Trending now

នៅ​ខេត្តសៀមរាប នឹងមាន​សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​វិស័យ​ទេ​ចរណ៍

16:05 | 19/11/2019 (សរុបដោយវិច្ឆិកា)

អភិបាលខេត្ត​សៀមរាប និង​លោក​ប៉ូល ឌុយ​ប្រ៊ូ​ល បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ស្តីពី​ការបន្ត​ផ្តល់​ទីតាំង និង អគារ​ជូន​ដល់​អង្គការ​បណ្តុះបណ្តាល និង វឌ្ឍនភាព​កម្ពុជា ដើម្បី​សាង​សង់សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល​។​

ឯកឧត្តម ទៀ សីហា និង លោក ប៉ូល ឌុយប្រ៊ូល (ប្រភព៖ AKP)

នារសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីថែលអង្គរ ភូគ្រីត្រាខេត្ដសៀមរាប ឯកឧត្តម ទៀ សីហា អភិ បាលនៃគណៈអភិបាលខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សរណៈកិច្ចសន្យា ជាមួយឯកឧត្តម ប៉ូល ឌុយប្រ៊ូល ប្រធានអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា និងជាអតីតអភិ បាលក្រុងហ្វុងតែនប្លូ នៃសាធារណរដ្ឋបារាំង ស្តីពីការបន្តផ្តល់ទីតាំងនិងអគារ ជូនដល់អង្គការនេះ ដើមី្បអភិវឌ្ឍន៍សាងសង់សាលា សណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល បន្ថែមទៀតក្នុងគោលបំណងអភិវឌ្ឍន៍ធនធានទេសចរដល់យុវជនកម្ពុជា ជាពិសេសខេត្តសៀមរាប។

នៅក្នុងពិធីចុះហត្ថលេខានោះ ឯកឧត្តម ទៀ សីហា បានសម្តែងនូវអំណរអរគុណ ចំពោះលោក ប៉ូល ឌុយប្រ៊ូល ដែលបានធ្វើការបណ្តុះបណ្តាលនូវធនធានមនុស្សក្នុងវិស័យទេចរណ៍នៅកម្ពុជា ពិសេសបងប្អូនកូនចៅប្រជាពលរដ្ឋខេត្តសៀមរាប ទាំងចំណេះដឹង បច្ចេកទេស ជំនាញ ដល់យុវជនកម្ពុជា ក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ សាលាបានបណ្តុះបណ្តាលសិស្សបានប្រមាណជាង៣.០០០នាក់ ហើយក្នុងចំណោមសិស្សទាំងអស់ បានចេញទៅបម្រើការងារនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុន ព្រមទាំងមួយចំនួនបានយកទៅធ្វើជាអាជីពក្នុងកិច្ចប្រកបការងារចិញ្ចឹមក្រុមគ្រួសារទៀតផង។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (ប្រភព៖​ CEN)

ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុយប្រ៊ូល មិនត្រឹមតែបង្រៀនមុខជំនាញប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្តមនុស្សធម៌ ចំពោះសិស្សក្រីក្រ មកពីបណ្តាខេត្តផ្សេងៗ ក៏ដូចក្នុងខេត្តសៀមរាបផងដែរ។ រវាងរដ្ឋបាលសាលាខេត្តសៀម រាប និងសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល ក៏មានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា និងជាមួយក្រសួងទេសចរណ៍ផងដែរ ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សលើវិស័យទេសចរណ៍នៅកម្ពុជា សំខាន់នៅខេត្តសៀមរាប។

ចំណែកលោក ប៉ូល ឌុយប្រ៊ូល បានសម្តែងនូវក្តីរំភើបចំពោះលទ្ធផលក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ បានធ្វើឱ្យសិស្សនៃសាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល ក្រោយពីបញ្ចប់ការបណ្តុះបណ្តាលទៅ ត្រូវបានបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនទទួលយកទៅបម្រើការងារ និងមួយចំនួនបានយកជំនាញទាំងនេះ ទៅប្រកបអាជីវកម្ម ដើមី្ប រកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារទៀតផង។ លោកក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិ បាលខេត្ត និងរដ្ឋបាលសាលាខេត្តសៀមរាប ដែលតែងតែធ្វើកិច្ចសហការល្អជាមួយគ្នា ក្នុងការទំនាក់ទំនងកិច្ចការរដ្ឋបាល និង ការងារសន្តិសុខ សណ្តាប់ធ្នាប់ ដែលធ្វើឱ្យអ្នកវិនិយោគមានការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសកម្ពុជាទាំងមូល មានការអភិវឌ្ឍលើគ្រប់វិ ស័យ ក្រោមដំបូលសុខសន្តិភាព៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤