Trending now

អាស៊ាន ៥៤ ឆ្នាំ៖ «ភ្លើងសាកល្បងមាស»

10:25 | 09/08/2021 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសខួបលើកទី ៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានសរសេរអត្ថបទមួយដែលមានចំណងជើងថា អាស៊ាន ៥៤ ឆ្នាំ៖ «ភ្លើងសាកល្បងមាស»។ កាសែតកងទ័ពប្រជាជនសូមជូនអត្ថបទនេះ។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ចូលរួមពិធីបង្ហូតទង់អាស៊ានកាលពីឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte)
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ចូលរួមពិធីបង្ហូតទង់អាស៊ានកាលពីឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte)

ថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧ គឺជាថ្ងៃបង្កើតអាស៊ាន-ជាអង្គការសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់និងសម្រេចជោគជ័យនៅលើពិភពលោកដោយចាប់ផ្តើមដំណើរការតភ្ជាប់យ៉ាងទូលំទូលាយ និងថែរក្សាសន្តិភាពស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍​និងតំបន់។

ពីក្រុមប្រទេសមួយនៅអាស៊ីអាគ្នេយ៍ដែលបែកខ្ញែកដោយសង្គ្រាម ហើយឆ្លងកាត់ការលំបាកយ៉ាងសន្ធឹកសន្ធាប់ អាស៊ាននាបច្ចុប្បន្នគឺជាអង្គការតំបន់មួយដែលរួមមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ កំពុងប្រតិបត្តិការក្នុងក្របខ័ណ្ឌរួម ជាដំបូលផ្ទះតែមួយដោយមានចំនួនប្រជាជនជាង ៦៥០ លាននាក់ មានអត្តសញ្ញាណវប្បធម៌ចម្រុះ និងសហគមន៍សេដ្ឋកិច្ចមួយដោយមានផលិតផលក្នុងស្រុកសរុបធំទី ៥ នៅលើពិភពលោក។ អាស៊ានជាដៃគូគួរឱ្យទុកចិត្តនិងសំខាន់របស់ប្រទេសជាច្រើន ព្រមទាំងដើរតួនាទីជាមជ្ឈភាពក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សំខាន់នៅក្នុងតំបន់។

បញ្ជាក់ពីការប្ដេជ្ញាចិត្ដនិងលើកកម្ពស់តួនាទីតាមរយៈបញ្ហាប្រឈម

ឆ្លងកាត់ការចុះឡើងនៅក្នុងពិភពលោកក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមក តួនាទីរបស់អាស៊ានត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ឆ្លងកាត់ការលំបាកឧបសគ្គទាំងឡាយបានជួយឲ្យអាស៊ានកាន់តែខ្លាំងក្លាថែមទៀត។ ការបង្កើតសហគមន៍អាស៊ានដោយមានសសរស្តម្ភទាំងបីគឺសន្តិសុខ -​ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គមជាសក្ខីភាពដ៏រស់រវើករបស់អាស៊ាន ហើយជំរុញការតភ្ជាប់អាស៊ានឡើងកម្រិតថ្មីមួយទៀតដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។

“មាគ៌ាអាស៊ាន” ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិគឺសាមគ្គីភាព ឯកភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតែងតែបានរក្សា និងជំរុញខ្លាំងឡើងៗ ក៏ដូចជាបង្កើតគុណតម្លៃ និងលក្ខណៈអត្តសញ្ញាណរបស់អាស៊ាន។ សាមគ្គីភាព និងឯកភាពបានផ្សាភ្ជាប់ប្រទេសជាសមាជិកអាស៊ានក្នុងការអនុវត្ដគោលដៅរួមដើម្បីអាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គោរពឯករាជ្យជាតិ អធិបតេយ្យភាព និងការសម្រេចចិត្ដដោយខ្លួនឯងគឺជាបទដ្ឋានរួមសម្រាប់ការប្រព្រឹត្តរបស់ប្រទេសជាសមាជិក ព្រមទាំងផ្សាភ្ជាប់យ៉ាងសុខដុមរមនាជាមួយនឹងការទទួលខុសត្រូវ ការយោគយល់គ្នាក្នុងសហគមន៍ ការចែករំលែកនិងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ ថ្វីត្បិតតែធនធាននៅមានកំរិតក៏ដោយក៏រូបភាពនៃបណ្តាប្រទេសអាស៊ានរួមដៃគ្នាជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីជម្នះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការរីករាល​ដាល​នៃជំងឺ Covid-19 នឹងជានិមិត្តរូបជានិច្ចសម្រាប់ស្មារតីសាមគ្គីភាពនិងឯកភាពអាស៊ាន។

ដោយឆ្លងកាត់បញ្ហាប្រឈមទាំងឡាយនិងការវិវឌ្ឍរបស់ពិភពលោក សាមគ្គីភាព ឯកភាពនិងតួនាទីមជ្ឈភាពរបស់អាស៊ានត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ការពិត “មាគ៌ាអាស៊ាន” សាមគ្គីភាពនិងឯកភាពបានជួយឲ្យអាស៊ាននិងបណ្តាប្រទេសជាសមាជិកយកឈ្នះក្នុងដំណាក់កាលដ៏ច្របូកច្របល់នៃតំបន់និងពិភពលោក។ ឆ្លងកាត់ការលំបាកនិងច្របូកច្របល់កាន់តែច្រើន គឺអាស៊ានកាន់តែមានភាពរឹងមាំ ស្មារតីសាមគ្គីភាព ឯកភាពនិងតួនាទីមជ្ឈភាពកាន់តែបានពង្រឹង។

ភាពជាក់ស្ដែងបានបង្ហាញឲ្យឃើញថា មានតែភាពរឺងមាំនិងលើកកម្ពស់អត្តសញ្ញាណរបស់ខ្លួន អាស៊ានទើបបញ្ជាក់ពីកិត្យានុភាពនិងតួនាទីមជ្ឈភាព ទំនាក់ទំនងជាមួយដៃគូត្រូវបានពង្រីកនិងស៊ីជម្រៅថែមទៀត តាមរយៈនោះឆ្លៀតយកការគាំទ្រពីអន្តរជាតិដើម្បីជំរុញការអភិវឌ្ឍនិងតភ្ជាប់របស់អាស៊ាន។ រហូតមកដល់ពេលនេះអាស៊ានមានទំនាក់ទំនងភាពជាដៃគូសន្ទនាជាមួយប្រទេសនិងអង្គការសំខាន់ៗចំនួន ១១ ( គឺចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហភាពអឺរ៉ុប ... ) ដែលក្នុងនោះ អង់គ្លេសគឺជាប្រទេសទើបក្លាយទៅជាដៃគូសន្ទនានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ។ ទស្សនៈនិងបទប្បញ្ញត្តិជាច្រើនរបស់អាស៊ានដូចជា៖ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (TAC) ... ត្រូវបានស្វាគមន៍និងគាំទ្រដោយដៃគូនិងអង្គការអន្តរជាតិ ដោយហេតុនេះបានជំរុញកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ទំនាក់ទំនងជាមួយអាស៊ាន។

ដោយអនុវត្ដតាមគោលការណ៍និងប្រតិបត្តិការរបស់ខ្លួន អាស៊ានបានដើរតួនាទីយ៉ាងត្រឹមត្រូវនិងពេញលេញក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការកសាងទំនុកចិត្តរវាងបណ្ដាប្រទេសនៅក្នុងនិងក្រៅតំបន់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិនិងការដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អាស៊ានបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។

ការជំរុញធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងការតភ្ជាប់សេដ្ឋកិច្ចគឺជាខ្លឹមសារសំខាន់មួយនៅក្នុងដំណើរការតភ្ជាប់អាស៊ានអស់រយៈពេលជាង ៥ ទសវត្សរ៍មកហើយ។ រហូតមកដល់បច្ចុប្បន្ន ទំហំពាណិជ្ជកម្មក្នុងប្លុកមានប្រហែល ២៥% នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសហគមន៍សេដ្ឋកិច្ចអាស៊ានកំពុងជំរុញឲ្យអាស៊ានទៅជាទីផ្សារផ្លាស់ប្ដូរទំនិញ ផ្ដល់សេវាកម្មនិងវិនិយោគ ដោយមានទឹកប្រាក់ជិត ៣,០០០ លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ននេះ។ លើសពីនេះអាស៊ានក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចបើកចំហដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ៨ រួមមានតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និង FTA ចំនួន ៧ ជាមួយដៃគូសំខាន់ៗ ដែលក្នុងនោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP) បានបង្កើតតំបន់ពាណិជ្ជកម្មសេរីមួយដែលមាន ៣០% នៃចំនួនប្រជាជនពិភពលោក និង៣២% នៃផលិតផលសរុបសកល។

ពិធីផ្តល់ឱ្យចក្រភពអង់គ្លេស នូវឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ាន។ (រូបថត៖ baoquocte)
ពិធីផ្តល់ឱ្យចក្រភពអង់គ្លេស នូវឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ាន។ (រូបថត៖ baoquocte)

វៀតណាមខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសហគមន៍អាស៊ានរួបរួមគ្នា ខ្លាំងក្លានិងអភិវឌ្ឍន៍

ក្នុងដំណើរការផ្លាស់ថ្មី អាស៊ានតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ អាស៊ាននេះឯងជាទ្វារដែលនាំប្រទេសវៀតណាមឲ្យឈានចូល“ ទីផ្សា” ធំៗនៃតំបន់និងពិភពលោក។ ការចូលរួមជាសមាជិកអាស៊ានគឺជាការសម្រេចចិត្តដែលមានលក្ខណៈយុទ្ធសាស្រ្តរបស់បក្សនិងរដ្ឋវៀតណាម រួមចំណែកក្នុងការបង្កើតឱកាសអភិវឌ្ឍថ្មីសម្រាប់ប្រទេសជាតិ ពង្រឹងបរិយាកាសសន្តិភាពនិងស្ថិរភាពនិងទាញយកផលប្រយោជន៍ពីប្រភពធនធានខាងក្រៅដើម្បីអភិវឌ្ឍន៍និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិ។

ប្រកាន់ខ្ជាប់គោលនយោបាយការបរទេសប្រកបដោយឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី គោរពគោលការណ៍ វិធីសាស្រ្តនិងអត្តសញ្ញាណអាស៊ាន វៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តនិងកាតព្វកិច្ចក្នុងនាមជាសមាជិកមួយដែលរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹងសាមគ្គីភាព កសាងសហគមន៍អាស៊ាន និងអនុវត្ដចក្ខុវិស័យដល់ឆ្នាំ ២០២៥។

វៀតណាមទទួលតួនាទីជាប្រធានអាស៊ានចំនួនបីលើកហើយ ខណៈដែលសមាគមជួបឧបសគ្គជាខ្លាំង។ កាលពី ឆ្នាំ ២០០០-២០០១ គឺជាឆ្នាំដែលអាស៊ានស្ថិតក្នុងដំណាក់កាលផ្លាស់ប្ដូរនៃការកសាងសហគមន៍បន្ទាប់ពីតំបន់ជួបវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ ។ ឆ្នាំ ២០១០ គឺអនុវត្ដជាក់ស្ដែងនូវចក្ខុវិស័យរបស់សហគមន៍ក្នុងបរិបទដែលពិភពលោកនិងតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-២០០៩ ។ ឆ្នាំ ២០២០ គឺជាឆ្នាំជំរុញការកសាងសហគមន៍អាស៊ានក្នុងបរិបទនៃការផ្ទុះឡើងជំងឺរាតត្បាត Covid-19 និងស្ថានភាពអន្តរជាតិកំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើន។ ជាមួយភាពម្ចាស់ការ ចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវនិងប្រកាន់ខ្ជាប់គោលការណ៍របស់អាស៊ាននោះ វៀតណាមនិងប្រទេសជាសមាជិកបានខិតខំប្រឹងប្រែងដឹកនាំនាវាអាស៊ានឆ្លងកាត់ខ្យល់ព្យុះ ដោយឆ្លើយតបទៅនឹងបរិបទថ្មី រក្សាកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ក្នុងតំបន់។ ហើយបញ្ជាក់ពីតួនាទីមជ្ឈភាពនិងលើកកម្ពស់កិត្យានុភាពរបស់អាស៊ាន។ គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើននៅឆ្នាំ ២០២០ បានក្លាយទៅជា“ ទ្រព្យសម្បត្តិរួម” របស់អាស៊ានដូចជា មូលនិធិឆ្លើយតបនឹងជំងឺកូវីដ -១៩ របស់អាស៊ាន, ឃ្លាំងស្តុកសម្ភារៈបរិក្ខារពេទ្យបន្ទាន់របស់អាស៊ាន និងក្របខ័ណ្ឌស្តារឡើងវិញរបស់អាស៊ាន។

អនុវត្តតាមគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ ជាមួយនឹងតួនាទីនិងកិត្យានុភាពថ្មីរបស់ប្រទេសបន្ទាប់ពីកំណែទម្រង់ ៣៥ ឆ្នាំមក វៀតណាមបានបន្តចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ានក្នុងការកសាង​សហគមន៍ប្រកបដោយសាមគ្គីភាព ខ្លាំងក្លានិងរក្សាតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់។ នៅក្នុងបរិបទថ្មីចាំបាច់ត្រូវផ្លាស់ថ្មីនិងច្នៃប្រឌិតក្នុងការសហការជាមួយប្រទេសជាសមាជិកអាស៊ានដើម្បីលើកកម្ពស់តួនាទី អត្តសញ្ញាណនិងប្រៀបខ្លាំងរបស់អាស៊ាន​ តាមរយៈនោះផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់សមាជិកអាស៊ានទាំងអស់ក៏ដូចជាដៃគូនៅក្នុងនិងក្រៅតំបន់ដែរ។ ដោយមានផ្នត់គំនិតវិជ្ជមាន គួរឱ្យទុកចិត្តនិងមានទំនួលខុសត្រូវនោះ វៀតណាមនឹងសហការជាមួយប្រទេសជាសមាជិកដើម្បីអនុវត្តគំនិតផ្តួចផ្តើមនិងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពដែលរួមចំណែកជាក់ស្តែងក្នុងការដោះស្រាយបញ្ហារួមរបស់អាស៊ាននិងតំបន់។ ដើម្បីធ្វើដូចនេះ ចាំបាច់ត្រូវពង្រឹងថែមទៀតនូវការសម្របសម្រួលរវាងក្រសួង ស្ថាប័ន មូលដ្ឋាននិងសហគ្រាសក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ជាពិសេសផ្ដោតលើការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពនិងកសាងក្រុមកម្មាភិបាលទទួលបន្ទុកកិច្ចការបរទេសពហុភាគីមានសមត្ថភាព ព្រមទាំងមានយន្តការនិងគោលនយោបាយបង្កើនកម្មាភិបាលវៀតណាមធ្វើការនៅទីភ្នាក់ងារនានារបស់អាស៊ាន ...។

ផ្លូវទៅមុខអាចជួបឧបសគ្គជាច្រើន តែការលើកកម្ពស់អត្តសញ្ញាណ គុណតម្លៃ និងសក្តានុពលអភិវឌ្ឍរបស់ប្រទេសជាសមាជិក អាស៊ាននឹងបន្តទទួលបានជោគជ័យក្នុងការកសាងសហគមន៍អាស៊ានឱ្យមានសាមគ្គីភាព ខ្លាំងក្លានិងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាសមាជិករបស់ខ្លួនដែលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់។ វៀតណាមបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីរួមជាមួយអាស៊ានអនុវត្ដគោលដៅនេះបានជោគជ័យ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រសួងសំណង់៖ ការបញ្ចេញទុនវិនិយោគសាធារណៈសម្រេចបានជាង ៥៤% នៃផែនការប្រចាំឆ្នាំ
ប្រជាជនវៀតណាមជាច្រើនបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមមនុស្សធម៌របស់ Viettel Campuchia
កម្ពុជា​បើក​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​ជា​ផ្លូវការ
ពីមូលដ្ឋានគ្រឹះដ៏រឹងមាំដល់សេចក្តីប្រាថ្នាសម្រាប់កំណើនសេដ្ឋកិច្ចដ៏ទូលំទូលាយ និងប្រកបដោយទំនុកចិត្ត
អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតរបស់វៀតណាមប្រកបដោយភាពឆ្លាតវៃ សុវត្ថិភាព និងនិរន្តរភាព