Trending now

នាយករដ្ឋមន្រ្តី៖ វៀតណាមមិនទទួលយកគម្រោងវិនិយោគដែលមានគុណភាពទាបនោះទេ

07:21 | 07/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - រសៀលនេះថ្ងៃទី ៦ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបទទួលជួបជាមួយ លោក Horst Julius Pudwill ប្រធានសម្ព័ន្ធក្រុមហ៊ុន TTI (មានទីស្នាក់ការនៅហុងកុង (ចិន) ដែលប្រកបជំនាញផលិតឧបករណ៍អគ្គិសនីឧស្សាហកម្មឥតខ្សែឈានមុខគេលើពិភពលោក) នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមមានសិទ្ធិជ្រើសរើសគម្រោងវិនិយោគ ដោយមិនមែនទទួលយកនូវគម្រោង វិនិយោគដែលមានគុណភាពទាបនោះទេ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយលោក Horst Julius Pudwill ប្រធានសម្ព័ន្ធក្រុមហ៊ុន TTI ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង (ចិន) (រូបថតៈ VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមសន្យា បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិន ក្នុងនោះមានទាំងសម្ព័ន្ធក្រុម TTI តែម្តង។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមគឺជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើន ជាពិសេសកិច្ចព្រមព្រៀង CPTPP ដែលមានសុពលភាពជាស្រាប់ហើយ, កិច្ចព្រមព្រៀង EVFTA ដែលទើបតែបានចុះហត្ថលេខាជាផ្លូវការ និងកិច្ចព្រមព្រៀង RCEP កំពុងចរចាយ៉ាងសកម្មផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា វៀតណាមមានសក្តានុពលដ៏ធំធេងសម្រាប់ការវិនិយោគ ជាពិសេសការវិនិយោគទៅលើបច្ចេកវិទ្យាខ្ពស់។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន ពង្រីកការវិនិយោគបច្ចេកវិទ្យាខ្ពស់នៅទីក្រុង Da Nang ទីក្រុងហូជីមិញនិងទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តីក៏បានអះអាងថា បរិយាកាសវិនិយោគនិងធុរកិច្ចរបស់ប្រទេសវៀតណាមមានភាពទាក់ទាញគួរឱ្យកត់សម្គាល់ ដែលត្រូវបានកែលំអជានិច្ច និងខិតខំប្រឹងប្រែងឈរលំដាប់កំពូលរបស់អាស៊ាន។ ពោលគឺ សម្ព័ន្ធក្រុមហ៊ុនជាច្រើន បានវិនិយោគនិងផលិតនៅវៀតណាមនូវផលិតផលបច្ចេកវិទ្យាខ្ពស់ ហើយនាំចេញទៅកាន់ទីផ្សារពិភពលោក។ រដ្ឋាភិបាលវៀតណាមស្វាគមន៍ចំពោះគម្រោងវិនិយោគបច្ចេកវិទ្យាខ្ពស់ដូចជា TTI ហើយនឹងផ្តល់អាទិភាពជួយឧបត្ថម្ភជានិច្ច។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)

ចំណែកឯប្រធានសម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill មានបំណង ចង់វិនិយោគបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ជាពិសេសលើបណ្តាផលិតផលដូចជា គ្រឿងយន្តអេឡិចត្រូនិច ដែលផលិតនៅប្រទេសវៀតណាម។ លោករំពឹងថា បន្ទាប់ពីវិនិយោគនៅវៀតណាមមក ប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងទទួលបានកំណើនខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះទេ TTI នឹងវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមស្តង់ដាររបស់អាឡឺម៉ង់ដើម្បីបណ្តុះបណ្តាលវិស្វករវៀតណាម៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី