នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “ដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទុនដល់ធនាគារចំនួនពីរគឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank) ដើម្បីផ្ដល់មូលនិធិឲ្យពលរដ្ឋក្នុងផលិតផលកសិកម្ម ៤ ប្រភេទ មានក្រុមអ្នកផលិត ការដាំដុះបន្លែផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលកែច្នៃ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន
លោក កៅ ថាច បានឱ្យដឹងថា “ធនាគារ ARDB មានតួនាទីធ្វើហិរញ្ញប្បទានលើសហគ្រាសធុនតូចនិងមធ្យមលើការងារកែច្នៃផលិតផលកសិកម្ម ដែលពាក់ព័ន្ធកសិកម្ម។ ចំណែក SME Bank ធ្វើហិរញ្ញប្បទានលើសហគ្រាសធុនតូចនិងមធ្យមលើការងារកសិកម្ម”។
លោកបន្តថា នាបច្ចុប្បន្ន ធនាគារ ARDB ទទួលបានពាក្យស្នើសុំពីពលរដ្ឋលើតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤៥លានដុល្លារ និងមាន ៤៥០សហគ្រាស នៅក្នុងនោះបានធ្វើការផ្តល់កម្ចីបានតែជាង ១០លានដុល្លារ ស្មើនឹងជាង ១០០ សហគ្រាស។
បើតាមរបាយការណ៍ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ចំនួនអ្នកស្នើសុំឥណទានមានចំនួន ៤៣០នាក់ សរុបជាទឹកប្រាក់ ៤២លានដុល្លារ ទៅលើការចិញ្ចឹមជ្រូក ២៨ភាគរយ, ការចិញ្ចឹមត្រី ២៧ភាគរយ, ការចិញ្ចឹមមាន់-ទា ១៥ភាគរយ, ការចិញ្ចឹមគោ ៦ភាគរយ, ការដាំដុះបន្លែ-ផ្លែឈើ ១៧ភាគរយ, ការកែច្នៃផលិតផលកសិកម្ម និងផ្សេងៗ ៧ភាគរយ។
កន្លងមក សម្ដេច ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេសមានទឹកប្រាក់ ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបដើម្បីគាំទ្រដល់ប្រជាកសិករ ប្រជាសហគមន៍ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ ចញ្ចឹមត្រី និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម។
ហិរញ្ញប្បទាននេះ មានគោលបំណងទ្រទ្រង់និរន្តភាព វិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម បង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតភាពក្នុងស្រុក ដើម្បីនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺរាតត្បាត COVID-19៕
(សរុបដោយសាមេត)
មតិពីមិត្តអ្នកអាន