Trending now

យថាទស្សន៍នៃការធ្វើទេសចរណ៍អេកូឡូស៊ីនៅភូមិ Kieu នៅតាមផ្លូវ Truong Son ខាងកើត

20:22 | 20/09/2019 (ប្រភព៖ vovworld.vn)

អាស្រ័យដោយស្ថិតនៅជាប់នឹងផ្លូវ Truong Son ខាងកើតជាប្រវត្តិសាស្ត្រ ហើយនៅជើងភ្នំឧទ្យានជាតិ Chu Yang Sing នោះ ហេតុដូច្នេះបានជាភូមិ Kieu ឃុំ Yang Mao ស្រុក Krong Bong ខេត្ត Dak Lak មានលក្ខណៈងាយស្រួលជា ច្រើនដើម្បីអភិវឌ្ឍទេសចរណ៍។ ដោយមានឧត្តមភាពខាងប្រវត្តិសាស្ត្រ ប្រព័ន្ធ អេកូឡូស៊ីនិងខឿនវប្បធម៌ តំបន់នេះកំពុងកសាងភូមិឃុំក្លាយទៅជាភូមិ ទេសចរណ៍អេកូឡូស៊ីដោយផ្សាភ្ជាប់នឹងវប្បធម៌ជនជាតិ M’nong។

ខ្សែផ្លូវ Truong Son ខាងកើតជាប្រវត្តិសាស្ត្រ (រូបថត៖ VOV)

អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ លោក Y Gen Bya នៅភូមិ Kieu ឃុំ Yang Mao ស្រុក Krong Bong តែងតែជាប់មមាញឹកនឹងការចូលរួមដំណើរការ គម្រោងភូមិទេសចរណ៍អេកូឡូស៊ីជន បទដោយផ្សាភ្ជាប់នឹងវប្បធម៌ជនជាតិ M’nong។ លោក Y Gen បានអោយដឹងថា ជារៀងរាល់ថ្ងៃ លោកត្រូវតែថែទាំដើម កាហ្វេលើផ្ទៃដី១ហិកតា និងដើមឈើហូបផ្លែគ្រប់ប្រភេទជាង៤០០ដើមទៀត ដើម្បីអភិវឌ្ឍក្លាយទៅជាកសិដ្ឋានទេសចរណ៍។ រហូតមកដល់ពេលនេះ ចំការដើម ឈើហូបផ្លែរបស់លោករីកលូតលាស់យ៉ាងល្អ។ នាពេលដែលចម្ការនេះមាន ការអភិវឌ្ឍប្រកបដោយស្ថិរភាពនោះ គឺសហគ្រាសនឹងបើកទួរទេសចរណ៍ដើម្បី ទទួលភ្ញៀវមកទស្សនា។ លោក Y Gen Bya បានបន្ថែមទៀតថា៖ “ខ្ញុំដាំប្រភេទដើមឈើហូបផ្លែដ៏សមស្របនឹងប្រភេទដីខ្សាច់នៅតំបន់នេះ អញ្ចឹងហើយទើបមានផ្លែឈើច្រើនណាស់។ ខាងឃុំស្រុក គេបានលើកទឹកចិត្តអោយអភិវឌ្ឍ សេវាកម្មទេសចរណ៍អេកូឡូស៊ីដោយផ្សាភ្ជាប់នឹងវប្បធម៌។ គេនឹងនាំភ្ញៀវមក ទស្សនា អាស្រ័យហេតុនោះបាន បង្កើតឡើងប្រាក់ចំណូលសម្រាប់យើងខ្ញុំ។ អញ្ចឹង ខ្ញុំសប្បាយរីករាយមែនទែន ព្រោះថា ការធ្វើទេសចរណ៍អេកូឡូស៊ីតាមបែបដូច្នេះ នាំមកនូវផលប្រយោជន៍ជាច្រើន”។

ក្នុងគម្រោងអភិវឌ្ឍភូមិទេសចរណ៍អេកូឡូស៊ីជនបទថ្មីនៅភូមិ Kieu ទន្ទឹម នឹងការអភិវឌ្ឍចម្ការដើមឈើហូបផ្លែនោះ គឺតំបន់ក៏បានផ្ដោតទៅលើការ អភិរក្សតម្លៃវប្បធម៌របស់ជនជាតិ M’nong នៅទីនេះទៀតផង។ ចាប់តាំងពី ដំណើរការគម្រោងពីដើមឆ្នាំ២០១៩មក ចលនាត្បាញចរបាប់នៅក្នុងភូមិ Kieu មានការរីកចម្រើនយ៉ាងសកម្ម។ នេះជាសញ្ញាល្អដើម្បីថែរក្សានិងពង្រីករបរត្បាញ ប្រពៃណីរបស់អ្នកភូមិ។ រួមជាមួយគ្នានោះ តំបន់ក៏បានបោះទុនកសាងផ្លូវគមនា កមន៍ សំណង់សាធារណៈ ជួសជុលកែលម្អផ្ទះវែងប្រពៃណី បើកថ្នាក់បង្រៀនការ វាយគងឃ្មោះ ព្រមទាំងរក្សាការរៀបចំពិធីបុណ្យវប្បធម៌នានារបស់ជនជាតិ M’nong នៅតំបន់ Tay Nguyen ផងដែរ។

Y’Drai M’Drang ប្រធានគណៈ កម្មាធិការប្រជាជនឃុំ Yang Mao បានអោយដឹងថា នាបច្ចុប្បន្នមានគ្រួសារចំនួន ៨១ក្នុងចំណោមគ្រួសារសរុបទាំង៩០ដែលបានចូលរួមគម្រោងនេះ។ បណ្ដា គ្រួសារនេះត្រូវបានផ្ដល់ជំនួយ១០០%អំពីកូនឈើនិងជីដើម្បីអភិវឌ្ឍសួនដើម ឈើហូបផ្លែលើផ្ទៃដីប្រមាណ ១២០ហិកតា។ ក្រៅពីនោះ ឃុំក៏បានជួយឧបត្ថម្ភ ដល់ជនរួមជាតិក្នុងការជួសជុលកែលម្អផ្ទះវែងប្រពៃណីចំនួន៣០ខ្នងដើម្បីបម្រើ តម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរ ផងដែរ។ លោក Y’Drai M’Drang បានចែក រំលែកថា៖ “យើងខ្ញុំកំពុងផ្ដោតទៅលើការអភិវឌ្ឍកសិដ្ឋានដើមឈើហូបផ្លែ ព្រមទាំង អភិរក្សនិងពង្រីកវប្បធម៌ជនជាតិ M’Nong នៅភូមិ Kieu និយាយដោយឡែកនិង ឃុំទាំងមូលនិយាយរួមផងដែរ។ យើងខ្ញុំកំពុងសហការជាមួយការិយាល័យវប្ប ធម៌និងព័ត៌មានស្រុក ដើម្បីស្ដារសកម្មភាពវប្បធម៌នានាឡើងវិញដូចជា៖ ការ ត្បាញចរបាប់ ក្រុមវាយគងឃ្មោះ ការរៀបចំពិធីបុណ្យសែនរដូវដាំដុះថ្មី និងការ ច្រៀង Ea Ray ការលេងចាប៉ី Gui ជាដើម។ នេះជាលក្ខណៈវប្បធម៌ដ៏វិសេស វិសាលគួរអោយចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរគ្រប់រូប”។

ភូមិ Kieu ត្រូវបានបង្កើតឡើងចាប់តាំងពីពាក់កណ្ដាលសតវត្សទី២០ ដោយ មានប្រជាជន ១០០%ជាជនជាតិភាគតិច M’nong។ ភូមិនេះមានផ្ទៃដីប្រមាណ ៦៥០០ហិកតា ដែលលាតសន្ធឹងនៅតាមផ្លូវ Truong Son ខាងកើត និងជួរភ្នំ Chu Yang Sing ហើយស្ថិតនៅក្នុងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រមូលដ្ឋានបដិវត្តន៍នៃ ខេត្ត Dak Lak ទៀតផង។

ផ្ទះតាមបែបប្រពៃណីនៅភូមិ Kieu (រូបថត៖ VOV)

តាមលោកស្រី Nguyen Thi Phuong Hieu នាយិការងមន្ទីរវប្បធម៌ កីឡានិង ទេសចរណ៍ខេត្ត Dak Lak បានចាត់ទុកថា ដោយមានឧត្តមភាពទាំងខាងធម្មជាតិ ទាំងខាងមនុស្សនិងប្រវត្តិសាស្ត្រនោះ គឺភូមិ Kieu មានសក្ដានុភាពដើម្បីក្លាយទៅ ជាភូមិទេសចរណ៍អេកូឡូស៊ីជនបទថ្មីដោយផ្សាភ្ជាប់នឹងវប្បធម៌នៅហ្នឹងកន្លែង។ លោកស្រី Nguyen Thi Phuong Hieu បានបន្ថែមទៀតថា៖ “ផ្លូវគមនាគមន៍ ប្រព័ន្ធអេកូឡូស៊ីនិងលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ M’nong នៅភូមិ Kieu សុទ្ធតែជាលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍទេសចរណ៍ តាមគម្រោងនេះ។ ក្នុងដំណាក់កាលពីឆ្នាំ ២០២០ដល់ឆ្នាំ២០២៥ យើងខ្ញុំនឹងផ្ដល់ មតិជូនចំពោះគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីដាក់បញ្ចូលភូមិទេសចរណ៍ អេកូឡូស៊ី Kieu នៅក្នុងគម្រោងអភិវឌ្ឍក្លាយទៅជាគោលដៅទេសចរណ៍ សំខាន់ៗក្នុងតំបន់។ ការងារនេះនឹងបង្កើតប្រភពចំណូលសម្រាប់ជនរួមជាតិដែើជា ជនជាតិភាគតិច ហើយអភិរក្សតម្លៃវប្បធម៌នៅទីនេះផងដែរ”។

ជារៀងរាល់ឆ្នាំ ខេត្ត Dak Lak ទទួលបានភ្ញៀវទេសចរជាង៨១០ពាន់នាក់ កើនជាមធ្យមចំនួន១២%ក្នុងមួយឆ្នាំ។ បណ្ដាគំរូទេសចរណ៍ដែលកំពុងបាន ដំណើរការនៅទីនេះរួមមាន៖ សកម្មភាពទៅទស្សនាឧទ្យានជាតិ តំបន់អភិរក្ស ធម្មជាតិ កសិដ្ឋាន ចម្ការដើមឈើហូបផ្លែ និងទេសចរណ៍សហគមន៍ជាដើម។ ការ អនុវត្តប្រកបដោយជោគជ័យគំរូភូមិទេសចរណ៍អេកូឡូស៊ីជនបទថ្មីដោយផ្សាភ្ជាប់នឹងវប្បធម៌ដូចនៅភូមិ Kieu នឹងជួយអោយផលិតផលទេសចរណ៍ក្នុងតំបន់កាន់ តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាបង្កើតការងារធ្វើសម្រាប់សហគមន៍ ជនជាតិភាគតិចផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)