Trending now

ទៅលេងនៅភ្នំប្រសិទ្ធ តិចអត់ស្គាល់ប្រាសាទស្រីគ្រប់លក្ខណ៍

22:50 | 30/07/2020

មាន​ភ្ញៀវទេសចរជាច្រើនដែល​បាន​ទៅ​លម្ហែកាយ​នៅរមណីយដ្ឋានភ្នំ​ប្រសិទ្ធ​ហើយ​មិន​ស្គាល់ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​ដែល​នៅលើ​ចង្កេះភ្នំ​ប្រសិទ្ធ​ភាគ​ខាងជើង ខេត្តកំពង់ស្ពឺឡើយ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​បាន​ទៅដល់​ទីនោះ​នឹង​ធ្វើឱ្យ​អារម្មណ៍មានការ​ស្រងេះស្រងោច នូវ​ភាព​ឯកា​នៃ​ប្រាសាទ​នេះ ។

ទេសភាពនៃភ្នំប្រសិទ្ធ

​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ ជា​ប្រាសាទ​ឥដ្ឋដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​តំបន់ ដោយហេតុថាប្រាសាទ​នោះ​ត្រូវបាន​សាងសង់​នា​សម័យ​វប្បធម៌​ចេនឡា ។ ពី​សម័យ​បុរេប្រវត្តិសាស្ត្រ រហូតដល់​ស​.​តទី ​៧ នៃ​គ​.​ស ភ្នំ​នៅ​ទីនោះ និង​ ដោយឡែក​គឺ​ភ្នំ​ប្រសិទ្ធត្រូវបាន​គេ​ចាត់ទុកថាជា​កន្លែង​ពិសិដ្ឋ​អស្ចារ្យ ។ នេះ​ដោយសារតែ​ជនជាតិខ្មែរ មាន​ជំនឿ​ទៅលើ​មហិទ្ធិឫទ្ធិ​នៃ​ភ្នំ និង ​រូងភ្នំ ដែល​ពួកគេ​ចាត់ទុកថាជា​កន្លែងដែល​ពោរពេញ​ទៅដោយ​បារមី​ស័ក្តិសិទ្ធិគួរ​ជាទី​សក្ការៈបូជា ។


​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ មាន​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណីត ថ្វីត្បិតតែ​ត្រូវ​របេះ​ជ្រុះ ឬ​រលុប​សឹង​ទាំងអស់​ក៏ដោយ ។ បូជនីយ​​ដ្ឋា​ន​នេះ​ដែល​ដំបូល​ត្រូវរ​លំបាក់ មានមុខ​បែរ​ទៅ​ទិសខាងកើត ហើយ​ដូច​ទីតាំង​ស័ក្តិ​សិទ្ធ​ផ្សេងៗ​ឯទៀត ក្នុងសម័យ​ចេនឡា​ដែរ ប្រាសាទ​មាន​ទ្វារបញ្ឆោត​៣​គឺ នៅ​ខាងលិច ត្បូង និង​ជើង ។ នៅលើ​ជញ្ជាំង​ទាំង ៤ ទិស​នៃ​ប្រាសាទ គេ​ឃើញ​មាន សសរ​ពេជ្រ​តូចៗ​ធ្វើ​អំពី​ឥដ្ឋ លើកលែងតែ​ទ្វារ​ពិត ដែលមាន​សសរ​ពេជ្រ​ធ្វើ​ពី​ថ្មភក់​ពីរ​ទ្រ​ក្បាច់​ផ្តែរ និង ​មាន​រាង​ក្បាច់​ផ្កា​ជា​បន្ទាត់កោង ។ នៅតាម​ស៊ុមទ្វារ​នីមួយៗ មាន​ក្បាច់​វិមានអាកាស​តូចៗ​ពីរ​ទាំងសងខាង ។​

​អាយុកាល​របស់​ប្រាសាទ​ត្រូវបាន​កំណត់ ដោយ​សិលាចារឹក​មួយ​ផ្ទាំង​ដែលមាន​ចុះ​កាលបរិច្ឆេទ ត្រូវ​នឹង​ឆ្នាំ ៦៦៧ នៃ​គ​.​ស ។ ដូចនេះ​ប្រាសាទ​ត្រូវបាន​សាងសង់ឡើង ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ១ (៦៥៥-៦៨១ នៃ​គ​.​ស​) ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា (​សិវ​និកាយ​) ។ ម្យ៉ាងវិញទៀត តាម​ការវិភាគ​ក្បាច់​ផ្តែរ​បានឱ្យដឹងថា ប្រាសាទ​នេះ​ស្ថិតក្នុង​អន្តរកាល​រវាងរចនាបថ​ព្រៃ​ក្មេង និង ​កំពង់ព្រះ ៕





(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ
សិក្ខាសាលា "សកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជុំវិញពិភពលោក និងមេរៀនមួយចំនួនដែលបានរៀនសម្រាប់ប្រទេសវៀតណាម"