Trending now

ទីឋាន​ធម្មជាតិ​ស្ងប់​ស្ងាត់​ សម្រាប់​​ទេសចរ ​បារម្ភ​ពី​ជំងឺ​កូវីដ​ ១៩

10:04 | 04/11/2020 (តាម postkhmer)

រដូវដែលធ្លាប់មានភាព​អ៊ូអរ​ តែបច្ចុប្បន្ន​មិន​សូវ​​មាន​មនុស្ស​ធ្វើ​ដំណើរ​ទៅណា​មក​ណា​ ក្នុងអំឡុង​ពេល​ការ​ផ្ទុះ​​វីរុស​​កូរ៉ូណា ​ដែល​កម្ពុជា បាន​ប្រកាស​ជាង ៩០ ករណីទេ​ ហើយ​ពលរដ្ឋ​ក៏ហាក់​គ្មាន​អារម្មណ៍​ចង់​ដើរ​លេង​នៅ​តាម​ទី​ប្រជុំ​ជនឡើយ​។

រីឯការ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ គឺជា​ជម្រើស​​​ដ៏​ល្អ​សម្រាប់​ស្ថាន​ភាព​នេះ តែរដ្ឋាភិបាល​​ក៏មិន​​ទាន់​មាន​វិធានការ​បិទ​ទីក្រុ​ងឬ​ប្រទេស​នោះទេ។ ដូច្នេះ ពលរដ្ឋ​មួយ​ចំនួន​អាច​​ស្វែង​រក​ទីតាំង​ស្ងប់​សុខ​​ជាមួ​យនឹង​ទេសភាព​ធម្មជាតិ​ ដើម្បី​កាត់​ស្ដ្រេ​ស​ និង​ការ​ភ័យ​ខ្លាច​។ លើស​ពី​នេះ វា​ក៏​ជា​ឱកាស​ចំពោះ​ការ​ហាត់​ប្រាណ​រាង​កាយ និង​ដុត​កាឡូរី​ផង​ដែរ។

ភ្នំពេញ​ ប៉ុស្ដិ៍ សុំ​ណែនាំ​រីស​ត​ធម្មជាតិ​ចំនួន ៣ សម្រា​ប់​អ្នក​ចង់​ទទួល​បាន​ភាព​ត្រជាក់​ត្រជុំ​ពី​បរិយាកាស​ក្ដៅ​ហែង​ផង និង​ចង់​គេច​ពី​ទំនាក់​ទំនង​សង្គម​មួយ​រយៈ​ផង។

ទិដ្ឋភាព​ទឹក​ធ្លាក់​អូរយ៉ះ ស្ថិត​ក្នុង​ខេត្ដ​រតនគិរី​​។ រូបថត យូរសុះ អាប់ឌុលរ៉ាស់ហ៊ីម​


១. ដើរ​កាត់​ព្រៃ​ភូមិ​ជន​ជាតិ​ដើម​ភាគតិច​​​ទៅកាន់​ទឹក​ធ្លាក់​អូរយ៉ះ​ ខេត្ដ​រតនគិរី​

ទឹក​ធ្លាក់​អូរយ៉ះ ស្ថិត​ក្នុង​ព្រៃ​សហគមន៍​ ភូមិ​ឡាំង​អាវ ឃុំ​កោះ​ប៉ង់ ស្រុក​វ៉ឺនសៃ ដែល​មាន​ទឹក​ធ្លាក់​​ហូរ​ជា ​២ ​ល្បាក់ ​កម្ពស់​ប្រមាណ ៤០ ម៉ែត្រ​​ ​គឺជា​ទីឋាន​ធម្មជាតិ​​មិន​​ទាន់​មាន​មនុស្ស​លុក​លុយ​នៅ​ឡើយ​។

លោក ឆាប វែល អាយុ ២៧ឆ្នាំ ជា​ជនជាតិ​ដើម​ភាគ​តិច​កាចក់ និង​ជា​​មគ្គុទ្ទេសក៍​ភូមិ​ម្នាក់ បាន​នាំ​ភ្ញៀវ​ជិះ​ទូក​​១​ម៉ោង​តាម​ដង​​ទន្លេ​សេសាន រួច​សំចត​នៅ​ចុង​ភូមិ​នៃ​ឃុំ​កោះ​ពាក្យ​។

ពួកគេ​បន្ដ​ដំ​ណើរ​ថ្មើរ​ជើង ៣ ម៉ោង​ទៀត​ កាត់​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ទំពូន ​មុន​ពេល​​ទៅដល់​ទឹក​ធ្លាក់​អូរយ៉ះ​។ នៅ​តាម​ផ្លូវ​ ទេសចរ​ចំណាយ​ពេល​ដើរ​​ ១ ម៉ោង​ឆ្លង​​កាត់​ភូមិ ខណៈ​លោក វែល​ អនុញ្ញាត​​ឲ្យ​ភ្ញៀវ​គយ​គន់​ទេសភាព​វាល​ស្រែ​ និង ​ការ​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​។

ក្រោយ​ពី​ដើរ​ ២ម៉ោង​កាត់​ព្រៃ សំឡេង​ទឹក​​ហូរ​ចាប់​ផ្ដើម​លាន់​ឮ​រងំ​ដល់​​ត្រចៀក​អ្នក​ដំណើរ​ដ៏​នឿយ​ហត់​។ ពេល​នោះ ពួកគេ​នឹង​បាន​ឃើញ​ក្យូស​ឈើ​ធំមួយ​ ជា​ទី​ឋាន​សម្រាក​ និង​ទទួល​​ទាន​អា​ហារ​ មុន​ពេល​ចុះ​ងូត​ទឹក​ដ៏​ត្រជាក់​ស្រេង​នៃ​ជ្រោះ​អូរ​យ៉ះ ស្ថិត​ក្នុង​ភូមិ​ឡាំង​អាវ​ ឃុំ​កោះ​ប៉ង់​។

ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ផ្ទាល់​ទៅ​កាន់​កំពង់​ដ ភូមិ​កាចក់​ ដោយ​ទាក់​ទង​លោក ឆាប វែល តាម​ទូរស័ព្ទ ០៩៧ ៨២៩ ២៤ ១៣ ឬតាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍ Green Jungle Trekking Tours-Cambodia តាម​លេខ​ទូរស័ព្ទ ០៨៨ ៤៥៤ ៦៤ ៦៦។

​ទឹក​ធ្លាក់​ស្ទឹងតាសុក កម្ពស់​ ១០ ម៉ែត្រ​ហូរ​បំពេញ​អាង​ទឹក​ធម្មជាតិ​ដ៏​ធំ​មួយ​សម្រាប់​ភ្ញៀវ​ហែល​លេង​​​។ រូបថត ភ្នំពេញ​ ប៉ុស្ដិ៍

២. ​ត្រាច់​ចរ ​២ ​​ម៉ោង​ទៅកាន់​ទឹក​ធ្លាក់​ស្ទឹង​តាសុក ​ខេត្ដ​ពោធិ៍សាត់

ទឹក​ធ្លាក់​ស្ទឹង​តាសុ​ក ស្ថិត​នៅ​ចន្លោះ​តំ​បន់​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​សំកុះ និង​ជួរ​ភ្នំ​​ក្រវាញ តម្រូវ​ឲ្យ​ភ្ញៀវ​​ដើរ​ ២ ម៉ោង​ដើម្បី​ទៅ​ដល់​ទីឋាន​ធម្មជាតិ​ល្អ​ស្រស់​នេះ​។

មគ្គុទេ្ទសក៍​ភូមិ កង​ ណយ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​នាំ​ភ្ញៀវ​ឲ្យ​បាន​ស្គាល់​នូវ​ទឹក​ធ្លាក់​ដែ​ល​ពួកគេ​អាច​ចំណាយ​ពេល​សម្រាក ក៏​ដូចជា​ទទួល​អាហារ និង​ហែល​ទឹ​ក​ត្រជាក់​ស្រេង​ដើម្បី​បំពេញ​នូវ​ថាមពល​ក្រោយ​ការ​ធ្វើ​ដំណើរ​នឿយ​ហត់​។ រា​ល់​ជំហាន​ទៅ​កាន់​ទីឋាន​ធម្មជាតិ​នេះសុទ្ធ​តែ​ផ្ដល់​នូវ​ភាព​ស្រស់​ស្រាយ​​ជាមួយ​ធម្មជាតិ​។

ចត​រថយន្ដ​នៅ​ផ្ទះ​លោក​​ សេង ម៉េង​គ្រី ហៅ តា​ ៩៧ ជា​ទី​ដែល​អ្នក​ដំណើរ ដែល​គួរ​ប្រើ​ប្រាស់​រថយន្ដ​ផ្ទាល់​ខ្លួន​ និង​​ចៀស​វាង​ជិះ​រថយ​ន្ដ​ឈ្នួល​រួម ឈប់​សម្រា​ក​មួយ​ភ្លែត​ ក្រេប​ភេសជ្ជៈ​ត្រជាក់​​ៗ​មុន​បោះ​ជំហាន​ដើរ​ឆ្លង​កាត់​ទឹក​ធ្លាក់​ឆាយ​ប្រុយ​កម្ពស់​ ៥០​ ម៉ែត្រ។

ដោយសារ​ដំណើរ​កាត់ព្រៃ​មាន​ការ​ស្មុគ​ស្មាញ ទេសចរ​គួរ​តែ​មាន​អ្នក​នាំ​ ផ្លូវ​ បើ​មិន​ចង់​វ​ង្វេង​ផ្លូវ​។ អ្នក​ដំណើរ​អាច​ទទួល​បាន​នូវ​បទពិសោធ​ចំពោះ​ការ​ក្រេប​ទឹក​​រសជាតិ​ប្លែក​ពី​វល្លិទឹក ដែល​លោក ណយ មិន​ភ្លេច​ណែនាំ​។

ខ្យល់​អាកាស​ត្រជាក់​រំភើយ​ពេល​ឈាន​ជើង​កាន់តែ​កៀក​ទឹក​ធ្លាក់ ដែល​ហូរ​ចុះ​កម្ពស់ ១០ ម៉ែ​ត្រ​ មក​បំពេញ​អាង​ធម្មជាតិ​ដ៏​ធំ​ សម្រាប់​ទុក​ឲ្យ​ភ្ញៀវ​ហែល​លេង​កម្សាន្ដ​បំបាត់​ភា​ព​នឿយ​ហត់​ មុន​ពេល​ទទួល​ទាន​អាហារ​ចម្អែត​ក្រពះ​​។​

ការ​ដើរ​ពី​ទឹក​ធ្លាក់​ឆាយ​​ប្រុយ ទៅកាន់​​ទឹក​ធ្លាក់​ស្ទឹង​តាសុក អាច​ចំណាយ​ពេល​ពី ១ម៉ោង​កន្លះ​​ទៅ ២ម៉ោង​។ ការ​ដើរ​ចាប់​ផ្ដើម​ពី​​ភូមិ​ឆាយ​លូក​ ស្រុក​វាលវែង​នៃ​ខេត្ដ​ពោធិ៍​សាត់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សុំ​ទាក់​ទង​មគ្គុទ្ទេសក៍​ភូមិ​​លោក កង ណយ តាម​លេខ​ទូរស័ព្ទ ០៨១ ៦៦៧ ៤០៧​។

ទិដ្ឋភាព​ទឹក​ធ្លាក់​ភ្នំត្បែង ឬ​តាម៉ា ស្ថិត​នៅ​លើ​កំពូល​ភ្នំត្បែង​ខេត្ដ​ព្រះវិហារ​​។

៣. ឡើងជណ្ដើរ​ជាង​ ១ពាន់​កាំ​ទៅ​លេង​ទឹក​ធ្លាក់​ភ្នំ​ត្បែង​​​ខេត្ដ​ព្រះវិហារ​

ទឹក​ធ្លាក់​ភ្នំ​ត្បែង ឬតាម៉ា ស្ថិត​នៅ​រយៈ​កម្ពស់​ ៦០០ម៉ែត្រ​នៃ​កំពូល​ភ្នំ​ត្បែង​ ចម្ងាយ​ប្រមាណ ៣៥គីឡូម៉ែត្រ​ពី​ក្រុង​ព្រះវិហារ។ ភ្ញៀវ​ត្រូវ​ដើរ​ឡើង​ភ្នំ​ត្បែង​ដោយ​ជម្នះ​ជណ្ដើរ​ថ្ម ១ ៣៤៥ កាំ​ រួច​បន្ដ​ដំណើរ​ទៅកាន់​អារាម​ភ្នំ​ត្បែង ឬ​ដំបូក​ខ្មៅ​ ១ គីឡូម៉ែត្រ​ទៀត​។

ទឹក​ធ្លាក់​ពណ៌​ស​ក្បុស​ឆ្លុះ​សម្រស់​ធម្ម​ជាតិ​បៃតង​ដែល​គ្រប​ដណ្ដប់​ជញ្ជាំង​ភ្នំ​ពិត​ជា​រំលេច​នូវ​ទស្សនីយភាព​ស្រស់​​ត្រកាល​។

លោក ខេក ធួន ជា​អ្នក​ស៊ី​ឈ្នួល​លី​អីវ៉ា​ន់​ឡើង​ភ្នំ​ បាន​និយាយ​ថា​៖ «​ភ្ញៀវ​ភាគ​ច្រើន​មិន​អាច​លី​សែង​របស់​ធ្ងន់​ៗ​ឡើង​ភ្នំ​បាន​ឡើយ​។ ដូច្នេះ ពួកគាត់​អាច​ជួល​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​។ ដោយសារ​តែ​​ផ្នែក​ខ្លះ​នៃ​ជណ្ដើរ​មាន​សភាព​ចោត​ខ្លាំង​ ភ្ញៀវ​ខ្លះ​ដើរ​ខ្លួន​ទទេ​ឡើង​ក៏​ពិបាក​ដែរ​»។

លោក ធួន បាន​បន្ដថា​៖ «​ចាប់​ពី​ជើង​​ភ្នំ​រហូត​ដល់​កំពូល មាន​ជ​ណ្ដើរ​ថ្ម​ ១​ ០៩២ កាំ​ ដោយ​មាន​​​ចំណោត​ខ្លាំង ៣​កន្លែង​។ ពេល​ឡើង​ដល់​ខាង​លើ នៅ​សស់​ ២៥​៣ កាំ​ទៀត​ដើម្បី​ទៅ​ដល់​វត្ដ​ដំបូក​ខ្មៅ​»។

ចម្ងាយ​ប្រមាណ ២​៨០ គីឡូម៉ែត្រ​ពី​រា​ជ​ធានី​ភ្នំពេញ ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ៦ មុន​ពេល​បត់​ឆ្វេង​ទៅកាន់​ផ្លូវ ៦២ ក្នុង​ឃុំ​ត្រពាំង​ឫស្សី ខេត្ដ​កំពង់ធំ​។ ​

ពេល​ទៅ​ដល់​ជើង​​ភ្នំ​ត្បែង ភ្ញៀវ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មគ្គុទេ្ទសក៍ភូមិ​ ឬ​អ្នក​ជួយ​លីសែង​អីវ៉ាន់​ជា​ច្រើន​នាក់​ ហើយ​ពួកគេ​អាច​ជ្រើស​រើស​​អ្នក​ភូមិ​ជួយ​កិច្ចការ​ធ្ងន់​ៗ​នេះ​បាន​។ សេវាកម្ម​លីសែងអីវ៉ាន់​ដែល​មាន​ទម្ងន់​ចាប់ពី ៣​​​០ ដល់ ៥០គីឡូក្រាម មាន​តម្លៃ​ចន្លោះ​ពី ៣ម៉ឺន​ ទៅ ៥ម៉ឺន​រៀល​៕



(តាម postkhmer)

(តាម postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ