បច្ចុប្បន្ន មាននិស្សិតបរទេសមួយចំនួន កំពុសិក្សាអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងចំណោមនិស្សិតបរទេសទាំងនោះ មានជនជាតិចិន និងវៀតណាមច្រើនជាងគេ។ ក្រៅពីនេះ មានជនជាតិជប៉ុន,ឡាវ, កូរ៉េ, ម៉ាឡេស៊ី និងថៃជាដើម។ លោក Giang Nguyen អាយុ២៨ឆ្នាំ ជានិស្សិតជនជាតិវៀតណាមម្នាក់ដែលកំពុងសិក្សាបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ និស្សិតវៀតណាមរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា រូបគេអាចសរសេរ អាន និងនិយាយជាភាសាខ្មែរបានល្អគ្រាន់បើ ក្នុងចំណោមនិស្សិតបរទេសឯទៀត។ តែយ៉ាងការក៏ដោយ រូបគេនៅតែខំប្រឹងសិក្សាភាសាខ្មែរ និងអនុវត្តជារៀងរាល់ថ្ងៃ ព្រោះភាសាខ្មែរស្រួលនិយាយ និងងាយស្តាប់ ប៉ុន្តែការសរសេរឲ្យត្រឹមត្រូវ មិនមែនជារឿងងាយស្រួលនោះឡើយ។
និស្សិតបរទេសសិក្សានៅសាកលវិទ្យាល័យភូមិន្ទកម្ពុជា
លោក Giang Nguyen ជាជនជាតិវៀតណាម ដែលកំពុងសិក្សឆ្នាំទី៣ផ្នែកអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មានវ័យ២៨ឆ្នាំ Giang Nguyen ប្រាប់សារព័ត៌មានថ្មីៗថា មុនពេលដែលចាកចេញពីប្រទេសកំណើត ដើម្បីមកបន្តការសិក្សាភាសាខ្មែរនៅកម្ពុជា លោក Giang Nguyen មានអាជីពជាមគ្គទេសក៍ទេសចរណ៍។ ដូច្នេះក្រៅពីភាសាវៀត ណាម និស្សិតរូបនេះ ប្រើភាសាអង់គ្លេសជាភាសាទី២។ យ៉ាងណាក៏ដោយនិស្សិតវ័យ ២៨ឆ្នាំ រូបនេះ ដឹងថារូបគេចង់ចេះចង់ដឹង និងស្វែងយល់បន្ថែមពីវប្បធម៌ និងការរស់នៅរបស់ប្រជាជនខ្មែរ។ ដូច្នេះរូបគេមិនរារែកនោះឡើយ នៅពេលដែលកន្លែងធ្វើការ បានជ្រើសរើសខ្លួន នៅក្នុងចំណោមមិត្តរួមការងារដទៃទៀត ឲ្យមកសិក្សាភាសាខ្មែរ នៅកម្ពុជានេះ។ លោក Giang Nguyen រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ការរៀនសូត្រភាសាខ្មែរ គឺជានិស្ស័យរបស់ខ្លួន ហើយដោយសារតែតម្រូវការនៅកន្លែងធ្វើការ គេជ្រើសរើសខ្ញុំក្នុងចំណោមមិត្តរួមការងារទាំងអស់ ឲ្យមកប្រទេសកម្ពុជាដើម្បីសិក្សាអំពីវប្បធម៌ និងភាសាខ្មែរ។ លើសពីនេះ ខ្លួនខ្ញុំផ្ទាល់ក៏មានចិត្តចង់ចេះចង់ដឹង ផ្នែកអក្សរសាស្ត្រខ្មែរផងដែរ»។
និស្សិតវៀតណាមរូបនេះ បញ្ជាក់ថា ការជ្រើសរើសយកភាសាខ្មែរ ជាភាសាបរទេសមួយទៀតរបស់គេ នឹងមិនមានការប៉ះពាល់លើអាជីពនាថ្ងៃអនាគតរបស់ខ្លួនឡើយ មានតែល្អសម្រាប់អាជីពជាមគ្គុទេសក៍។ និស្សិតវ័យ២៨ឆ្នាំ Giang Nguyen រៀបរាប់ថា៖«ការងាចាស់របស់ខ្ញុំ គឺមគ្គទេសក៍ទេសចរណ៍ ហើយខ្ញុំក៏ត្រូវបានបញ្ជូនមកកម្ពុជា ពីសំណាក់ក្រុមហ៊ុនរបស់ខ្ញុំផងដែរ។ ដូច្នេះ សម្រាប់អាជីពនាពេលអនាគត ខ្ញុំគិតថានឹងមិនមានអ្វីប្រែប្រួលនោះទេ គឺមគ្គទេសក៍ទេសចរណ៍ម្នាក់ ដែលការងាររបស់ខ្ញុំ ផ្តោតសំខាន់លើវិស័យទេសចរណ៍ និងសិក្សាអំពីវប្បធម៌ នៃបណ្តាប្រទេសលោកខាងលិច និងខាងកើត»។
ទោះបីនិស្សិតវៀតណាមរូបនេះ ធ្លាប់បានរៀនភាសាអង់គ្លេស ដែលជាភាសាបរទេសសម្រាប់រូបគេមួយរួចមកហើយក្ដី យុវជនវ័យ ២៨ឆ្នាំ រូបនេះ បានជួបប្រទះនូវការលំបាកមួយចំនួន ក្នុងជីវិតនៃការសិក្សាភាសារខ្មែរ នៅកម្ពុជា។ ការលំបាកសម្រាប់គេ គឺសមត្ថភាពក្នុងការអាន និងការសរសេរ។ គេបានលើកឡើងថា ដោយសារភាសាខ្មែរ មានដើមកំណើតមកពីប្រទេសឥណ្ឌា អក្សរខ្មែរមានលក្ខណៈជាអក្សរបាលី និងសំស្ក្រឹត។ វានៅតែជាឧបសគ្គសម្រាប់និស្សិតរូបនេះ ក្នុងការកំណត់វិធីសាស្រ្តសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវល្អ។ លើសពីនេះទៀត គេថា ការអានភាសាខ្មែមានការលំបាក ពីព្រោះតួអក្សរមានលក្ខណៈបុរាណ។ អ្វីដែលលំបាកបំផុតសម្រាប់យុវជនរូបនេះ គឺនៅក្នុងភាសាខ្មែរ ពាក្យរបស់វាមានការផ្សំបញ្ចូលគ្នា រវាងព្យញ្ជនៈ ស្រៈ និងមានជើងព្យញ្ជនៈថែមទៀតផង។ ក្រៅពីនោះ ពាក្យក្នុងភាសាខ្មែរមួយចំនួន ត្រូវបានខ្ចីពីភាសានៃប្រទេសដទៃផ្សេងទៀត។ ដូច្នេះ រាល់ពេលរូបគេអានពាក្យទាំងអស់ ដែលជាពាក្យកម្ចីពីបរទេស គេមិនសូវដឹងពីរបៀបបញ្ចេញសំឡេងយ៉ាងណា ឲ្យបានត្រឹមត្រូវល្អនោះទេ។
បង Giang Nguyen និស្សិតវៀតណាមដែលសិក្សានៅសាកលវិទ្យាល័យភូមិន្ទកម្ពុជា
ដ្បិតការសរសេរភាសាខ្មែរមានភាពលំបាកច្រើន ប៉ុន្តែនិស្សិតរូបនេះ អះអាងថា ការស្តាប់ និងការនិយាយភាសាខ្មែរបានល្អជាង ព្រោះគេបានអនុវត្តការនិយាយភាសាខ្មែរ ជាមួយប្រជាជនកម្ពុជាបានច្រើន ដែលឲ្យរូបគេយល់ភាសាខ្មែរបានកាន់តែច្បាស់ ទាំងអត្ថន័យ និងការលើកដាក់សំឡេង។ ម្យ៉ាងទៀតរបៀបនិយាយនៃភាសាខ្មែរ គឺស្រដៀងនឹងការនិយាយរបស់ភាសាវៀតណាមដែរ។ ហេតុនេះ Giang Nguyen អាចនិយាយខ្មែរបានលឿន និងច្បាស់ល្អ។ Giang Nguyen និយាយថា៖«អ្វីដែលខ្ញុំចូលចិត្តបំផុតក្នុងការរៀនភាសារខ្មែរ គឺខ្ញុំអាចសិក្សាបានស៊ីជម្រៅអំពីវប្បធម៌ ជាតិ សាសនា ភាសា និងប្រជាជន ដ្បិតវាមានលក្ខណៈស្រដៀងគ្នា នឹងប្រទេសវៀតណាមដែរ។» គេបន្ថែមថា៖ «វាផ្តល់ឲ្យខ្ញុំនូវឱកាស ដើម្បីស្វែងយល់បន្ថែមអំពីភាពស្រដៀងគ្នា និងភាពខុសគ្នារវាងប្រទេសទាំងពីរ។»
ដោយខ្លួនមិនមែនជាជនជាតិដើម ដែលមានចំណេះដឹងប្រសើរផ្នែកភាសាខ្មែរ រូបគេមិនមានដំបូន្មាន ឬគន្លឹះប្លែកណាមួយ ដើម្បីឲ្យការរៀនភាសាខ្មែរបានពូកែនោះទេ។ ប៉ុន្តែ ក្នុងនាមជាជនបរទេសម្នាក់ ដែលស្រឡាញ់ភាសារខ្មែរ រូបគេបានលើកទឹកចិត្ត ដល់អ្នកដែលចង់រៀនភាសាខ្មែរទាំងអស់ ជាពិសេសជនបរទេស ត្រូវព្យាយាមនិយាយ និងស្តាប់ជាភាសាខ្មែរតាមដែលអាចធ្វើទៅបាន។ ក្រៅពីនេះ គេគិតថា និស្សិតបរទេសដែលរៀនភាសាខ្មែរទាំងអស់ គួរតែព្យាយាមសម្គាល់ និងទន្ទេញឃ្លាសាមញ្ញទូទៅ ដែលជនជាតិខ្មែរតែងតែនិយាយ និងប្រើប្រាស់។ ជាងនេះទៅទៀត ពួកគេត្រូវខិតខំសិក្សាឲ្យអស់ពីសមត្ថភាព ដើម្បីស្រាវជ្រាវឲ្យបានកាន់តែប្រសើរ។ ជាការរំលឹកចុងក្រោយ របស់គេទៅចំពោះនិស្សិតបរទេសដទៃ ដែលរៀនជំនាញអក្សរសាស្រ្តខ្មែរគឺ៖ «ពេលវេលាមិនរង់ចាំនរណាឡើយ ចូរអ្នករៀនសូត្រឲ្យបានល្អប្រសើរ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់អ្នក»៕
(ប្រភពព័ត៌មាន: thmeythmey.com)
មតិពីមិត្តអ្នកអាន