Trending now

UN ចង់​​ជួយ​​ក្រុង​ព្រះសីហនុ​ ប្រែក្លាយ​ជា​ទី​ក្រុង​ឆ្លាត​វៃ​

20:21 | 03/12/2019 (សរុបដោយវិច្ឆិកា)

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​​ ចង់​រួម​ចំណែក​​​ជួយ​ក្រុង​ព្រះសីហនុ​​ ប្រែក្លាយ​ជា​ទីក្រុង​ឆ្លាត​វៃ​ មាន​និរន្តរភាព ​និង​ប្រកប​ដោយ​បរិយាប័ន្ន​។ ​​នេះ​បើ​តាម​ប្រសាសន៍​​លោក​ស្រី Pauline Tamesis ប្រធាន​អង្គ​ការសហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ក្នុង​ជំនួប​ជាមួយ​នឹង​​លោក​ គួច ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​​កាល​​ពី​សប្ដាហ៍​មុន​។

លោក គួច ចំរើន និង​ក្រុម​មន្ត្រីខេត្ត​ក្នុង​ជំនួប​ជាមួយ​មន្ត្រី UN​។ (ប្រភព៖ postkhmer)

លោក​ស្រី​បាន​បន្ថែម​ថា អង្គការសហប្រជាជាតិ ចង់​ចូល​រួម​ចំណែក​សហការ​ជួយ​រដ្ឋបាលខេត្តព្រះសីហនុ ឱ្យ​ទៅ​ជា​ទីក្រុង​ឆ្លាត​វៃ ​។ ​យើង​មាន​វិធី​ច្រើន​ដើម្បី​សម្រេច​ទីក្រុង​មួយ​ឆ្លាត​វៃ​ប្រកប​ដោយ​និរន្តរភាព ​និង​បរិយាប័ន្ន​ ។ សម្រាប់​អង្គការ​សហប្រជាជាតិ​យល់​ឃើញ​វិធី​មួយ​ទៀត​ គឺ​ការ​អភិវឌ្ឍ​ឈាន​ទៅ​ទីក្រុង​ឆ្លាត​វៃ​ គឺ​ជា​ការ​ចូល​រួម​ស្ដាប់​មតិយោបល់​របស់​ប្រជាពលរដ្ឋ ​ ​ទី​១.​ ផ្តោត​លើ​អ្នក​និយោគទុន​ ដែល​មាន​ទស្សន​យល់​ឃើញ​ចង់​ឱ្យ​ទីក្រុង​យើង​ល្អ​ ២.​ លក្ខណបរិយាប័ន្ន ​ការ​អភិវឌ្ឍ​ទីក្រុង​របស់​យើង​មិន​សម្រាប់​បុគ្គល​មួយ​ចំនួន​ទេ ​គឺ​សម្រាប់​ទាំង​អស់​គ្នា​ ៣.​ការ​គាំទ្រ​ដល់​រដ្ឋអំណាច​មូលដ្ឋាន ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឆ្លើយ​តប​ទៅ ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ។

លោក​ស្រី​ឱ្យ​ដឹង​ទៀត​ថា ​អង្គការ​សហប្រជាជាតិ នៅ​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ ​នឹង​រៀប​ចំ​កិច្ចការចំនួន ៥ផ្នែក ហើយ​ការងារ​ស្នូល គឺ​ការងារ​គ្រប់​គ្រង​នគរូបនីយកម្ម ការ​គ្រប់គ្រង​ធ្វើ​ផែន​ការ​ឱ្យ​បាន​ហ្មត់ចត់ សម្រាប់​គ្រប់គ្រង​ការ​អភិវឌ្ឍទីក្រុង គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍទីក្រុង ដោយយកចិត្តទុក​ដាក់លើ​ប្រជាពលរដ្ឋរស់នៅទីក្រុង គឺជាយន្តការមួយមាននិរន្តរភាព និងធ្វើឱ្យទីក្រុងទទួលបានផលស្មើៗគ្នា ប្រកបដោយ​សមធម៌សម្រាប់ប្រជាពលរដ្ឋ។ តាមបទពិសោធន៍ប្រទេសលើសកលលោកមាន GDP ៨០ភាគរយ ទទួលបាន​ពីការអភិវឌ្ឍក្នុងទីក្រុង ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង ។

ការ​អភិវឌ្ឍនៅខេត្តព្រះសីហនុ បាន​បង្ហាញ​ពីសក្តានុពលចំបង រួម​ចំណែកការអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ ហើយ​ការ​អភិវឌ្ឍ ក្នុងខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តា​អភិវឌ្ឍ​មានល្បឿនលឿន​ពេក ការ​គ្រប់គ្រងមិនបានហ​​ហ្មត់ចត់នោះ អាចនាំឱ្យប្រជាពលរដ្ឋនៃចំណែកណាមួយមិនបានទទួល​ផលតាម​ទាន់គេ។ យើងបានដឹងថា ទីក្រុងឆ្លាតវៃ ជាគោលដៅមួយ ដែលយើងចង់អភិវឌ្ឍុ ហើយក្រុងព្រះសីហនុ នៃ ខេត្តព្រះសីហនុ ជាទិសដៅមួយក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាតវៃ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមការងារ​បច្ចេកទេស​ខេត្ត​ព្រះសីហនុ​នឹង​ជួបគ្នា​ជាមួយ​ក្រុមការងារ​បច្ចេកទេស​របស់​អង្គការ​សហប្រជាជាតិ​ជាថ្មីទៀត​ដើម្បី​ពិភាក្សា​គ្នា​បន្ថែមថា​តើ​ការអភិវឌ្ឍ​ទីក្រុង​វៃឆ្លាត​ (Smart City) ត្រូវ​រៀបចំ​អ្វីខ្លះ និង​ធ្វើ​អ្វីខ្លះ​?

លោក​បន្តថា ជាដំបូង​នេះ​គឺ​លោក​ចង់ឱ្យ​ខាង UN ជួយ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​នៅ​ខេត្ត​ព្រះសីហនុ​ជាមុនសិន ខណៈ​លោក​មិនទាន់​អាច​បញ្ជាក់​អំពី​គម្រោង​ច្បាស់លាស់​ប្រែ​ក្លាយ​ទីក្រុង​ព្រះសីហនុ​ទៅ​ជា​ទីក្រុង​វៃឆ្លាត​នៅឡើយ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​មិនទាន់​យល់​ (​អំពី​ទីក្រុង​វៃឆ្លាត​)​។ បាន​សុំ​ឱ្យគេ​ (UN) មកជួយ​។ យើង​ទើប​ជួប​ជជែក​គ្នា​ (​កាលពី​ថ្ងៃ​ទី​ ២៩ វិច្ឆិកា​) ​ហើយ​ក្រុមការងារ​មិនទាន់​បាន​ជួបគ្នា​បន្ត​ផង​។ ថ្ងៃក្រោយ គាត់​ (UN) ​ក៏​មាន​ក្រុមការងារ​បច្ចេកទេស​គាត់​និង​ក្រុមការងារ​បច្ចេកទេស​ខ្ញុំ ដើម្បី​ជួបពិភាក្សា​គ្នា​បន្តថា​តើ​ទីក្រុង​វៃឆ្លាត​មាន​ស្អី​ខ្លះ ត្រូវធ្វើ​អី​ខ្លះ និង​រៀបចំ​អី​ខ្លះ​។ ឥឡូវ​យើង​ចេះតែ​ហៅ​ទីក្រុង​វៃឆ្លាត ប៉ុន្តែ​ស្អី​ទៅ​ជា​ទីក្រុង​វៃឆ្លាត​»​។

លោក គួច ចំរើន បន្ថែមថា ការជួបពិភាក្សា​គ្នា​អំពី​គម្រោង​ប្រែក្លាយ​ទីក្រុង​ព្រះសីហនុ​ជា​ទីក្រុង​វៃឆ្លាត​រវាង​លោក​ និង​លោកស្រី Pauline Tamesis ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា គឺជា​ជំនួប​ដំបូង​រវាង​ភាគី​ទាំង​ ២​។

នៅក្នុង​ជំនួប​នោះ​លោក គួច ចំរើន បាន​គាំទ្រ​អង្គការ​សហប្រជាជាតិ​ដែល​ចង់​សហការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ ជា​ទីក្រុង​វៃឆ្លាត ប៉ុន្តែ​លោក​ចង់ឱ្យ​ខាង UN រៀបចំ​ឯកសារ​ធ្វើ​បទបង្ហាញ​ទីក្រុង​ឆ្លាតវៃ និង​បន្តធ្វើ​ការងារ​ជាមួយ​មន្ត្រី​របស់​ខេត្ត ជាពិសេស​ជួយ​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា ក៏ដូចជា​ការផ្ដល់​ឧបករណ៍ សម្ភារ​ក្នុង​ការចូលរួម​អភិវឌ្ឍ​ក្រុងព្រះសីហនុ​ជា​ទីក្រុង​វៃឆ្លាត​។

កាលពី​ដើម​ខែ​វិច្ឆិកា​លោក គួច ចំរើន នៅពេល​ជួបពិភាក្សា​ជាមួយ​លោក Michael Newbill មន្ត្រី​ស្ថានទូត​អាមេរិក​ក៏បាន​លើកឡើង​អំពី​ផែនការ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយ​ទៅជា​ទីក្រុង​វៃឆ្លាត​ផងដែរ ហើយ​នៅពេល​នោះ​លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​បាន​លើកឡើង​ថា ទីក្រុង​វៃឆ្លាត​គឺ​ផ្តោតលើ​រាល់​ការគ្រប់គ្រង​ទីក្រុង​ទាំងអស់​គឺ​ត្រូវ​ប្រើ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា ដូចជា​ការគ្រប់គ្រង​សន្ដិសុខ សុវត្ថិភាព និង​ទេសចរណ៍​ជាដើម​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤