ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានផ្តល់ឥណទានសម្បទានដល់កម្ពុជានូវទឹកប្រាក់ចំនួន ១១៨ លានអឺរ៉ូ (ប្រមាណ ១២១ លានដុល្លារអាមេរិក) សម្រាប់គម្រោង ២ គឺគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចាប់ដៃជាមួយលោកស្រី Ophe'lie Bourhis នាយិកា AFD ប្រចាំនៅកម្ពុជា។ រូបថត ក្រសួងសេដ្ឋកិច្ច
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី ២៤ ខែធ្នូ បានឱ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោកស្រី Ophe'lie Bourhis នាយិកា AFD ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងទាំង ២ នេះ កាលពីថ្ងៃទី ២៤ ខែធ្នូ។
សេចក្តីប្រកាសព័ត៌មានបន្តថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង AFD នឹងផ្តល់ឥណទានសម្បទានបន្ថែមចំនួន ១០០ លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងនេះបន្តពីគម្រោងជំហានទី១។ គម្រោងនេះមានទិសដៅសាងសាង់ស្ថានីយបូមទឹកដែលអាចផលិតទឹកស្អាតបាន ១៩៥ ម៉ែត្រគុប ក្នុង ១ ថ្ងៃ បំពាក់បំពង់មេនាំទឹកស្អាត បំពង់ចែកចាយនិងសម្ភារតភ្ជាប់បំពង់ទឹក។
គម្រោងនេះក៏មានទិសដៅត្រួតពិនិត្យការងារសាងសង់ និងគាំទ្រដល់ការពង្រឹងសមត្ថភាព មន្ត្រីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារលទ្ធកម្ម និងដំឡើងបណ្តាញចែកចាយទឹក។
ចំពោះគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង AFD នឹងផ្តល់ឥណទានសម្បទានបន្ថែមចំនួន ១៨ លានអឺរ៉ូស សម្រាប់ធ្វើសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជូនរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគម្រោងនេះ ដែលមានក្រសួងការងារ ជាភ្នាក់ងារប្រតិបត្តិគម្រោង ហើយក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ចជាភ្នាក់ងារអនុវត្តន៍គម្រោង។
គម្រោងនេះ មានទិសដៅកែលម្អ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតក្រោយមធ្យមសិក្សាលើកកម្ពស់ការសិក្សាផង និងធ្វើការផងតាមបណ្តាឧស្សាហកម្មនានា។ គម្រោងនេះក៏មានទិសដៅពង្រឹងយន្តការគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។
សេចក្តីប្រកាសបន្តថា៖ «ការផ្តល់ហិរញ្ញប្បទានដល់គម្រោងទាំង ២ ខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព និងសហគ្រិនភាព និងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនតាមរយៈការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងការបំពាក់ប្រព័ន្ធចែកចាយ និងផ្គត់ផ្គង់ទឹកស្អាត»។
លោក គីម សុភៈ និងលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេពីថ្ងៃអង្គារ។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍ និងសន្តិភាព ថ្លែងពីថ្ងៃអង្គារថា ការផ្តល់ឥណទានសម្បទាន គឺជារឿងមួយ ដែលជួយកែលម្អឱ្យប្រជាពលរដ្ឋបានទទួលផលពីគម្រោងទាំងនេះ ប៉ុន្តែអ្វីដែលសំខាន់ គឺកម្ពុជាត្រូវបង្ហាញនូវតម្លាភាពក្នុងការគ្រប់គ្រងឥណទានសម្បទាននេះ។
លោក គិមអេង ថ្លែងថា៖ «កម្ចីសម្បទានខ្លះ ទោះបីជាអត់មានការប្រាក់ ឬមានការប្រាក់ទាបក៏ដោយ ប៉ុន្តែយើងត្រូវសងគេដែរ។ អ៊ីចឹង បើជាអំណាយដែលគេផ្តល់ឱ្យយើង (ឬ) ជំនួយឥតសំណង វាអត់មានបញ្ហាអ្វីទេ។ អ៊ីចឹងរឿងដែលសំខាន់គឺយើងត្រូវមានការគ្រប់គ្រងការចំណាយហ្នឹងឱ្យមានប្រសិទ្ធភាព និងតម្លាភាពសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធ ឱ្យគាត់ទទួលស្គាល់នូវកម្ចីហ្នឹងដែរ ហើយគាត់ក៏មានការរីករាយនឹងសងគេវិញតាមរយៈការបង់ពន្ធអីផ្សេងៗ»។
ចាប់តាំងពីឆ្នាំ ១៩៩៣ ដល់ចុងឆ្នាំ ២០១៩ ប្រទេស បារាំង បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ៨០២ លានអឺរ៉ូ ដែលក្នុងនោះហិរញ្ញប្បទានចំនួន ២០១ លានអឺរ៉ូ ឥណទានសម្បទាន (Sovereign Loan) ចំនួន ៤៣៤ លានអឺរ៉ូ និងឥណទានគ្មានការធានាពីរដ្ឋ (Non Sovereign Loan) ចំនួន ១៦៧ លានអឺរ៉ូ៕
(ប្រភពព័ត៌មាន: postkhmer)
មតិពីមិត្តអ្នកអាន