ្រើសរើស សម្រាប់ប្រារព្ធទិវាពលកម្ម (Labor Day)។

នៅឆ្នាំ១៨៨៧ រដ្ឋ Oregon នៃសហរដ្ឋអាមេរិក បានសម្រេចដាក់ទិវាពលកម្មថា ជាថ្ងៃសម្រាកសាធារណៈ។ គិតត្រឹមឆ្នាំ១៨៩៤ ទិវាពលកម្ម ក៏បានក្លាយជាថ្ងៃសម្រាកសាធារណៈរបស់រដ្ឋចំនួន៣០ ប៉ុន្តែវាត្រូវបានគេកំណត់យកនៅខែកញ្ញា ពោលគឺពុំមែនធ្វើនៅខែឧសភា ដូចបច្ចុប្បន្ននេះឡើយ។

ឆ្នាំ១៨៨៩ សមាជមួយត្រូវបានធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សមាជនេះ បានសម្រេចយកថ្ងៃនៃខែឧសភា (May Day) ថាជាថ្ងៃសម្រាកប្រចាំឆ្នាំ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៨៨៦ នាទីលាន Haymarket Affair នាទីក្រុងស៊ីកាហ្គោ ដោយចាប់ផ្តើមអនុវត្តពីត្រឹមឆ្នាំ១៨៩១។

ស្របគ្នានេះបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប បានកំណត់យកដើមខែឧសភា ជាថ្ងៃសម្រាកប្រពៃណីរបស់ពួកគេ ដែលមានឈ្មោះថា ទិវានៃខែឧសភា ឬ May Day។ ដោយហេតុនេះ អង្គការអន្តរជាតិខាងការងារ ILO ក៏បានកំណត់យកថ្ងៃទី១ ខែឧសភា ថាជាទិវាពលកម្មអន្តរជាតិ ហើយប្រារព្ធធ្វើរៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្ដល់អំណោយឧបត្ថម្ភដល់កម្មករ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ
រួមបក្សីសាមគ្គីគ្នាធ្វើសកម្មភាព ដើម្បីវិស័យនេសាទប្រកបដោយចីរភាព
តំបន់វិថីបុរាណហាណូយក្នុងឱកាសបុណ្យ ៣០ មេសា៖ រស់រវើកក្នុងលំហវប្បធម៌
ទីក្រុងហូជីមិញ រំលេចដោយពណ៌នៃទង់ជ័យ និងបុប្ផា ដើម្បីអបអរសាទរបុណ្យ ៣០ មេសា
ខេត្ត Cao Bang មានសកម្មភាពយ៉ាងកុះករក្នុងឱកាសអបអរសាទរបុណ្យ ៣០ មេសា - ១ ឧសភា