Trending now

ប្រទេសកម្ពុជាអនុម័តលើវិធានការណ៍ការពារនិងទប់ស្កាត់ជំងឺរាតត្បាត

15:57 | 03/03/2021 (ប្រែសម្រួលដោយ ហេងវុធ្ធី)

យុគសម័យ - នៅថ្ងៃទី ១ ខែមីនា ទីស្តីការគណៈរដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិធានការណ៍នានាដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។

ប្រទេសកម្ពុជាអនុម័តលើវិធានការណ៍ការពារនិងទប់ស្កាត់ជំងឺរាតត្បាត

រាជរដ្ឋាភិបាល​កម្ពុជា បាន​តាក់តែង​សេចក្តីព្រាង​ច្បាប់​ថ្មី​មួយទៀត គឺ «​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​»​។ សេចក្តីព្រាងច្បាប់​នេះ បាន​ឆ្លងកាត់​ការអនុម័ត​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​។

​សេចក្តីព្រាងច្បាប់​នេះ មាន​៦​ជំពូក និង​១៨​មាត្រា ដោយ​ក្នុងនោះ ក៏មាន​មាត្រា ដែល​កំណត់​ពី​ការដាក់ទោសទណ្ឌ​ដែរ​។​ សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី អំពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​តាក់តែងឡើង ក្នុង​កាលៈទេសៈ ដែល​ពិភពលោក កំពុង​ប្រឈម​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាន់តែ​សាហាវ ហើយ​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ វិស័យសេដ្ឋកិច្ច ព្រមទាំង​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ជាតិ​។

​ម្យ៉ាងទៀត សេចក្តីព្រាងច្បាប់​នេះ ក៏​លេច​រូបរាង​ឡើង ក្នុង​បរិបទ ដែល​កម្ពុជា កំពុងមាន​ករណី​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូល​សហគមន៍​សាជាថ្មី​ដែរ (​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​)​។ រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​លើក​នេះ ថា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​និង​ធ្ងន់ធ្ងរ​ជាង​លើក​មុនៗ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀតថា សេចក្តីព្រាងច្បាប់​នេះ បានកំណត់​ពី​វិធានការ​សុខាភិបាល និង វិធានការ​រដ្ឋបាល ជាដើម សម្រាប់​អនុវត្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ​ផ្សេងទៀត ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន សុខភាព​សាធារណៈ សណ្តាប់​សាធារណៈ ហើយក៏​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​ផងដែរ​។

​សេចក្តីប្រកាស​ព័ត៌មាន អះអាងថា​៖«​សេចក្តីព្រាងច្បាប់​នេះ បង្កើត​ឲ្យ​មាន​មូលដ្ឋាន​គតិយុត្តិ​រឹងមាំ​បន្ថែមទៀត ដល់​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

(ប្រែសម្រួលដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(ប្រែសម្រួលដោយ ហេងវុធ្ធី)