Trending now

សម្រស់ធម្មជាតិដ៏សែនមនោរម្យនៃទំនប់ម្លេចលាក់ទុករឿងរ៉ាវ​ប្រវត្តិសាស្ត្រមួយ​ប្រចាំខេត្តកំពត

14:31 | 15/05/2020 (សរុបដោយ ហេង វុធ្ធី)

ទំនប់ម្លេច គឺជាគោលដៅទេសចរណ៍ដ៏សែនមនោរម្យមួយ មានទីតាំងស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។ រមនីយដ្ឋានមួយនេះ ស្ថិតនៅក្បែរព្រំប្រទល់​ខេត្ត​តាកែវ និងខេត្តកំពត ដែលមានចម្ងាយជាង ១០៣គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានប្រមាណ ៥៨គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣។

រមនីយដ្ឋានទំនប់ម្លេច

រមនីយដ្ឋានទំនប់ម្លេច ប្រជុំទៅដោយទេសភាពជួរភ្នំ ព្រមទាំងមានអាងស្តុកទឹកដ៏ធំមួយ ដែលមានទឹកថ្លាឈ្វេង ចាំងឆ្លុះទេសភាពធម្មជាតិ នៃដងគិរី។ នៅក្បែរទំនប់ម្លេច មានតូបបណ្ដែតទឹក សង់ឡើងត្រៀបត្រា សម្រាប់បម្រើសេវាកម្មទេសចរណ៍។ នៅតាមតូបនីមួយៗ មានអង្រឹងសម្រាប់អង្គុយសម្រាកកាយ អានសៀវភៅ លំហែអារម្មណ៍ និងអាចគយគន់ទេសភាពធម្មជាតិព័ទ្ធជុំវិញអាងទឹក។ ទិដ្ឋភាពនេះ ប្រៀបបីដូចជាផ្ទាំងទស្សនីយភាពដែលមានវិញ្ញាណ កំពង់ឱបក្រសោបទំនប់ម្លេច ធ្វើឲ្យអ្នកទេសចរគ្រប់គ្នាចូលចិត្តដិតអារម្មណ៍នឹងដំណើរកម្សាន្ត​មកកាន់ទីនេះ។

ក្រៅពីគយគន់សម្រស់ធម្មជាតិ ភ្ញៀវទេសចរ​ក៏អាចកម្សាន្តសម្បាយជាមួយសេវាកម្មទេសចរ​ផ្សេងៗទៀត ដែលរៀបចំដោយវិស័យឯកជន មានដូចជាការដើរលើខ្សែពួរ ការជិះទូកកាយាក់កម្សាន្តលើផ្ទៃទឹកជាដើម។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរ​ក៏អាចបោះតង់សម្រាក​បែបពិចនិចនៅជាប់នឹងមាត់ទឹក ព្រមទាំងអាចគយគន់សត្វស្លាបជាច្រើនប្រភេទថែមទៀតផង។

រមនីយដ្ឋានទំនប់ម្លេច

ផ្ទៃទឹកស្ងប់ស្ងាត់ បង្កប់រឿងរ៉ាវដ៏ជូរចត់នៃប្រវត្តិសាស្រ្ដ។ អាងស្តុកទឹកមួយនេះ បើមើលនឹងភ្នែក ទំនងកើតឡើង​ដោយសារកត្តាធម្មជាតិ តែតាមពិត​កើតឡើងដោយការប្រើកម្លាំងមនុស្សរាប់ពាន់នាក់ក្នុងសម័យខ្មែរក្រហម។ ទំនប់នេះតភ្ជាប់ពីចង្កេះភ្នំម្ខាង ទៅចង្កេះភ្នំម្ខាងទៀត មានប្រវែងជាង ១ពាន់ម៉ែត្រ និងកម្ពស់ជាង ៥ម៉ែត្រ ចំណែកផ្ទៃអាងទាំងមូល មានទំហំជាង ៥៧ហិចតា មានជម្រៅពី ៧ម៉ែត្រ ទៅ១០ម៉ែត្រ ដែលអាចស្តុកទឹកបានជាង ១១លានម៉ែត្រគូប។ បច្ចុប្បន្ន ទំនប់ម្លេច ប្រែក្លាយពីទីលានទុក្ខសោក ទៅជាគោលដៅទេសចរណ៍​ដ៏ទាក់ទាញ ព្រមទាំងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្ដមួយ ប្រចាំខេត្តកំពត។

រមនីយដ្ឋានទំនប់ម្លេច

គួរជម្រាបថា មុនឆ្នាំ១៩៧០ តាមសំដីរបស់លោកតា ឡុង ឡាត់ អាយុ៧៦ឆ្នាំ រស់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងថាៈ កាលដើមឡើយតំបន់ទំនប់ម្លេចនេះមានទួលមួយយ៉ាងធំដុះសុទ្ធតែដើមក្រសាំង អ្នកភូមិនាំគ្នាហៅថាទួលក្រសាំងដុះជ្រុម នៅជាប់ទួលក្រសាំងដុះជ្រុមមានត្រពាំងមួយគេហៅថាត្រពាំងក្រសាំងជ្រុម ជាកន្លែងសំណាក់រទេះដឹកឈើមកពីគ្រប់ស្រុកតែងតែសំរាកនៅទីកន្លែងនេះ។ ជួនថ្ងៃមួយនៅពេលរសៀលប្រហែលម៉ោង៣:០០រសៀល ត្រូវនិងខែពិសាខដើមឆ្នាំភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើអោយទឹកជន់លិចទួលក្រសាំងជ្រុមលេចទាំងរទេះអ្នកដឹកឈើ និងសំភារៈផ្សេងៗអស់រលីងគ្មានសល់។ ពេលនោះអ្នកដឹកឈើហៅកន្លែងនោះថាទួលទឹកលេច ក្រោយមកទួលទឹកលេចនេះក៏គេហៅឈ្មោះមួយទៀតថា ស្រុកលេច។

រមនីយដ្ឋានទំនប់ម្លេច

រហូតដល់ឆ្នាំ១៩៧៥ថ្នាក់ដឹកនាំភូមិបានកែនប្រជាជនទៅរ៉ែកដីទប់ធ្វើជាទំនប់មានប្រវែង១៣០m ទទឹង៣០m ក្រោយមកទំនប់នោះបានដាក់ឈ្មោះថាទំនប់លេចក្រោយៗមកទៀតពាក្យនោះក៏បានក្លាយជាទំនប់ម្លេចរហូតដល់សព្វថ្ងៃ។ នៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ១៩៧៨ ពួកប៉ុលពតបានកែនកំលាំងប្រជាជនរាប់ពាន់នាក់ទៅរ៉ែកដីជីកទំនប់ឃ្លាតពីទំនប់ម្លេចប្រហែល១០០០m ទំនប់ថ្មីនេះមានប្រវែង១០៥០m ទទឹងបាត១០០m ទទឹងខ្នងលើ៥០m កំពស់១០m ដោយគ្មានប្រើគ្រឿងចក្រទេប្រជាជនស្លាប់រាប់ពាន់នាក់ត្រឹមតែរយៈពេល៨ខែប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៣សម្ដេចហ៊ុន សែនបានធ្វើការជួសជុល និងស្ដារទំនប់នេះឡើងវិញដោយប្រើគ្រឿងចក្រដែលទំហំផ្ទៃទឹក១១លានm3 ផ្ទៃដី៥៣០h-a អាចធ្វើស្រែប្រាំងបាន១៣០០h-a ទុកប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។

រមនីយដ្ឋានទំនប់ម្លេច

និយាយរួម ពេល​ចូល​ទៅ​ដល់​ទី​តាំង​រមណីយដ្ឋាន​ផ្ទាល់​តែ​ម្តង អារម្មណ៍​របស់​លោក​អ្នក​នឹង​កាន់​តែ​ស្រស់​ស្រាយ​ជាង​នៅ​តាម​ផ្លូវ​ទៅ​ទៀត​ ក្ដី​កង្វល់ ភាព​នឿយ​ហត់​ទាំង​ឡាយ​នឹង​រលាយ​បាត់​អស់​ជាមួយ​នឹង សម្រស់​ជួរ​ភ្នំ​ខៀវ​ស្រងាត់ ទឹក​ថ្លា​យង់​គួរ​ឲ្យ​ចង់​លេង ខ្យល់​ជំនោរ​បក់​ត្រសៀក​ៗ ខ្ចុះ​តូច​ៗ​សម្រាប់​សម្រាក​លម្ហែ​ជា​ច្រើន​តូប ​នៅ​ជាប់​មាត់​ទឹក​ក៏​មាន ក្រោម​ម្លប់​ឈើ​ក៏​មាន ហើយ​នៅ​ក្នុង​ខ្ចុះ​ក៏​មាន​ អង្រឹង​សម្រាប់​អង្គុយ​លេង​ផង​ដែរ៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤