គ្រួសារអ្នកស្រីឡឹមធីហឿង និងលោកសើងដែន នៅភូមិបឹងចុង ឃុំតាយវ៉ាន់ ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានថែរក្សាសិល្បៈរបាំឆ្លងកាត់៥ជំនាន់មកហើយ ប្រហែល២០០ ឆ្នាំ។
អភិរក្សល្ខោនរបាំជនរួមជាតិខ្មែរនៅខេត្ត Soc Trang
សិប្បការិនីឡឹមធីហឿង រៀនមុខរបរពីឪពុក គឺសិប្បករឡឹមវែន កើតឆ្នាំ ១៩២៤ អ្នកជំនាន់ទី៤នៃគ្រួសារស្នងមត៌កសិល្បៈរបាំ។ ចាប់ពីឆ្នាំ៥០ដល់៦០នៃសតវត្សរ៍២០ សិប្បករឡឹមវែន ស្នងបន្តប្រវេណីគ្រួសារ បង្កើតក្រុមរបាំ ហើយបានដាក់ឈ្មោះថា “រស្មីបឹងចុង” ដោយមានសមាជិកចំនួន២២នាក់ ដើរសម្ដែងគ្រប់ទីកន្លែងក្នុងខេត្ត មានដូចស្រុកមីស្វៀង មីទូ ថាញ់ទ្រី ឡុងភូ ។ល។ ចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ក្រុមរបាំរស្មីបឹងចុងផ្អាកសកម្មភាព។ កាលនោះ ថ្វីបើឈប់សម្ដែងក៏ពិតមែន ប៉ុន្តែសិប្បករឡឹមវែន នៅតែថែរក្សាមុខរបរ បន្តបង្ហាត់ច្រៀងរាំ ដល់កូនស្រីរបស់ខ្លួននិងបង្ហាត់របៀបធ្វើរបាំងមុខដល់កូនប្រសា គឺសិប្បករសើុងដែន ដើម្បីបន្តថែរក្សាសិល្បៈប្រពៃណី។
ល្ខោនរបាំគឺជាទម្រង់របាំព្រះរាជទ្រព្យរបស់ជនរួមជាតិខ្មែរ។ ការសម្ដែងចាំបាច់ត្រូវមានទាំង ចៀង រាំ គ្រឿងអលង្ការ របាំងមុខ។ល។ សិល្បៈ របាំ ប្រើកាយវិការសម្រាប់បកស្រាយពីរឿងព្រេង ទេវកថាជាដើម។ រាល់ដំណើររឿងបុរាណ ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវដែលជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនានិងរឿងរាមាយណៈរបស់ឥណ្ឌា។ រាល់ការទូន្មាន ប្រៀនប្រដៅ អប់រំសីលធម៌៖ ធ្វើល្អជួបល្អ សុចរិតតែងឈ្នះទុច្ចរិត សាងបុណ្យបានបុណ្យ សាងបាបបានបាប។ល។ ត្រូវបានរៀបចំជាឈុត សម្តែងក្នុងល្ខោនរបាំ។
អាស្រ័យមានប្រភពចេញពីរាជវាំង បានជាសំលៀកបំពាក់ កាយវិការ ពាក្យពោលនៃតួអង្គ ក្នុងឈុតសម្ដែងនេះគឺស្ដេច នាម៉ឺន មន្រ្តី។ ឈុតសម្តែងល្ខោនរបាំត្រូវបានចងក្រងត្រូវនឹងទម្រង់ របៀបរបប ហ្មត់ចត់និងមានលក្ខណៈកាយវិការរូបភាពដ៏ប៉ិនប្រសប់ មានចំណុចជាច្រើនប្រហាក់ប្រហែលនឹងចម្រៀងល្ខោន ចម្រៀងបោយរបស់ជនជាតិវៀត និងទម្រង់ល្ខោនបុរាណច្រើនប្រភេទឯទៀតនៅទ្វីបអាស៊ី។
ក្នុងការសម្ដែងល្ខោនរបាំច្រើនតែមាន២បែកតួអង្គ។ មួយបែកតំណាងឱ្យភាពសុចរិត យុត្តិធម៌ គឺមិនពាក់របាំងមុខ ពាក់ត្រឹមមកុដ។ ចំណែកមួយបែកទៀតតំណាងឱ្យភាពទុច្ចរិត អយុត្តិធម៌ គឺពាក់របាំងមុខ ដូចមានតួអង្គយក្សជាដើម។ តាមសម្ដីអ្នកស្រីឡឹមធីហឿង ក្នុងសិល្បៈរបាំមានចំនួន៣៣ក្បាច់រាំ។ ក្នុងនោះ ក្បាច់ដៃជាមូលដ្ឋាន មាន៨ យក្សមានចំនួន១២ ក្បាច់រាំនីមួយៗសុទ្ធតែមានកាយវិការរូបភាពនិងអត្ថន័យខុសៗគ្នា។ ចំពោះរបាំងមុខដែលប្រើក្នុងសិល្បៈនេះ គឺការចម្លងពីឈុតល្ខោននៃប្រទេសឥណ្ឌា ត្រូវបានច្នៃ បង្កើតយ៉ាងផ្ចិតផ្ចង់ ល្អវិចិត្រ។
ការសម្ដែងល្ខោនរបាំប្រើប្រាស់ប្រភេទរបាំងមុខពី១២ដល់១៦ប្រភេទ។ ចំណែករបាំងមុខយក្ស មានចំនួន១០ ហើយធ្វើជាច្រើនជាន់បែរមុខទៅទិសទាំង៤ បង្ហាញនូវចេតនាប្រែក្រឡាស់ផ្លាស់ប្តូរចិត្តគំនិត អាកប្បកិរិយា។ របាំងមុខដែលប្រើប្រាស់ក្នុងល្ខោនរបាំ គឺមានភាពរស់រវើក មានឫទ្ធី ចេស្តា ទាក់ទាញទស្សនិកជន។ ការប្រើប្រាស់របាំងមុខនេះ នៅទាំងបង្ហាញពីជំនឿបុរាណរបស់ជនជាតិខ្មែរទៀតផង៖ ដោយជឿថា តួអង្គនីមួយៗ ពេលពាក់របាំងមុខនឹងមានគ្រូសណ្ឋិត។
ទន្ទឹមនឹងក្បាច់រាំនិងរបាំងមុខ គ្រឿងអលង្ការគ្រប់ប្រភេទក្នុងល្ខោនរបាំក៏មានទម្រង់ដោយឡែក។ គ្រឿងអលង្ការមានច្រើនប្រភេទ៖ សុរងក ស្បៃ សង្វារ កងជើង កងដៃជាដើម ដោយមានពណ៌ភ្លឺផ្លេក។ ជាមួយនឹងតួអង្គស្លូត-កាច ក្នុងល្ខោនរបាំក៏នៅមានតួត្លុកកំប្លែង ញុំងឱ្យមានសំណើចក្នុងឈុតសម្ដែង។ ល្ខោនរបាំប្រើប្រាស់ រាល់ឧបករណ៍ភ្លេងសំខាន់ មានដូច៖ ស្គរដៃ ស្គរធំ គងនិងស្រឡៃ។
អភិរក្សល្ខោនរបាំជនរួមជាតិខ្មែរ
សិប្បករសើុងដែន(អាយុ៦១ឆ្នាំ) អ្នកជំនាញ សម្ដែងតួយក្ស និងធ្វើរបាំងមុខឱ្យក្រុម បានឱ្យដឹង៖ រាល់របាំងមុខត្រូវបានធ្វើយ៉ាងផ្ចិតផ្ចង់ រួមមានច្រើនដំណាក់ការ។ ផ្នែកគ្រោងរបាំងមុខត្រូវបានធ្វើដោយភ្លៅចាកស្រស់ ច្រៀកតូចៗ ចងផ្គួបចូលគ្នា លំដាប់មកយកដីស្អិតបូកបិទដំឡើងជារូប។ បន្ទាប់មកទៀតប្រើសំពត់ស្ដើងកាត់ ៣សង់ទីម៉ែត្រ៤ជ្រុង ជ្រលក់ជ័រមក្លឿរួចស្មាច់ពីក្រៅ។ រង់ចាំស្រទាប់ដំបូងស្ងួត(ប្រហែល១ថ្ងៃ) ស្មាច់មួយស្រទាប់បន្តទៀត; របាំងមុខនីមួយៗ ច្រើនស្មាច់ពី៨ដល់១០ស្រទាប់សំពត់ជ្រលក់ជ័រមក្លឿ។ ក្រោយពីស្រទាប់សំពត់ចុងក្រោយបង្អស់ ស្ងួត សិប្បករបង្កើតជារូប៖ ច្រមុះ ភ្នែក ត្រចៀក និងបន្ទំក្បាច់ដោយប្រើជ័រទូក។ ក្រោយពីបង្កើតលក្ខណៈមុខមាត់រួចស្រេច ក៏ប្រើជក់គូរក្បាច់ក្បូរបន្ថែមផ្សេងៗ។ ទីបំផុត គាស់ចោលគ្រោងភ្លៅចាក ដីស្អិត ហើយគូរលាបពណ៌សម្រេចរបាំងមុខ។ របាំងមុខនីមួយៗត្រូវចំណាយពេលប្រហែល១ខែទើបរួចស្រេច។ ដោយសាររបាំងមុខ ប្រើសំពត់ជ្រលក់ជ័រមក្លឿ ម្ល៉ោះហើយក៏ស្រាល់ទន់ អាចប្រើបានពី២០ដល់២៥ឆ្នាំ។
ចាប់តាំងពីឆ្នាំ២០០០ ល្ខោនរបាំ ត្រូវបានរដ្ឋយកចិត្តទុកដាក់ ជំរុញខ្លាំងក្លានូវវិធានការអភិរក្សពង្រីក។ ឆ្នាំ២០០៧ ក្រុមរបាំបឹងចុងត្រូវបានអញ្ជើញចូលរួមពិធីជួបជុំជីវភាពប្រជាប្រិយ Smithsonian នៅក្រុង Washington DC សហរដ្ឋអាមេរិក; រៀងរាល់ឆ្នាំចូលរួមសម្ដែងនៅទិវាមហាសាមគ្គីទូទាំងជនជាតិ ថ្ងៃ១៨ ខែវិច្ឆិកា នៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម នៅដុងម៉ូ រដ្ឋធានីហាណូយ។ ឆ្នាំ២០១៩ សិល្បៈរបាំត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ; អ្នកស្រីឡឹមធីហឿង ក៏បានរដ្ឋប្រទានកិត្តិនាមជាសិប្បការិនីឆ្នើម។ ឆ្នាំ២០២០ ក្រុមបានអញ្ជើញចូលរួមសម្តែងរបាំនិងសម្តែងបង្ហាញពីដំណាក់ការធ្វើរបាំងមុខ ក្នុងកម្មវិធីសម្រស់និទាឃរដូវជនបទនៅសារមន្ទីរក្រុងកឹងធើ។ល។
សិល្បៈរបាំសព្វថ្ងៃកំពុងជួបលំបាកមិនតិចក្នុងការថែរក្សាកេរដំណែល ។ អ្នកស្រីឡឹមធីហឿង ឱ្យដឹង៖ ប្រសិនបើចង់រៀនរាល់ក្បាច់រាំត្រូវព្យាយាមហាត់ពត់ឱ្យមានភាពទន់ភ្លន់។ តាមប្រសាសន៍អ្នកស្រី ភាពលំបាកបំផុត នៃល្ខោនរបាំ គឺប្រើភាសាបុរាណច្រើន សព្វថ្ងៃមិនសូវមានប្រើ ចង់បង្ហាត់ដល់សិស្ស អ្នកស្រី ត្រូវប្រកបសម្លេងជាភាសាវៀត។ល។ អាស្រ័យហេតុដូច្នោះ បានជាសមាជិកក្រុមរបាំបឹងចុងសព្វថ្ងៃនេះ ភាគច្រើនគឺកូនចៅរបស់បងប្អូនញាតិសន្ដានក្នុងគ្រួសារអ្នកស្រី។
ល្ខោនរបាំជាទម្រង់សិល្បៈចម្រុះ បន្សល់ទុកនូវតម្លៃប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរ។ សិល្បៈនេះគប្បីស្នងបន្ត ពង្រីកទូលាយ ដើម្បីថែរក្សា ពង្រីកកាន់តែខ្លាំងក្លាថែមទៀត។ របាំមិនត្រឹមតែសម្ដែងក្នុងពិធីបុណ្យធំៗរបស់ជនជាតិខ្មែរប៉ុណ្ណោះទេ នៅថែមទាំងបានសម្តែងក្នុងជើងទេសចរណ៍ស្វែងយល់កេរដំណែលវប្បធម៌ទៀតផង។៕
(សរុបដោយ ហេង វុធ្ធី)
មតិពីមិត្តអ្នកអាន