កម្ទេចថ្មគូបតូចធំ ដួលរាយប៉ាយពាសពេញដី ដែលមនុស្សម្នាជាច្រើនធ្លាប់ដើរជាន់ ដោយមិនបានចាប់អារម្មណ៍នោះ រាល់ថ្មនីមួយៗសុទ្ធតែជាវត្ថុសក្ការបូជារបស់ពុទ្ធសាសនិកបានប្រែក្លាយជាវិមានប្រាសាទពុទ្ធបដិមាដ៏អស្ចារ្យ និងទាក់ចិត្ដភ្ញៀវទេសចរ ក្រោយកិច្ចការជួសជុលដំឡើងតួប្រាសាទចតុមុខត្រូវបានបញ្ចប់ទាំងស្រុង។
ព្រះពុទ្ធបដិមាទល់ខ្នងគ្នា មានកម្ពស់ប្រមាណ ១០ ម៉ែត្រ (postkhmer.com)
ប្រាសាទព្រះពុទ្ធ ៤ អង្គទ្រង់ឈរទល់ខ្នងគ្នាបែរទៅទិសធំទាំង ៤ ត្រូវបានចាត់ទុកជាប្រាសាទដ៏កម្រ ដែលស្ថិតនៅក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ចន្លោះសតវត្សរ៍ទី ១១ និង ១៤ ដោយកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។
យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានបេតិកភណ្ឌ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ប្រាសាទចតុមុខបានដួលរលំអស់ពាក់កណ្ដាលតាំងពីយូរណាស់មកហើយ ដោយនៅសេសសល់ត្រឹមចង្កេះចុះក្រោមប៉ុណ្ណោះ។
ព្រះពុទ្ធបដិមាទ្រង់ឈរទល់ខ្នង នៃប្រាសាទ ចតុមុខ (postkhmer.com)
នៅតាមជញ្ជាំង និងផ្នែកខាងក្នុងមានដើមឈើ និងឫសឈើដុះញែកជញ្ជាំងកាន់តែខ្លាំង ដែលធ្វើឲ្យតួប្រាសាទប្រឈមការបាក់បែកទាំងស្រុង។ ចំណែកឯព្រះសិររបស់ព្រះពុទ្ធបដិមាបានធ្លាក់រាយប៉ាយលើដី និងរមែងត្រូវបានភ្ញៀវដើរជាន់។
របាយការណ៍បានបន្ដថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអនុញ្ញាតឲ្យលោកស្រី ម៉ែន សំអន ដឹកនាំការជួសជុលប្រាសាទដ៏កម្រនេះ ដើម្បីលើកស្ទួយពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងលើកតម្លៃផ្នែកវប្បធម៌ឲ្យកាន់តែទូលំទូលាយ។ ពិធីអភិសេកប្រាសាទចតុមុខ ត្រូវបានធ្វើឡើងកាលពីខែ មីនា ឆ្នាំ ២០១៨។
ប្រាសាទចតុមុខជាប្រាសាទដ៏កម្រ
លោក ធុយ ចាន់ធួន បាននិយាយឯកភាពនឹងសំណេរបរិយាយលើក្ដារព័ត៌មាននៃគម្រោងអភិរក្ស និងជួសជុលប្រាសាទចតុមុខស្ដីពីភាពវិសេសរបស់ប្រាសាទក្នុងក្រុមប្រាសាទព្រះខ័នកំពង់ស្វាយមួយនេះថា៖ «ខ្ញុំដូចជាមិនឃើញមានប្រាសាទណាផ្សេង ដែលកសាងឡើងជាទម្រង់ព្រះពុទ្ធទ្រង់ឈរទល់ខ្នងគ្នា ៤ អង្គ បែបនេះនោះទេ។ វាជារឿងល្អមួយចំពោះលក្ខណពិសេសបែបនេះ»។
ព្រះពុទ្ធបដិមាទ្រង់ឈរទល់ខ្នង នៃប្រាសាទ ចតុមុខ (postkhmer.com)
សាស្ដ្រាចារ្យបុរាណវិទ្យារូបនេះ បានឲ្យដឹងថា ប្រាសាទចតុមុខត្រូវបានកសាងឡើងក្នុងទសវត្សរ៍ទី ១២ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលពេលនោះ ព្រះអង្គបានដឹកនាំកងទ័ពទៅទីនោះ ដើម្បីត្រៀមកម្លាំងផ្ដួលរលំកងទ័ពចម្ប៉ា។
ប្រាសាទចតុមុខ ស្ថិតក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ដែលមានរចនាប័ទ្មដូចអង្គរវត្ដ ដូចបេងមាលាជាអតីតរាជធានីដ៏ធំបំផុតនៅកម្ពុជា ដែលមានទំហំ ៥ គីឡូម៉ែត្រ ៤ ជ្រុង។
វិសាលភាពធំធេងនៃបណ្ដុំប្រាសាទ ត្រូវបានលោកអះអាងថា៖ «សួរថា ទីក្រុងស្រុកខ្មែរបុរាណ តើក្រុងដែលធំជាងគេ វាមិនមែនក្រុងលង្វែក មិនមែនក្រុងឧដុង្គ មិនមែនក្រុងអង្គរ ឬយសោធរបុរៈទេ តែជាទីក្រុងបាកានកំពង់ស្វាយ។ អតីតរាជធានីនេះជាទីតាំងបង្កើតកងទ័ពរបស់រាជាជ័យវរ្ម័នទី ៧។ យើងបានឃើញភ័ស្ដុតាងច្រើនពីការផលិតដែកសម្រាប់បង្កើតជាអាវុធស្ថិតនៅជុំវិញប្រាង្គប្រាសាទបាកានកំពង់ស្វាយ»៕
ព្រះពុទ្ធទាំង ៤ តំណាងឲ្យព្រហ្មវិហារធម៌មាន មេត្តា ករុណា មុទិតា និងឧបេក្ខា (postkhmer.com)
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: postkhmer.com)
មតិពីមិត្តអ្នកអាន