នារសៀលថ្ងៃទី ១ ខែកក្កដា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Paul Cheremeteff Grove ជំនួយការជាន់ខ្ពស់ នៃគណៈកម្មាធិការថវិកានៃព្រឹទ្ធសភាអាមេរិក និងជាសមាជិកក្រុមទីប្រឹក្សាជាន់ខ្ពស់របស់ លោក Patrick Leahy ប្រធានប្រចាំការនៃព្រឹទ្ធសភាអាមេរិក។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោក Paul Cheremeteff Grove។(រូបងត៖ kh.qdnd.vn) |
នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្នុងគោលនយោបាយការបរទេស របស់ខ្លួន វៀតណាមតែងតែផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានកសាង និងអភិវឌ្ឍន៍ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃសង្គ្រាមគឺជាវិស័យមួយដែលតែងតែត្រូវបានវៀតណាមផ្តល់អាទិភាព និងយកចិត្តទុកដាក់ជំរុញជាមួយសហរដ្ឋអាមេរិក។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា លទ្ធផលដែលភាគីទាំងពីទទួលបានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យស្វែងរកទាហានបាត់ខ្លួន (MIA), ការជំនះផលវិបាកនៃគ្រាប់បែក មីន និងការបន្សាបជាតិគីមីឌីអុកស៊ីត បានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងការទុកចិត្តគ្នារវាងប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះ លោក Patrick Patrick Leahy និងទីប្រឹក្សាទាំងឡាយដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់ការងារជំនះនូវផលវិបាកនៃសង្គ្រាមនៅវៀតណាម និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ជាមួយស្ថាប័ននានានៃក្រសួងការពារប្រទេសវៀតណាមក្នុងការអនុវត្តគម្រោងបន្សាបជាតិពុលឌីអុកស៊ីតនៅអាកាសយានដ្ឋាន Da Nang និងអាកាសយានដ្ឋាន Bien Hoa ដំណាក់កាលទី ១ និងជួយគាំទ្រដល់គម្រោងលើកកម្ពស់គុណភាពនៃការរស់នៅរបស់ជនពិការវៀតណាមនៅតាមខេត្តនានាដែលរងការទម្លាក់ជាតិពុលឌីអុកស៊ីតយ៉ាងធ្ងន់ធ្ងរ។
នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីពន្លឿនការអនុវត្តគម្រោងបន្សាបជាតិពុលឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa ដំណាក់កាលទី ១ ក៏ដូចជាកៀរគរប្រភពធនធានដើម្បីបន្សាបជាតិពុលឌីអុកស៊ីតទាំងអស់នៅតំបន់អាកាសយានដ្ឋាន Bien Hoa។ នៅដំណាក់កាលបន្ទាប់ ភាគីទាំងពីរចាំបាច់ត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងជួយគាំទ្រដល់ការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ជនពិការវៀតណាមនៅតាមបណ្តាខេត្តនានាដែលរងការទម្លាក់ជាតិពុលឌីអុកស៊ីតយ៉ាងខ្លាំង និងខ្លឹមសារចំនួន ៩ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃគ្រាប់បែក មីន ដែលភាគីទាំងពីរបានឯកភាពគ្នា។ ទន្ទឹមនឹងនេះសម្របសម្រួលឱ្យបានល្អក្នុងការផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរអំពីលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរបស់ភាគីទាំងពីរលើវិស័យនេះ។
ចំណែក លោក Paul Cheremeteff Grove បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ ព្រមទាំងបានបញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវជំនួយទាំងឡាយរបស់អាមេរិកក្នុងការជំនះនូវផលវិបាកនៃសង្គ្រាមនៅវៀតណាម ក៏ដូចជាការអនុវត្តខ្លឹមសារនានានៃកិច្ចសហប្រតិបត្តិការការពារជាតិ ដោយស្របទៅនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ និងពិភពលោក៕
មតិពីមិត្តអ្នកអាន