លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃចុងសប្ដាហ៍បានថ្លែងដោយជំរុញដាស់តឿនដល់សិក្ខាកាមយោធាចារ្យប្រមាណជាង ១០០ នាក់ ឲ្យមានស្មារតីជាតិនិយមខ្ពស់ក្នុងការបង្កើននូវវិស័យការពារជាតិខ្លាំង ដើម្បីធានាភាពរឹងមាំនៃប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
ក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី ២ បំពេញក្របខ័ណ្ឌឱ្យសាលាពលទាហានចំណុះយោធភូមិភាគឆ្នាំ ២០២០ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅនៅខេត្ដកំពង់ស្ពឺកាលពីថ្ងៃទី ១១ ខែកក្កដា។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំងគឺដោយសារកងទ័ពខ្លាំង។ នាយទាហានជំនាន់មុនបានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិមកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សានូវកេរមរតកនេះទៅមុខទៀត ដោយឈរលើមូលដ្ឋាននៃស្មារតី ឆន្ទៈ បទពិសោធ ហើយបូកផ្សំជាមួយនឹងសមត្ថភាពជាក់ស្ដែង»។
លោក ម៉ាណែត ថ្លែងថាការហ្វឹកហ្វឺនពលទាហានឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់គឺជាកត្តាសំខាន់បំផុតដែលធ្វើឱ្យកងទ័ពខ្លាំងហើយអាចការពារជាតិមាតុភូមិបានយូរអង្វែងទៅមុខទៀត។ ការហ្វឹកហ្វឺនត្រូវផ្អែកលើកត្តា ២ ទី ១ គឺស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងទី ២ គឺកត្តាសមត្ថភាពដោយមានភាពម្ចាស់ការលើខ្លួនឯង ហើយស្មារតីជាតិនិយម បង្កើននូវភាពជឿទុកចិត្តលើខ្លួនឯងនៅក្នុងការធានាម្ចាស់ការលើអនាគតរបស់ជាតិ។
លោក ម៉ាណែត បានថ្លែងថា៖ «យោធាចារ្យមានតួនាទីសំខាន់ណាស់។ អាជីពជាយោធាចារ្យមានលក្ខណពិសេស ២ ទី១ គឺយើងបានចូលរួមដោយផ្ទាល់ក្នុងការបម្រើជាតិ តាមរយៈការបង្រៀនពលទាហានរបស់យើងឱ្យមានមូលដ្ឋានក្នុងការការពារខ្លួនក៏ដូចជាការពារអង្គភាពធានាបាននូវជោគជ័យក្នុងការបំពេញភារកិច្ចដែលជាមោទនភាពក្នុងការចូលរួមចំណែកការពារជាតិតាមរយៈការបណ្តុះបណ្តាលនូវវីរជនឆ្នើមៗ។ ទី២ គឺយោធាចារ្យទទួលបាននូវកិត្តិយសមហាសាលដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់សិស្សគ្រប់រូបក្នុងនាមជាអ្នកមានគុណដែលបានផ្តល់នូវចំណេះដឹងដល់ពួកគេ»។
លោកបានបង្ហាញដល់សិក្ខាកាម និងយោធាចារ្យឱ្យយល់អំពីតម្លៃនៃអាជីពមួយនេះ ហើយយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហ្វឺន និងចេញទៅបំពេញភារកិច្ចបង្រៀននៅតាមបណ្តាសាលា ប្រកបដោយឆន្ទៈ និងមនសិការខ្ពស់ចេញពីបេះដូង។
លោក ម៉ាណែត បានថ្លែងថា៖ «បន្ទាប់ពីការចូលនិវត្តន៍ទៅ គឺយោធាចារ្យម្នាក់អាចបន្សល់ទុកនូវយោធិនរាប់ពាន់នាក់ដែលយើងបានចូលរួមបណ្តុះបណ្តាល រួមទាំងការបន្សល់ទុកនូវប្រព័ន្ធហ្វឹកហ្វឺនបណ្តុះបណ្តាលអប់រំកងទ័ពបន្តទុកឱ្យកូនចៅយើងជំនាន់ក្រោយៗទៀត។ ដូច្នេះហើយឱកាសជាយោធាចារ្យនេះ គឺជាឱកាសពិសេសមួយដែលសិក្ខាកាមអាចចូលរួមក្នុងការកសាងសមិទ្ធផលសម្រាប់កងទ័ពតាមរយៈការកសាងបណ្តុះបណ្តាលធនធានមនុស្ស»។
លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងកាលពីម្សិលមិញថា បច្ចុប្បន្នយោធាចារ្យដែលកំពុងទទួលបានការបណ្ដុះបណ្ដាលបន្ថែមដើម្បីឱ្យក្លាយទៅជាគ្រូយោធាសម្រាប់បណ្ដុះបណ្ដាលដល់ពលទាហានជំនាន់ក្រោយមានចំនួនជាង ១០០ នាក់។
លោក ផល្លា ថ្លែងថា៖ «បច្ចុប្បន្នយើងកំពុងតែធ្វើការបណ្ដុះបណ្ដាលយោធាចារ្យទូទាំងប្រទេស។ ក្នុងវគ្គនេះមានយោធាចារ្យជាង ១០០ នាក់ ត្រូវបានបណ្ដុះបណ្ដាលសមត្ថភាពបន្ថែម ដើម្បីធ្វើជាគ្រូផ្នែកយោធា។ ពួកគាត់នឹងទទួលបានការបណ្ដុះបណ្ដាលរយៈពេល ៤ ខែគិតចាប់តាំងថ្ងៃបើកវគ្គបណ្ដុះបណ្ដាលកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ មក»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានឲ្យដឹងថា ក្នុងវិស័យកងទ័ពជើងគោកកម្ពុជាត្រូវបានមើលឃើញថាមានការយកចិត្ដទុកដាក់ខ្លាំងលើកិច្ចសហប្រតិបត្ដិការជាមួយនឹងប្រទេសជាមិត្ត ទាំងការផ្លាស់ប្ដូរបទពិសោធ និងពង្រឹងសមត្ថភាព។
លោក ភា បានថ្លែងឲ្យដឹងទៀតថា៖ «បច្ចុប្បន្នវិស័យយោធាកម្ពុជាទទួលបានការគាំទ្រច្រើនជាងគេពីប្រទេសចិន ប៉ុន្ដែការបណ្ដុះបណ្ដាលជំនាញ និងកងកម្លាំងមួយចំនួនក៏ទទួលបានជំនួយពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាមជាដើម»៕
(ប្រភពព័ត៌មាន: ThmeyThmey.com)
មតិពីមិត្តអ្នកអាន