បើយោងតាមសេចក្តីប្រកាសរបស់ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និង សារព័ត៌មានអន្តរជាតិធំៗជាច្រើន ចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយសារតែការផ្ទុះឡើងនៃមេរោគដ៏កាចសាហាវ កូរ៉ូណា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានសម្រេចផ្អាកជើងហោះហើរ និងមួយចំនួនទៀត កាត់បន្ថយចំនួនប្រតិបត្តិការរបស់ខ្លួន រវាងប្រទេសចិន ដែលធ្វើឲ្យ វិស័យអាកាសចរណ៍ទូទាំងសកលលោក អាចនឹងខាតបង់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក។ ទីផ្សារនៃវិស័យដឹកជញ្ជូនទូទាំងសកលលោក ក៏ហាក់បីដូចជា ស្ងប់ស្ងាត់ ជាពិសេសបណ្តាប្រទេសដែលមានទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវទឹក ជាមួយនឹងប្រទេសចិន កំពុងតែប្រឈមនឹងការកកស្ទះទូកុងតឺន័រ នៅកំពង់ផែ ព្រោះមិនសូវមានបុគ្គលិកធ្វើការ ពេលខ្លះមិនមានទំនិញសម្រាប់ដឹក ហើយត្រូវចាកចេញទៅវិញទាំងទូ នៅទទេរ ដោយសារតែគ្មានតម្រូវការប្រើប្រាស់ គ្មានការបញ្ជាទិញ ដូច្នេះក៏គ្មានទំនិញត្រូវដឹកនោះដែរ។
វិស័យអាកាសចរណ៍ពិភពលោកនឹងខាតបង់ ៥ពាន់លានដុល្លារ ដោយសារបញ្ហាវីរុស Covid 19៕ (ប្រភព៖ nationthailand)
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៧០ហើយ បានលុបចោលជើងហោះហើរជាមួយនឹងប្រទេសចិន ខណៈដែល ក្រុមហ៊ុនចំនួន ៥០ទៀត បានកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ ហើយបើតាមការប៉ាន់ប្រមាណ គឺថានឹងបាត់បង់អ្នកដំណើរជាង ២០លាននាក់ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ ពោលគឺបាត់ចំណូលជាង ៥ពាន់លានដុល្លារអាមេរិក។
មុននឹងមានការផ្ទុះឡើងនៃមេរោគនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នោះ សុទ្ធតែមានផែនការ ពង្រឹងសមត្ថភាពជើងហោះហើរជាមួយ ប្រទេសចិន បន្ថែមប្រមាណ ៩% ទៀត នៅក្នុងត្រីមាសទី ១នេះ តែផ្ទុយទៅវិញ បែរជាកាត់បន្ថយសមត្ថភាពដល់ទៅ ៨០% ទៅវិញ។
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បានប៉ាន់ប្រមាណថា ប្រទេសជប៉ុន នឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ នៅក្នុងត្រីមាសនេះ ដោយវិស័យទេសចរណ៍ អាចនឹងខាតបង់ប្រមាណ ១,៣ពាន់លានដុល្លារអាមេរិក ដោយសារតែបាត់បង់អ្នកដំណើរជនជាតិ។ រីឯប្រទេសថៃ ឈរនៅលេខរៀងទី ២ ដែលអាចនឹងបាត់បង់ចំណូលប្រមាណ ១,១ពាន់លានដុល្លារអាមេរិក។
នៅពេលដែលមាន ការផ្ទុះឡើងនៃមេរោគកូរ៉ូណា បណ្តាប្រទេសមួយចំនួនធំ បានសម្រេចផ្អាកជើងហោះហើរជាមួយនឹងប្រទេសចិន ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ មិនអោយចូលមកកាន់ ប្រទេសរបស់ពួកគេ ដូចជា អាមេរិក អង់គ្លេស អាល្លឺម៉ង់ ជប៉ុនជាដើម ដោយក្តីកង្វល់ពី កត្តាប្រឈមធំៗ ដែលអាចកើតមានមកសុខភាពរបស់ប្រជាជនពួកគេ។
សេដ្ឋកិច្ចប្រទេសចិន កំពុងតែជួបការលំបាកហើយ ដោយសារតែ តម្រូវការប្រើប្រាស់ធ្លាក់ចុះ ឧស្សាហកម្មផលិតកាន់តែថមថយ ហើយវិស័យដឹកជញ្ជូនក៏ជួបបញ្ហានូវបញ្ហាដ៏ស្មុគស្មាញ ហើយបញ្ហាកាន់តែធំគឺ ចិន ប្រឈមនឹងការបាត់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាដៃគូ ដោយពួកគេបានសម្រេចផ្អាកជើងហោះហើរ ដែលជាផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
អង្គការសុខភាពពិភពលោក ក៏បានព្រមានដែរថា ការហាមឃាត់ជើងហោះហើរ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយវាក៏មិនមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាលនៃ ជម្ងឺកូរ៉ូណា នេះដែរ គ្រប់ប្រទេសទាំងអស់ គួរតែធ្វើការស្កេនអ្នកដំណើរ ដើម្បីរកមើលអ្នកជម្ងឺឆ្លង គឺវាល្អជាង ការហាមឃាត់ទាំងស្រុង។
វិស័យដឹកជញ្ជូនទូទាំងពិភពលោករង្គោះរង្គើ ដោយសារឥទ្ធិពល វីរុស Covid 19។ (ប្រភព៖ insidermonkey)
ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនជាច្រើន ដែលបានផ្តល់កិច្ចសម្ភាសដល់ សារព័ត៌មានដ៏ល្បីល្បាញ The Wall Street Journal សុទ្ធតែបានលើកឡើងដូចៗគ្នាថា កប៉ាល់ដឹកកុងតឺន័រធំៗជាច្រើន បានចាកចេញពី កំពង់ផែចិន ដោយមានផ្ទុកទំនិញត្រឹមតែ ១០% ប៉ុណ្ណោះ ហើយជើងនាវាដឹកទំនិញជាច្រើន ត្រូវបានលុបចោល ដោយសារតែ ក្រុមហ៊ុនដឹកជញ្ជូនជាច្រើន ផ្អាកដំណើរការ និងត្រៀមខ្លួន រៀបចំប្រព័ន្ធហិរញ្ញវត្ថុឡើងវិញ។
លោក ឡា ជេនសេន ប្រធានក្រុមស្រាវជ្រាវដែនសមុទ្រ ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បានបង្ហាញឲ្យដឹងថា ទំនិញដែលត្រូវដឹកជញ្ជូនរវាងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗលើ សកលលោក គឺកាន់តែតិចជាងមុន ដោយសារតែឥទ្ធិពលអាក្រក់នៃមេរោគកូរ៉ូណា បានធ្វើឲ្យរាំងស្ទះទៅដល់ ដំណើរការរោងចក្រផលិត ហើយក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក ក៏មានការព្រួយបារម្ភលើ បញ្ហាហិរញ្ញវត្ថុ ដែលធ្វើឲ្យពួកគេសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន។លោក បន្តថា ការលុបចោលជើងនាវាដឹកទំនិញនេះ នឹងពន្យារពេល និងកាត់បន្ថយការដឹកទំនិញទៅកាន់ អាមេរិក ដែលមានក្រុមហ៊ុនជាច្រើន កំពុងត្រូវការទំនិញសម្រាប់លក់។
ប្រតិបត្តិករនាវាកុងតឺន័រធំៗចំនួន ៥ មកពី អឺរ៉ុប និងអាស៊ី បានបញ្ជាក់ថា ពួកគេ កំពុងតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីព្រមានជាមុនពីការបាត់បង់ប្រាក់ចំណូល សម្រាប់រយៈពេល កន្លះឆ្នាំ ឬមួយឆ្នាំពេញ។
បើតាមសារព័ត៌មាន Bloomberg ដកស្រង់ការស្រាវជ្រាវរបស់ក្រុមហ៊ុន Sea Intelligence បានបង្ហាញថា គិតត្រឹមសប្តាហ៍ទី ២ ខែកុម្ភៈនេះ ទូកុងតឺន័រជាង ៦សែនទូ ត្រូវបានដកចេញពី តម្រូវការប្រើប្រាស់សម្រាប់ពាណិជ្ជកម្មសកល ក្រោយពេលដែលមានការផ្ទុះឡើងនៃមេរោគកូរ៉ូណា ហើយចំនួននេះ អាចនឹងបន្តកើនឡើងទៀត។
ដោយសារតែ ៩០% នៃការដឹកជញ្ជូនទំនិញទូទាំងសកលលោក គឺប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹក ហើយប្រទេសចិន ក៏រីកលូតលាស់ខ្លាំងនៅក្នុងវិស័យនេះ និងជាអ្នកទិញទំនិញដ៏សំខាន់ដែរនោះ ដូច្នេះការផ្ទុះឡើងនៃវីរុសកូរ៉ូណា ជះឥទ្ធិពលភ្លាមៗដល់វិស័យដឹកជញ្ជូនទូទាំងសកល តែម្តង។
សូម្បីតែក្រុមហ៊ុនបរទេស ដែលធ្វើការនាំទំនិញចូលទៅកាន់ប្រទេសចិន ក៏ជួបប្រទះនូវ បញ្ហាកកស្ទះ ដោយសារតែចំនួនបុគ្គលិកធ្វើការតិច គ្មានអ្នកចាំទទួលទំនិញឡើយ ត្រូវរង់ចាំការត្រួតពិនិត្យពន្ធ និងពិបាករកអ្នកមកទទួលទំនិញចេញពី ផែទៅវិញ។
យ៉ាងណាក៏ដោយចុះ សមាគមចិននៃឧស្សាហកម្មផលិតកប៉ាល់ជាតិ បានគូសបញ្ជាក់ថា កប៉ាល់ដឹកជញ្ជូន ជាង ២០០កប៉ាល់ ដែលកំពុងជួសជុល អាចនឹងដាក់ឲ្យដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ ដើម្បីសម្របសម្រួលដល់ បញ្ហាកកស្ទះ ដែលកំពុងកើតមាននាពេលនេះ៕
(សរុបដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន