កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ៤០គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ប្រទេសកម្ពុជា។កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម។ កោះរ៉ុងគឺជាកន្លែងដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ឬរុករកពីព្រោះកោះនេះនៅតែត្រូវបានបោះបង់ចោលមិនមានការអភិវឌ្ឍន៍និងធម្មជាតិ។ ដូច្នេះកោះនេះបានទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើននាក់។
ភ្ញៀវទេសចរចំនួន៦២១នាក់ ដែលជាប់នៅលើកោះរ៉ុងជាច្រើនថ្ងៃមកហើយ ដោយសារភ្លៀងធ្លាក់ខ្លាំង និងមានរលកខ្ពស់ៗនៅលើផ្ទៃសមុទ្រ ត្រូវបានអាជ្ញាធរបញ្ជូនមកកាន់ក្រុងព្រះសីហនុ ដោយសុវត្ថិភាពវិញហើយ។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រះសីហនុ។
អាជ្ញាធរបានប្រើប្រាស់ទូកទេសចរណ៍ខ្នាតធំល្បឿនលឿន ៣គ្រឿង ដើម្បីដឹកភ្ញៀវទេសចរ ចេញពីកោះរ៉ុង ចំនួន២ជើង។ អ្នកទេសចរណ៍សរុប ៦២១នាក់ ក្នុងនោះមានជនបរទេសចំនួន៥០នាក់ ហើយពួកគាត់ បានធ្វើដំណើរទៅកម្សាន្តនៅកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ដោយសាររងឥទ្ធិពលពីព្យុះទី៣ ឈ្មោះស៊ីនឡាគូ។
បើតាមលោក ឃាង ភារម្យ នៅមានអ្នកទេសចរមួយចំនួនតូចទៀត ដែលនៅជាប់នៅលើកោះរ៉ុង ដោយសារពួកគាត់ស្ថិតនៅតំបន់ផ្សេងៗគ្នា។ តែយ៉ាងណា អាជ្ញាធរនឹងបន្តជម្លៀសពួកគាត់មកក្រុងព្រះសីហនុ នៅពេលអាកាសធាតុអំណោយផល។
ទូកទេសចរណ៍ដែលអាជ្ញាធរខត្តព្រះសីហុ ប្រើប្រាស់ដើម្បីដឹកភ្ញៀវទេសចរចេញពីកោះរ៉ុង ។ (រូបថតពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)
អាជ្ញាធរខេត្តព្រះសីហនុ ត្រឹមនៅថ្ងៃទី៥ ខែសីហានេះ ក៏បានសម្រេចបិទការធ្វើដំណើរតាមផ្លូវសមុទ្រទាំងស្រុង រហូតដល់មានការជូនដំណឹងសារជាថ្មី។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។
ក្រសួងធនធានទឹកបានជូនដំណឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេសក្នុងកម្រិតពីតិចទៅច្រើន។ ចំណែកខេត្តនៅតំបន់មាត់សមុទ្រដែលកំពុងតែរងនៅជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងនឹងនៅតែបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ប៉ុន្តែនៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា នឹងមានភ្លៀងធ្លាក់ខ្លាំងកើតឡើង។
ភ្ញៀវទេសចរជាង៦០០នាក់ ត្រូវបានបញ្ជូនចេញពីកោះរ៉ុងដោយសុវត្ថិភាពហើយ។ (រូបថតពីទំព័រហ្វេសប៊ុរដ្ឋបាលខេត្តព្រះសីហនុ)
ដោយឡែកបណ្ដាខេត្តនៅតាមតំបន់វាលទំនាបកណ្ដាល ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតបរិមាណកើនឡើងពីតិចទៅច្រើនជាលំដាប់។ រីឯខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ ក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើនផងដែរ៕
(បូកសរុបដោយឌីណា)
មតិពីមិត្តអ្នកអាន