Trending now

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ជាង​ $៧០០ ​លាន ​ក្នុង​ខែកុម្ភៈ

15:59 | 03/03/2021

រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ដែលមាន​ទឹកប្រាក់​សរុប​ជាង​ ៧០០ ​លាន​ដុល្លារ​លើ​ ១៦ គម្រោង ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២១ ​នេះ​ដោយ​បាន​បង្កើត​ការងារ​ថ្មី​ជាង​ ១ ​ម៉ឺន​កន្លែង បើទោះបី​ជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅតែ​តាម​យាយី​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​តំបន់ និង​ពិភពលោក​ក្តី​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ជាង​ $៧០០ ​លាន ​ក្នុង​ខែកុម្ភៈ

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យ​ដឹងថា នៅក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២១ ​នេះ CDC បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​ ១៦ ដែលមាន​ទុនវិនិយោគ​ចំនួន ៧០២,៥ ​លាន​ដុល្លារ​បង្កើតបាន​ការងារ​ថ្មី​ចំនួន ១១ ៤១៤ ​កន្លែង​។

សម្រាប់​គម្រោង​វិនិយោគ​ថ្មី​ទាំង​ ១៦ ​នោះ​គឺ​ទៅលើ​ការបង្កើត​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ វាយនភណ្ឌ កាបូប រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត រោងចក្រ​ផលិត​សាឡុង គ្រែ និង​គ្រឿងសង្ហារិម​គ្រប់​ប្រភេទ បង្កើត​រោងចក្រ​ផលិត​គ្រឿងបន្លាស់ (​រថយន្ត គ្រឿងចក្រ គ្រឿងយន្ត​) និង​ប៊ូឡុង​គ្រប់​ប្រភេទ គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរ​ពហុព្យាបាល​អន្តរជាតិ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​បរិក្ខារ​សម្រាប់​ចង្ក្រាន BBQ, ផ្គុំ​ដំឡើង​បរិក្ខារ​អេឡិចត្រូនិក និង​អំពូល​ភ្លើង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ហ្គីហ្គា រីស៍ស និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ Cambodian Investment Management បាន​ប្រាប់​​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា កម្ពុជា សម្រេច​បាន​កំណត់ត្រា​នៃ​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩​គួរ​កោតសរសើរ ការគ្រប់គ្រង​សេដ្ឋកិច្ច​បានល្អ ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ និង​ស្ថិរភាព​នយោបាយ​ដែល​នោះ​ជា​សមិទ្ធផល​ទាក់ទាញ​ក្រុម​វិនិយោគិន​អន្តរជាតិ​ឱ្យ​ជ្រើសរើស​ទិសដៅ​សម្រាប់​ការវិនិយោគ​ដែល​ច្បាស់លាស់​នឹង​មាន​ការកត់សម្គាល់ និង​ជា​កន្លែង​ដែល​កម្ពុជា​នឹង​ទទួល​បាន​ពិន្ទុ​ខ្ពស់បំផុត ដោយសារ​តែ​ការរកឃើញ​បញ្ហា​នៅក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ កម្ពុជា​គឺជា​សសរស្ដម្ភ​មួយ​នៃ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដ៏រឹងមាំ​ជាមួយ​នឹង​ការកែលម្អ​ជាប្រចាំ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើឱ្យ​ប្រសើរឡើង​កម្លាំង​ពលកម្ម​របស់ខ្លួន ដែល​នៅតែ​មាន​តម្លៃ​ទាប និង​ការកាត់បន្ថយ​តម្លៃ​អគ្គិសនី​»​។

លោក​បន្ត​៖ «​ដោយសារតែ​ប្រទេស​ជិតខាង​ដែល​កំពុង​ជួប​ពេលវេលា​វឹកវរ ប្រទេស​កម្ពុជា​កំពុង​ធ្វើឱ្យ​មាន​ភាពភ្លឺថ្លា​ជា​សម្ទុះ​សម្រាប់​ប្រទេស​។ នេះ​គឺ​ទិសដៅ​វិជ្ជមាន​សម្រាប់​ការត្រួតពិនិត្យ​ភាគច្រើន​សម្រាប់​ការវិនិយោគ​បរទេស​។ ការចូល​មក​របស់​ឧស្សាហកម្ម​នានា ពិតប្រាកដ​ណាស់​គឺជា​អ្វីដែល​ប្រទេស​កម្ពុជា​ត្រូវការ ផលិតកម្ម វេជ្ជសាស្ដ្រ រថយន្ត និង​គ្រឿងសង្ហារិម​។ នេះ​គឺជា​ការទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា ​នៅពេល​នេះ​អាច​ប្រកួតប្រជែង​ក្នុង​តំបន់​លើ​ការវិនិយោគ​ប្រាក់​ដុល្លារ​នៅក្នុង​វិស័យ​ទាំងនេះ​»​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា វិនិយោគិន ឬ​សហគ្រិន​តែងតែ​ស្វែងរក​ឱកាស​ក្នុង​កាលៈទេសៈ​នេះ​។ ជា​ឧទាហរណ៍​នៅក្នុង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ លោក Jeff Bezos បាន​ក្លាយជា​បុរស​ដែលមាន​ទ្រព្យ​ច្រើន​ជាងគេ​បំផុត ដោយសារ​តែ​ប្រជាជន​បង្កើន​ការទិញ​អនឡាញ​របស់​ពួកគេ​។

លោក​បន្តថា អាស្រ័យ​ហេតុនេះ​មាន​ប្រជាជន​ជាច្រើន​បាន​យល់ថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ គឺជា​ឱកាស​មួយ​។ ដោយសារ​តែ​ភាគច្រើន​ក្នុងចំណោម​ពួកយើង​បាន​យល់​ថា ការរីករាលដាល​កូវីដ​ ១៩ អាច​បញ្ចប់​ក្នុងពេល​ឆាប់ៗ ដោយសារ​តែ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ឱកាស​វិនិយោគ​ថ្មីៗ​ជាច្រើន​កំពុង​ចូលមក​ផងដែរ​។ វិស័យ​បដិសណ្ឋារកិច្ច អនាម័យ បច្ចេកវិទ្យា ផលិតផល​ថ្នាក់​មធ្យម និង​ថ្នាក់ខ្ពស់​។​ល​។ គឺជា​វិស័យ និង​ទីផ្សារ ដែល​កើនឡើង​នៅពេល​ខាងមុខ ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់​៖ «​គម្រោង​វិនិយោគ​មាន​តម្លៃ​ ៧០០ ​លាន​ដុល្លារ ​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) គឺជា​សញ្ញា​ដ៏ល្អ​មួយ​នៃ​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​សុទិដ្ឋិនិយម ចំពោះ​ជំងឺ​កូវីដ​១៩​។ ដោយសារ​តែ​កម្ពុជា គឺជា​ប្រទេស​ដែល​រីកចម្រើន​រហ័ស​នឹង​មាន​ការវិនិយោគ​កាន់តែ​ច្រើនឡើងៗ​ចូល​មក​ប្រទេស​នេះ​ជាមិនខាន​។ ទន្ទឹមនឹងនេះ ច្បាប់​វិនិយោគ​ថ្មី​ត្រូវ​បាន​រំពឹងថា នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ​នេះ​»​។

លោក​ថា​៖ «​ច្បាប់​នេះ​នឹង​ទាក់ទាញ​ការវិនិយោគ និង​ការផលិត​បរទេស​កាន់​តែ​ច្រើន​នៅក្នុង​ប្រទេស​នេះ ដោយសារ​តែ​ក្រុមហ៊ុន​នានា​មិន​ចាំបាច់​ត្រូវ​បង់ពន្ធ​លើ​ការនាំ​ចូល​ធាតុ​ចូល​ផលិត​នោះទេ​»​។

ក្នុង​ឆ្នាំ​ ២០១៩ CDC បានអនុម័ត​គម្រោង​វិនិយោគ​មាន​តម្លៃ​ ៩,៤០ ​ពាន់​លាន​ដុល្លារ ​ក្នុង​នោះ​ក្រុម​វិនិយោគិន​ជនជាតិ​ចិន​ដីគោក​ឈរ​លំដាប់​លេខ​ ១ មាន​ចំនួន​ ២,៧៥ ​ពាន់​លាន​ដុល្លារ​។ ទីក្រុង​ហុងកុង​ជាប់​ចំណាត់ថ្នាក់​ទី​ ២ ​ក្នុង​ចំនួន​ ៩១២,៥៥ ​លាន​ដុល្លារ ខណៈ​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ទី​ ៣ ​មាន​ចំនួន ២៩៨,៨៤ ​លាន​ដុល្លារ​៕

(ប្រភពព័ត៌មាន: postkhmer.com)

កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
កងទ័ពការពារព្រំដែនខេត្ត Dak Lak ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្លាំងការពារព្រំដែនកម្ពុជា
បុស្តិ៍ការពារព្រំដែនផ្តល់អំណោយនិងអបអរសាទរដល់កងកំលាំងការពារព្រំដែនឡាវនិងកម្ពុជាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
យុវជនវៀតណាម ឡាវនិងកម្ពុជា ជួបប្រាស្រ័យ ក្នុងឱកាសនៃការទទួលបានពានរង្វាន់ប្រចាំឆ្នាំ
សកម្មភាពជាច្រើនដែលរៀបចំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវនិងកម្ពុជា សម្រាប់និស្សិតនៃប្រទេសទាំងពីរ