នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី

14:12 | 14/04/2026 ហេង វុធ្ធី

យុគសម័យ - លោក Nguyen Minh Vu សមាជិកមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេស បានសង្កត់ធ្ងន់ថា៖ “ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់បំផុត ដើម្បីលើកកម្ពស់ការផ្សារភ្ជាប់យុទ្ធសាស្ត្រ និងកំណត់នូវកម្រិតកម្ពស់ថ្មី សម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ”។

កាសែត SCMP (ចិន): មុខម្ហូបដែលគួរសាកល្បងនៅ Hoi An (វៀតណាម) កសាង​ព្រំដែន​វៀតណាម​-​ចិន​ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​

តបតាមការអញ្ជើញរបស់អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធាននៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping និងភរិយា, អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ព្រមទាំងភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦។

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេស លោក Nguyen Minh Vu បានចែករំលែកជាមួយបណ្តាសារព័ត៌មានអំពីអត្ថន័យដ៏មានសារៈសំខាន់ពិសេសនៃដំណើរទស្សនកិច្ចនេះ ដោយបញ្ជាក់ថា នេះគឺជាសកម្មភាពកិច្ចការបរទេសទ្វេភាគីជាន់ខ្ពស់ដ៏លេចធ្លោរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ វៀតណាម-ចិន ក្នុងឆ្នាំ ២០២៦។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រី មេត្តាជម្រាបជូនអំពីអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ នេះ?

អនុរដ្ឋមន្ត្រីប្រចាំការ លោក Nguyen Minh Vu៖ តបតាមការអញ្ជើញរបស់អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធាននៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping និងភរិយា, អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ព្រមទាំងភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦។

នេះគឺជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ក្នុងឋានៈជាអ្នកដឹកនាំខ្ពស់បំផុតរបស់បក្ស និងរដ្ឋ ដែលប្រព្រឹត្តទៅចំពេលមួយឆ្នាំគត់ បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់សមមិត្តអគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Xi Jinping (ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥) ហើយក៏ជាលើកទី ៣ ក្នុងរយៈពេលដ៏ខ្លីមិនដល់ ២ ឆ្នាំផងដែលសមមិត្តអ្នកដឹកនាំខ្ពស់បំផុតទាំងពីរនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ បានបន្តធ្វើទស្សនកិច្ចទ្វេភាគី។

នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
នារសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានអញ្ជើញធ្វើកិច្ចពិភាក្សាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។

ដំណើរទស្សនកិច្ចលើកនេះ មានអត្ថន័យពិសេសបំផុតចំនួន ៣។

ជាបឋម ដំណើរទស្សនកិច្ចនេះបានកំណត់នូវការចាប់ផ្ដើមថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី នៅពេលដែលប្រទេសទាំងពីរបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី៖ វៀតណាមឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី បន្ទាប់ពីភាពជោគជ័យយ៉ាងត្រចះត្រចង់នៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ចំណែកឯប្រទេសចិនវិញ បានចាប់ផ្ដើមអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ លើកទី ១៥។ ការដែលភាគីទាំងពីររៀបចំដំណើរទស្សនកិច្ចនេះឡើងក្នុងពេលឆាប់ៗ បានបង្ហាញពីការផ្ដល់អាទិភាពខ្ពស់បំផុត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ចំពោះការអភិវឌ្ឍទំនាក់ទំនង "ផងជាសមមិត្ត ផងជាបងប្អូន" ឱ្យកាន់តែរឹងមាំ ស្ថិរភាព និងជាក់ស្តែងជាងមុន នាពេលខាងមុខ។

ទីពីរ ដំណើរទស្សនកិច្ចនេះគឺជាឱកាសដ៏សំខាន់បំផុត ដើម្បីលើកកម្ពស់ការផ្សារភ្ជាប់យុទ្ធសាស្ត្រ និងកំណត់នូវកម្រិតកម្ពស់ថ្មីសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ អ្នកដឹកនាំខ្ពស់បំផុតនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ នឹងរួមគ្នាឆ្ពោះទៅរកការកំណត់ទិសដៅថ្មីៗ និងការទម្លុះទម្លាយថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ កិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ ខ្សែច្រវាក់ផលិតកម្ម អប់រំបណ្តុះបណ្តាល វិទ្យាសាស្ត្របច្ចេកវិទ្យា និងខិតខំរួមគ្នាដើម្បីសម្រេចបាននូវគោលដៅ និងសេចក្តីប្រាថ្នានៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

ទីបី ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ ជំរុញបណ្តាដំណោះស្រាយដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលនៅមានភាពខុសគ្នា និងការជាប់ជំពាក់ រួមទាំងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងមូលដ្ឋាន ដែលតាមរយៈនោះ រួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានស្ថិរភាព រឹងមាំ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើសកលលោក។

គេអាចមើលឃើញថា ទំនាក់ទំនងកាន់តែមានស្ថិរភាព ប្រសិទ្ធភាព និងជាក់ស្តែងរវាងប្រទេសទាំងពីរ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅនៃកំណើន និងការអភិវឌ្ឍរបស់ទាំងវៀតណាម និងចិនក្នុងយុគសម័យថ្មី រួមចំណែករក្សាស្ថិរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់កំពុងមានអស្ថិរភាព និងភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្ន។ ហេតុដូច្នេះហើយ ដំណើរទស្សនកិច្ចលើកនេះ ត្រូវបានរំពឹងទុកថានឹងក្លាយជាដំណើរទស្សនកិច្ចដែលមានអត្ថន័យពិសេស បង្កើតនូវនិមិត្តរូប និងបង្កើតកម្លាំងរុញច្រានថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រី មេត្តាផ្តល់ការវាយតម្លៃយ៉ាងដូចម្តេច ចំពោះសមិទ្ធផលលេចធ្លោនានាក្នុងទំនាក់ទំនង វៀតណាម-ចិន ក្នុងរយៈពេលកន្លងមកនេះ?

អនុរដ្ឋមន្ត្រីប្រចាំការ លោក Nguyen Minh Vu៖ ទំនាក់ទំនង វៀតណាម-ចិន ក្នុងរយៈពេលកន្លងមក បានរក្សានូវសន្ទុះនៃការអភិវឌ្ឍប្រកបដោយវិជ្ជមាន មានជំហានរីកចម្រើនយ៉ាងច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយតាមទិសដៅ "៦ ជាង" (៦ កាន់តែប្រសើរ)។ ចំណុចលេចធ្លោមួយចំនួនរួមមាន៖

ទីមួយ ទំនុកចិត្តនយោបាយរវាងភាគីទាំងពីរត្រូវបានពង្រឹង និងបង្កើន បន្តពង្រីកតួនាទីតម្រង់ទិសយុទ្ធសាស្ត្រ និងដឹកនាំទំនាក់ទំនងទ្វេភាគីឱ្យរីកចម្រើនលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ បានរក្សានូវការផ្លាស់ប្តូរ និងការជួបប្រាស្រ័យគ្នាជាប្រចាំ តាមរយៈរូបភាពបត់បែនជាច្រើន។ ជាគំរូគឺដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួនពីររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam (ខែសីហា ឆ្នាំ ២០២៤) និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Xi Jinping (ខែមេសា ឆ្នាំ ២០២៥) ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលមិនដល់មួយឆ្នាំផង។

ថ្មីៗបំផុតនេះ ភ្លាមៗបន្ទាប់ពីវៀតណាមបានរៀបចំយ៉ាងជោគជ័យនូវមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងអគ្គលេខាបក្ស លោក Xi Jinping បានមានវិធានការអបអរសាទរជាច្រើនចំពោះមហាសន្និបាត។ អគ្គលេខាបក្ស លោក Xi Jinping ក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទយ៉ាងឆាប់រហ័សជាមួយអគ្គលេខាបក្ស លោក To Lam (ថ្ងៃទី ២៦ ខែមករា) ភ្លាមៗបន្ទាប់ពីមហាសន្និបាតត្រូវបានបញ្ចប់។ សមមិត្តអគ្គលេខាបក្សទាំងពីរ ក៏បានចាត់បញ្ជូនប្រេសិតពិសេសទៅសួរសុខទុក្ខគ្នាទៅវិញទៅមក ដើម្បីអបអរសាទរ និងជម្រាបជូនអំពីលទ្ធផលនៃមហាសន្និបាតបក្សលើកទី ១៤។

នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេស

ការផ្លាស់ប្តូរ និងការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ បានប្រព្រឹត្តទៅយ៉ាងសកម្ម។ បណ្តាយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសម្បូរបែប ដែលបង្ហាញពីទំនុកចិត្តខ្ពស់ ក៏ដូចជាស្មារតីម្ចាស់ការ និងវិជ្ជមានក្នុងការជំរុញកិច្ចសហប្រតិបត្តិការនយោបាយរវាងប្រទេសទាំងពីរ។ ក្នុងនោះ ចំណុចគំរូគឺភាគីទាំងពីរបានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ បណ្តាយន្តការសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋសភា រណសិរ្សមាតុភូមិ បណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ត្រូវបានពង្រឹង និងរក្សាជាប្រចាំ។

ទីពីរ កិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ការពារជាតិ និងសន្តិសុខ មាននិមិត្តរូប និងការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងជាក់ស្តែង។ អ្វីដែលលេចធ្លោនោះគឺ កាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានរៀបចំយ៉ាងជោគជ័យជាលើកដំបូងនូវសម័យប្រជុំលើកទី ១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ កម្រិតរដ្ឋមន្ត្រីការបរទេស ការពារជាតិ និងនគរបាល ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ១៧ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម-ចិន។ ក្នុងឱកាសដដែលនេះ ស្ថាប័ននីមួយៗនៃភាគីទាំងពីរបានមានសកម្មភាពសហប្រតិបត្តិការរៀងៗខ្លួន ដូចជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ការផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនលើកទី ១០ និងសន្និសីទកម្រិតរដ្ឋមន្ត្រីស្តីពីកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសលើកទី ៩។

សកម្មភាពសហប្រតិបត្តិការជាប្រចាំរវាងភាគីទាំងពីរត្រូវបានបង្កើន ដូចជាការរៀបចំការល្បាតរួមគ្នារវាងកងទ័ពជើងទឹកលើកទី ៤០ នៅតំបន់សមុទ្រឈូងសមុទ្រតុងកឹង (ខែមីនា ឆ្នាំ ២០២៦) ការរៀបចំការហ្វឹកហ្វឺនរួមគ្នានៃកងទ័ពជើងគោកនៅប្រទេសចិន (ខែកក្កដា ឆ្នាំ ២០២៥)។ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងយុត្តិធម៌ បន្តត្រូវបានពង្រឹង ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ការរត់ពន្ធ ការបន្លំមុខរបរពាណិជ្ជកម្ម និងការគ្រប់គ្រងព្រំដែន ដែលតាមរយៈនោះ បង្កើតបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ កាន់តែមានលក្ខណៈជាក់ស្តែង ស្ថិរភាព និងចីរភាពជាងមុន។

ទីបី កិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ បានរក្សានូវសន្ទុះនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងក្លាយជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា វៀតណាមបានរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន និង ២ ឆ្នាំជាប់គ្នា (២០២៤, ២០២៥) ជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ចិននៅលើសកលលោក។ ចំណែកឯប្រទេសចិនវិញ ក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នាផងដែរ។ ក្នុងនោះ ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងចិន សម្រេចបាន ២៥៦,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ២៤,៨% បើធៀបនឹងឆ្នាំមុន។

រចនាសម្ព័ន្ធពាណិជ្ជកម្មបន្តត្រូវបានកែលម្អ ដោយមុខទំនិញកសិផល និងជលផលជាច្រើនរបស់វៀតណាមកាន់តែពង្រីកចំណែកទីផ្សារនៅប្រទេសចិន។ កិច្ចសហប្រតិបត្តិការវិនិយោគមានជំហានផ្លាស់ប្តូរពីការពង្រីកបរិមាណ ទៅជាការលើកកម្ពស់គុណភាព ដោយបច្ចុប្បន្នចិនឈរនៅចំណាត់ថ្នាក់ទី ២ លើទុនចុះបញ្ជីសរុបចំនួន ៥,៩៦ ពាន់លានដុល្លារអាមេរិក (បន្ទាប់ពីប្រទេសសិង្ហបុរី) កើនឡើង ៣៣,៤% បើធៀបនឹងឆ្នាំមុន ជាមួយនឹងការលេចឡើងកាន់តែច្រើននូវគម្រោងបច្ចេកវិទ្យាខ្ពស់លើផ្នែកអេឡិចត្រូនិក និងរថយន្តថាមពលថ្មី។ ការតភ្ជាប់យុទ្ធសាស្ត្រ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក (Logistics) សម្រេចបាននូវវឌ្ឍនភាពវិជ្ជមានជាច្រើន។ ភាគីទាំងពីរបានជំរុញការតភ្ជាប់ផ្លូវដែកខ្នាតស្តង់ដារ ការលើកកម្ពស់បណ្តាខ្សែច្រវាក់របៀងសេដ្ឋកិច្ច ព្រមទាំងដាក់ឱ្យអនុវត្តសាកល្បងនូវគំរូច្រកទ្វារព្រំដែនវៃឆ្លាត ដែលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើបញ្ជិកាគយ បន្ថយថ្លៃដើមឡូជីស្ទីក និងពង្រឹងការផ្សារភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

ទីបួន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងមូលដ្ឋាន បានប្រព្រឹត្តទៅយ៉ាងសកម្ម។ ក្នុងឆ្នាំ ២០២៥ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥,២៨ លាននាក់ កើនឡើង ៤១,៣% បើធៀបនឹងឆ្នាំមុន និងឈរនៅលំដាប់ថ្នាក់លេខ ១ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបដែលមកកាន់វៀតណាម។ ចំនួននិស្សិតវៀតណាមដែលកំពុងសិក្សានៅប្រទេសចិនបានឈានដល់កម្រិតកំណត់ត្រា គឺជិត ២៤.០០០ នាក់ (កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ ២០១៩)។

បណ្តាអង្គការមិត្តភាពប្រជាជន និងអង្គការមហាជននៃភាគីទាំងពីរ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវសកម្មភាពផ្លាស់ប្តូរ និងការជួបជុំគ្នា។ សកម្មភាពសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងមូលដ្ឋាននៃប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងរស់រវើក ដែលរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះសង្គមរវាងភាគីទាំងពីរឱ្យកាន់តែរឹងមាំ ព្រមទាំងបង្កើនការយល់ដឹង និងលើកកម្ពស់មនោសញ្ចេតនាមិត្តភាពអ្នកជិតខាងរវាងប្រជាជននៃមូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង។

ទីប្រាំ ភាគីទាំងពីរក៏បានរក្សានូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងយន្តការពហុភាគីនានា ចែករំលែកទស្សនៈស្តីពីការគាំទ្រពហុភាគីនិយម ដោយមានអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល និងច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះ គាំទ្រគ្នាទៅវិញទៅមកលើបណ្តាគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ដ៏សំខាន់ៗ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់តួនាទីវិជ្ជមាននៅតាមវេទិកាពហុភាគីនានា ជាពិសេសគឺនៅអង្គការសហប្រជាជាតិ អាស៊ាន និងមេគង្គ-ឡានឆាង ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើសកលលោក។

ទីប្រាំមួយ ចំពោះបញ្ហាព្រំដែន និងទឹកដី ស្ថានភាពព្រំដែនគោកជារួមត្រូវបានរក្សាឱ្យមានស្ថិរភាព បណ្តាយន្តការផ្លាស់ប្តូរ ការចរចា និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើបញ្ហាសមុទ្រត្រូវបានរក្សាជាប្រចាំ ដោយរួមគ្នាបញ្ជាក់ពីសារៈសំខាន់នៃការគ្រប់គ្រង និងដោះស្រាយការខុសគ្នាឱ្យបានសមស្រប ដែលរួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ដើម្បីឱ្យទំនាក់ទំនង វៀតណាម - ចិន សម្រេចបាននូវសមិទ្ធផលគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងដូចខាងលើ កត្តាសំខាន់បំផុតជាចម្បងនោះគឺ ទំនុកចិត្ត និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ រួមជាមួយការរួមដៃគ្នា និងការចូលរួមយ៉ាងសកម្ម ការគាំទ្រយ៉ាងខ្លាំងក្លា និងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់បណ្តាគណៈ កម្មាធិការ ក្រសួង ស្ថាប័ន មូលដ្ឋាន សហគមន៍អាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ។

រាល់សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក មិនត្រឹមតែរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ផងដែរ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីឱ្យភាគីទាំងពីរបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យរីកចម្រើនតាមទិសដៅស្ថិរភាព សុខដុមរមនា ចីរភាព និងយូរអង្វែងនាពេលខាងមុខ ហើយក៏ជាបុព្វបទដ៏សំខាន់ដើម្បីបើកចេញនូវការទម្លុះទម្លាយនានា នាំទំនាក់ទំនងនៃប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី ជាមួយនឹងកម្លាំងរុញច្រាន និងលំហសហប្រតិបត្តិការថ្មី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអនុរដ្ឋមន្ត្រីប្រចាំការ Nguyen Minh Vu!

វៀតណាម - ចិនបានផ្លាស់ប្តូរបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងសមុទ្រខាងកើតដោយស្មោះត្រង់ វៀតណាម - ចិនបានផ្លាស់ប្តូរបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងសមុទ្រខាងកើតដោយស្មោះត្រង់

យុគសម័យ- នាថ្ងៃទី ២១ ខែកក្កដា លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh រួមជាមួយសមាជិកនៃក្រុមប្រឹក្សាកិច្ចការរដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកWang Yi បានអញ្ជើញធ្វើជាសហអធិបតីភាពក្នុងកិច្ចប្រជុំលើកទី ១២ នៃគណៈកម្មាធិការដឹកនាំ កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន តាយរយៈប្រព័ន្ធវិដេអូ (Video Conference) ។

វៀតណាម - ចិនបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ វៀតណាម - ចិនបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

យុគសម័យ - អ្នកតំណាងនៃប្រទេសវៀតណាម - ចិនបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគីលើការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ស្ថានភាពអន្តរជាតិនិងតំបន់និងបញ្ហាសមុទ្រខាងកើត។

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

ទីក្រុងហូជីមិញ បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ រូប
ការតភ្ជាប់បញ្ញវន្តអាណិកជនវៀតណាម ជាមួយបញ្ហាប្រឈមនៃកសិកម្មបៃតង
កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO
វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ