Trending now

លោក គិន ភា៖ គ្មានហេតុផលអ្វី ដែលគ្រាន់តែកម្ពុជា មានទំនាក់ទំនងល្អជាមួយចិន ហើយមិនអាចមានទំនាក់ទំនងល្អជាមួយអាមេរិក

17:19 | 11/07/2020 (សរុបដោយវិច្ឆិកា)

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក មិនគួរមានការរង្កៀសចិត្តនោះឡើយពេលឃើញកម្ពុជាស្និទ្ធជាមួយប្រទេសចិន ហើយងៀកមកជួយគាំទ្រការអភិវឌ្ឍកម្ពុជា ដើម្បីមានឥទ្ធិពលលើទំនាក់ទំនងជាមួយកម្ពុជា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។​ (ប្រភព៖ Freshnews)

លោក គិន ភា បានថ្លែងបែបនេះក្នុងវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-អាមេរិក» ក្នុងរយៈពេល៧០ឆ្នាំ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកបណ្ឌិត គិន ភា បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់បីដូចជាមានការចងភ្ជាប់ ជាមួយទំនាក់ទំនងចិន។ លោកបានលើកឡើងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៩៥៨ ពេលកម្ពុជាចាប់ផ្តើមទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ពេលនោះគេឃើញហេតុការណ៍កើតឡើង ហាក់ដូចជារង្កៀសចិត្តគ្នា រវាងកម្ពុជា និងអាមេរិក។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរូបនេះបន្ថែមថា ក្រោយៗមកទៀត ជាពិសេសដំណាក់កាលនៃទំនាក់ទំនងកម្ពុជា ជាមួយចិននាសហសម័យនេះ គេមើលឃើញទៀតថា ពេលដែលកម្ពុជាកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន កម្ពុជាហាក់ដូចជាមានបញ្ហាខ្លះ មិនយល់គ្នាជាមួយអាមេរិក។

លោករំលេចថា «ជាជំហរនយោបាយការបរទេសរបស់កម្ពុជា គឺមិនដែលចាត់ទុកប្រទេសណាមួយជាសត្រូវទេ ក៏ប៉ុន្តែគ្រប់បរទេសមិនអាចរុញកម្ពុជាឲ្យទល់ជញ្ជាំងដែរ ពីព្រោះថាកម្ពុជានៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ»

លោកបណ្ឌិត គិន ភា បន្ថែមថា៖ «យើងពង្រីកចំណងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយគ្រប់ប្រទេស ទាំងក្នុងក្របខណ្ឌតំបន់ និងទូទាំងពិភពលោក។ ដូច្នេះគ្មានហេតុផលអ្វី ដែលគ្រាន់តែកម្ពុជា មានទំនាក់ទំនងល្អជាមួយចិន ហើយមិនអាចមានទំនាក់ទំនងល្អជាមួយអាមេរិក ឬមិនអាចមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសផ្សេងទៀតទេ។ ជាគោលនយោបាយ ជាការអនុវត្តជាក់ស្តែង កម្ពុជាបាននិងធ្វើពពិធកម្មនៃចំណងការបរទេសរបស់ខ្លួន ជាមួយបណ្តាប្រទេសទាំងអស់ ទាំងក្នុងតំបន់ និងពិភពលោក ដូច្នេះវាទាមទារឲ្យមានការយល់គ្នា»

លោក គិន ភា បានបញ្ជាក់ថា កម្ពុជាមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តប្រទេសទាំងអស់ក្នុងលោក។ ដូច្នេះបរទេសទាំងឡាយ មិនគួរមានការរង្កៀសចិត្ត ដោយគ្រាន់តែកម្ពុជាមានទំនាក់ទំនងល្អជាប្រទេសណាមួយនោះទេ។

គ្មានហេតុផលអ្វី ដែលគ្រាន់តែកម្ពុជា មានទំនាក់ទំនងល្អជាមួយចិន ហើយមិនអាចមានទំនាក់ទំនងល្អជាមួយអាមេរិក

លោក គិន ភា ក៍បានលើកឡើងថាមានមូលហេតុចំនួន៥ ដែលនាំឱ្យទំនាក់ទំនងរបស់កម្ពុជា និងសហរដ្ឋអាមេរិកមានភាពល្អក់កករ និងមិនសូវជាល្អប្រសើរក្នុងទំនាក់ទំនងរយៈពេល៧០ឆ្នាំកន្លងមកនេះ។

១៖ «គោលនយោបាយបរទេសខុសគ្នា»៖ លោក គិន ភា បានពន្យល់ថា នៅក្នុងអំឡុងសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក បានដាក់ចេញគោលនយោបាយ គឺទប់ការរីករាលដាល នៃលទ្ធិកុម្មុយនិស្តនៅក្នុងតំបន់។ ដោយឡែកកម្ពុជា ដូចមានបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញ គឺរក្សាគោលនយោបាយអព្យាក្រិត្យអចិន្ត្រៃយ៍មិនចូលបក្សសម្ព័ន្ធ។ គោលនយោបាយកម្ពុជា ធ្វើយ៉ាងណាដើម្បីរស់ រស់ដោយសុខសន្តិភាព រស់ដោយសុខដុមតាមគ្រប់មធ្យោបាយ ដែលអាចធ្វើបាន។

២៖ «ស្រមោលចិន»៖ លោក គិន ភា បានពន្យល់ថា ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់ផ្សារភ្ជាប់រវាងទំនាក់ទំនងកម្ពុជា ជាមួយប្រទេសចិន។ ក្នុងនោះនៅឆ្នាំ១៩៥៨ នៅពេលសម្តេច នរោត្តម សីហនុ ទទួលស្គាល់របបសាធារណរដ្ឋប្រជាមានិតចិន ក៏នាំឱ្យទំនាក់ទំនងការទូតកម្ពុជា និងអាមេរិក ប្រែល្អក់កកររហូតដល់ការកោះហៅទូតអាមេរិកទៅវ៉ាស៊ីនតោនវិញ។

ជាបន្តបន្ទាប់ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានការរីកចម្រើន ក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងកសាងសហគមន៍ដែលមានជោគវាសនារួមគ្នា ជាពិសេសគេមើលមកកម្ពុជាថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាងគេនៅអាស៊ីរបស់ចិន។

៣៖ «នយោបាយផ្ទៃក្នុង»៖ លោក គិន ភា បានពន្យល់ថា ក្រោមរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផងគ្នាទៅវិញទៅមក គឺជាគោលការគ្រឹះក្នុងការធានានិរន្តរភាព ស្ថិរភាពនៃទំនាក់ទំនងអន្តររដ្ឋ។ ក៏ប៉ុន្តែជារួមអ្នកធ្វើគោលនយោបាយខ្មែរ ឬក៏អ្នកនយោបាយខ្មែរ ជួនកាលអាចមើលឃើញសហរដ្ឋអាមេរិកក្នុងរូបភាពមួយជាការពាក់ព័ន្ធនយោបាយផ្ទៃក្នុង។

៤៖ «ទស្សនៈខុសគ្នាលើលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស»៖ លោក គិន ភា បានពន្យល់ថា ប្រទេសនៅតំបន់អាស៊ីនិយាយជារួម និងកម្ពុជា និយាយដោយឡែក កម្ពុជាមានបរិបទប្រវត្តិសាស្ត្របស់ខ្លួនដោយឡែក វប្បធម៌ដោយឡែក ហើយជាពិសេសផ្នត់គំនិតរបស់មនុស្សខ្មែរ។ ដូច្នេះការដែលមានទស្សនៈខុសគ្នាលើបញ្ហាតែមួយជាប្រភពនាំឱ្យមានការមិនយល់គ្នា។

៥៖ «ឥរិយាបថអ្នកការទូត»៖ លោក គិន ភា បានពន្យល់ថា ឥរិយាបថរបស់អ្នកការទូត ក៏ដើរតួនាទីសំខាន់ណាស់ដែរ ដែលត្រូវការអ្នកការទូតដែលមានវិជ្ជាជីវៈខ្ពស់។

ដើម្បីឱ្យទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែប្រសើរឡើង ទាមទារឱ្យមានការពិភាក្សារកដំណោះស្រាយ ដើម្បីបានជាធាតុចូល។

លោក គិន ភា ក៏បានលើកឡើងនូវទស្សនៈ និងការមើលឃើញរបស់ខ្លួនដែរថា ដើម្បីស្រោចស្រង់ ឬធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរនោះ កម្ពុជា និងអាមេរិក ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ធម្មនុញ្ញរបស់សហប្រជាជាតិ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ដោយការគោរពគ្នា គោរពផលប្រយោជន៍ផងគ្នា គោរពអធិបតេយ្យ និងបូរណភាពទឹកដីគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះ ការស្តារឡើងវិញនូវទំនុកចិត្ត ភាពជឿជាក់ដែលបានបាត់បង់ក្នុងអតីតកាល ដោយការជជែកគ្នាត្រង់ទៅត្រង់មក។ លោក គិន ភា បានលើកឡើងថា «បើកបេះដូងរកចំណុចរួមសម្រាប់ការអភិវឌ្ឍ ហើយជាពិសេសទៀតនោះ គឺការស្វែងយល់ ការទទួលស្គាល់នូវតម្លៃស្នូលក្នុងនយោបាយការបរទេសរបស់ប្រទេសផងគ្នាទៅវិញទៅមក។ មួយទៀតនោះ ទាំងអាមេរិក និងកម្ពុជា គួរតែយល់គ្នាទៅវិញទៅមកទាក់ទងប្រវត្តិសាស្ត្រ សង្គម និងវប្បធម៌ ជាពិសេសលក្ខខណ្ឌនយោបាយ សេដ្ឋកិច្ច ដែលត្រូវយល់គ្នា។ មួយទៀត អ្វីដែលមានឥទ្ធិពលខ្លាំងក្នុងទំនាក់ទំនងអន្តររដ្ឋ គឺសេដ្ឋកិច្ចដើរតួនាទីជាអ្នកជំរុញនូវនយោបាយ ជំរុញនូវទំនាក់ទំនង។ ខ្ញុំសូមឱ្យសហរដ្ឋអាមេរិក មេត្តាគិតឱ្យខ្លាំងទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញការវិនិយោគរបស់ខ្លួនឱ្យបានកាន់តែច្រើន»

លោក គិន ភា បានមើលឃើញថា ការបើកបេះដូងក្នុងការវិនិយោគរបស់អាមេរិក មកកាន់កម្ពុជា ដូចអាមេរិកធ្វើចំពោះប្រទេសដទៃ ក៏នឹងនាំឱ្យអាមេរិកមានឥទ្ធិពលខ្លាំងមកលើកម្ពុជាផងដែរ។

លោក គិន ភា បានបញ្ជាក់ដូច្នេះ «ជាការពិតការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ត្រូវការការរួមចំណែកដោយមិនអាចខ្វះបានពីសំណាក់ប្រទេសជាមិត្តភក្តិទាំងអស់។ ខ្ញុំជឿជាក់ថា ការយល់គ្នា ការមានអារម្មណ៍ល្អនឹងគ្នា គឺនឹងធ្វើឱ្យទំនាក់ទំនងរបស់យើងមានភាពរឹងមាំ រីកចម្រើន និងគ្រប់ជ្រុងជ្រោយ»

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤