Trending now

លោក វ៉ាង យី ទូលថ្វាយ​ព្រះមហាក្សត្រ​ពី​ការប្រឹងប្រែង​កម្ពុជា​-​ចិន លើ​ការប្រយុទ្ធ COVID-19

17:31 | 09/05/2020

ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី កាលពី​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ ស្តេច​សព្វព្រះរាជហឫទ័យ​ទទួល​ព្រះរាជ​សវន​ការ​ជាមួយ​លោក វ៉ាង យី (Wang Yi) ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសចិន ខណៈពេលដែល ព្រះអង្គ និង​សម្តេច​ព្រះវររាជ​មាតា កំពុង​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព នៅ​រដ្ឋធានី​ប៉េកាំង​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួងការបរទេស​ចិន​។​

ទិដ្ឋភាពនៃជំនួនរវាងព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី លោក វ៉ាង យី (Wang Yi) ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសចិន។

«​មិត្តភាព​ចិន - កម្ពុជា គឺជា​មិត្តភាព​ដែល​មិនអាច​បំបែក​បាន និង​បាន​ទប់ទល់​ទៅនឹង​ការសាកល្បង នៃ​ការផ្លាស់ប្តូរ​អន្តរជាតិ ហើយ​វា​អាច​ត្រូវបាន​គេ​ហៅថា​ជា​គំរូ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រទេស​និង​រដ្ឋ​»​។ លោក វ៉ាង យី បានលើកឡើង​យ៉ាង​ដូច្នេះ​។​

​ទាក់ទង​នឹង​ការផ្ទុះ​ឡើង​នៃ COVID-19 រដ្ឋមន្ត្រីការបរទេស​ចិន បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ពី​ការជឿជាក់​របស់ខ្លួន​ថា កម្ពុជា​នឹង​ជៀស​ផុតពី​ការ​រាលដាល ប៉ុន្តែ​ទាំង​ចិន និង​កម្ពុជា នៅតែ​ប្រឈម​នឹង​ហានិភ័យ​ចំពោះ​ការ​ងើបឡើង​វិញ​នៃ​ជំងឺ​នេះ ចំពោះ​ប្រជាជន​ក្នុងស្រុក និង​ការនាំ​ចូល​ពី​ខាងក្រៅ​។

​ជាមួយគ្នានេះ លោក វ៉ាង យី បាន​ថ្លែងអំណរគុណ​កម្ពុជា ដែល​បានផ្តល់​ការគាំទ្រ​យ៉ាងរឹងមាំ​ជូន​ដល់​ប្រទេស​ចិន​។ ក្រៅពី​ការសម្តែង​សមាន​ទុក្ខ​ចំពោះ​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា ក៏បាន​សព្វព្រះរាជហឫទ័យ​បង្ហូតទង់​ព្រះមហាក្សត្រ​ត្រឹម​ពាក់កណ្តាល​ដង នៅមុខ​ព្រះរាជដំណាក់​ក្រុង​ប៉េកាំង ដើម្បី​កាន់ទុក្ខ​ដល់​អ្នកស្លាប់​ដោយសារ COVID-19 ផងដែរ​។

​ជាមួយគ្នានេះ សម្តេចព្រះ​វររាជ​មាតា ព្រះអង្គ​បាន​ប្រារព្ធ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា​នៅ​ព្រះបរមរាជវាំង​នៃ​ប្រទេស​កម្ពុជា ដើម្បី​បួងសួង​ដល់​ប្រជាជន​ចិន​។ លោក វ៉ាង យី ក៏បាន​អះអាង​ផងដែរ​ថា ចិន​ចងចាំ​ជាមួយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ទៅកាន់​ប្រទេស​ចិន​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​។​

​នា​ព្រះរាជសវនាការ​នោះ​ផងដែរ ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា ស្តេច​មាន​ព្រះរាជឱង្ការ​ថា​៖ «​ខ្ញុំ​នឹង​បន្ត​ទៅមុខ​តាមផ្លូវ​ចំណងមិត្តភាព​កម្ពុជា​-​ចិន ដែល​បាន​កសាង​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​នៃ​ប្រទេស​ចិន បន្ត​មរតក និង​អភិវឌ្ឍ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ផ្តល់​ផលប្រយោជន៍​កាន់តែ​ប្រសើរ​ថែមទៀត​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​»​។​

​ព្រះករុណា ព្រះមហាក្សត្រ បាន​អបអរសាទរ​ប្រទេស​ចិន ចំពោះ​សមិទ្ធិផល​សំខាន់ៗ​ដែល​សម្រេចបាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 ។ ភាគី​កម្ពុជា មាន​ឆន្ទៈ​ក្នុងការ​ពង្រឹង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​ការការពារ​ការឆ្លង​រាលដាល​ជាមួយ​ប្រទេស​ចិន និង​ការពារ​សុវត្ថិភាព​ដល់​ជីវិត​ប្រជាជន​៕

(ប្រភពព័ត៌មាន: thmey thmey.com)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤