Trending now

ទំនៀមទំលាប់សែនផ្ទះដើមឆ្នាំថ្មីរបស់ជនជាតិ Thai នៅខេត្ត Son La

19:47 | 28/02/2022 យោងតាមវិឡូសំលេងវៀតណាម

តាំងពីបុរាណកាលមក ជនជាតិ Thai នៅខេត្ត Son La មានទំនៀមទំលាប់ “Xen huon” មានន័យថា ពិធីសែនផ្ទះនៅដើមឆ្នាំថ្មី។ ទំនៀមទំលាប់នេះមានអត្ថន័យសម្ដែងការដឹងគុណចំពោះជីដូនជីតា អ្នកដែលបានចែកឋានទៅ ក្រោយ រយៈពេល១ឆ្នាំធ្វើការប្រកប ដោយផ្លែផ្កា ព្រមទាំងបួងសួងសុំឲ្យក្នុងឆ្នាំបន្ទាប់ទៀត មនុស្សគ្រប់គ្នាក្នុងគ្រួសារមានសុខភាពល្អបរិបូរ ជួបតែភាពសុខសាន្ត សុភមង្គល រកស៊ីមានបានផងដែរ។

នៅពេលរដូវផ្ការីកមកដល់ម្ដងៗ បន្ទាប់ពីជ្រើសរើសបានថ្ងៃល្អខែល្អ ហើយត្រៀមរៀបចំគ្រឿងសំណែនរួចរាល់ ម្ចាស់ផ្ទះនឹងទៅអញ្ជើញគ្រូសែន (ត្រូវតែជាបុរស) មកសែនផ្ទះថ្មីសម្រាប់គ្រួសារខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ជនជាតិ Thai ខ្មៅនិង Thai ស នៅតាមតំបន់នីមួយៗនឹងរៀបចំពិធីសែនផ្ទះថ្មីនៅវេលាផ្សេងៗគ្នា ដែលអាចជាមុន ក្នុងអំឡុងពេល ឬក្រោយបុណ្យតេតប៉ុន្មានថ្ងៃ។ ប៉ុន្តែគ្រួសារជនជាតិ Thai នៅទីក្រុង Son La ច្រើនតែធ្វើពិធីនេះប្រហែលនៅថ្ងៃទី៤ឬទី៥បុណ្យ តេតប្រពៃណី។

ការរៀបចំពិធីសែនផ្ទះនៅដើមឆ្នាំថ្មី ក៏អាស្រ័យលើលក្ខណៈនៃគ្រួសារនីមួយៗផងដែរ។ គ្រួសារណាដែលមានលទ្ធភាព អាចរៀបចំពិធីសែនមួយឆ្នាំម្ដង បើគ្មានលទ្ធភាពទេ ជារៀងរាល់២-៣ឆ្នាំធ្វើម្ដងក៏បាន ដរាបណាកូនចៅធ្វើពិធីដោយស្មោះអស់ពីដួងចិត្ត។ លោក Ca Van Chung អ្នកដែលយល់ដឹងអំពីវប្បធម៌ជនជាតិ Thai នៅភូមិ Nong La ឃុំ Chieng Ngan ទីក្រុង Son La បានឲ្យដឹងថា៖

ទំនៀមទំលាប់សែនផ្ទះដើមឆ្នាំថ្មីរបស់ជនជាតិ Thai នៅខេត្ត Son La
ស្ពកសែនផ្ទះនៅដើមឆ្នាំថ្មីរបស់ជនជាតិ Thai នៅខេត្ត Son La។ (រូបថត៖ baosonla)

“ពីធីសែនផ្ទះនៅដើមឆ្នាំថ្មី គឺជាទំនៀមទំលាប់មួយរបស់ជនជាតិ Thai តាំងពីច្រើនជំនាន់កន្លងមកនេះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធរបស់ដូនតា ឪពុកម្ដាយដែលបានលាចាកលោកទៅហើយ។ ការសែនផ្ទះ គឺដើម្បីបួងសួងសុំឲ្យជីដូនជីតាប្រទានពរជ័យជូនដល់កូនចៅមានសុខភាពល្អបរិបូរ រកស៊ីមានបាន។ សែនផ្ទះ គឺជាពិធីសែនដ៏រីករាយ ដែលបងប្អូនសាច់ញាតិ អ្នកជិតខាងក៏មកចូលរួមហើយជូនពរឲ្យគ្រួសារជួបតែសំណាងល្អផងដែរ។ នេះជាទំនៀមទំលាប់ដ៏ល្អប្រសើរ យើងចាំបាច់ត្រូវរក្សាទុក កុំឲ្យវាសាបសូន្យទៅ”។

ស្ពកដាក់គ្រឿងសំណែនត្រូវតែក្រាលដោយស្លឹកចេកខ្ចី។ ក្រៅពីស្ពកផ្លែឈើ៥ប្រភេទ ធូប ម្លូស្លា បាយដំណើប ស្រា គឺមិនអាចខ្វះសាច់ជ្រូកស្ងោរ មាន់ស្ងោរបានឡើយ ក្នុងករណីដែលគ្រួសារមិនបានកាប់ជ្រូកទាំងមួយក្បាលទេ ប្រសិនបើទៅទិញគឺត្រូវតែមានផ្នែកដូចតទៅគ្រប់គ្រាន់៖ ក្បាលជ្រូក ភ្លៅក្រោយទាំង២ គូគ្រឿងក្នុង ហើយទាំងអស់ត្រូវស្ងោរឆ្អិន។

បន្ទាប់ពីត្រៀមរៀបចំស្ពកសែនរួចរាល់ ទើបគ្រូសែនពិនិត្យមើលស្ពកសែនម្ដងទៀត យកអាវមួយរបស់ម្ចាស់ផ្ទះដាក់នៅក្បែរស្ពកសែន ហើយមើលសៀវភៅដែលសរសេរបញ្ជីឈ្មោះមនុស្សដែលបានចែកឋានទៅក្នុងត្រកូលរបស់ម្ចាស់ផ្ទះ។

នៅលើស្ពកសែន ផ្នែកសាច់ ពោះវៀន បេះដូងនិងថ្លើមរបស់សត្វជ្រូក ដែលត្រូវបានស្ងោរឆ្អិន នឹងយកទៅហាន់ជាបន្ទះតូចៗ លាយជាមួយជ្រក់ទំពាំងឫស្សីជូរ ប្រឡាក់គ្រឿងទេសគ្រប់ល្មម ដើម្បីថ្កៀបដាក់តាមប្រហោងតូចមួយនៅលើជញ្ជាំងអាសនៈនៅក្នុងផ្ទះឈើប្រពៃណីសម្រាប់មនុស្សដែលបានចែកឋានទៅពិសារ។ គ្រូសែនបន់ស្រន់បណ្ដើរ ថ្កៀបអាហារបណ្ដើរម្ដងហើយម្ដងទៀតរហូតដល់២-៣លើកទើបបញ្ចប់។ លោក Tong Van Hia គ្រូសែននៅភូមិ Mong ឃុំ Hua La ទីក្រុង Son La បានឲ្យដឹងថា៖

“គ្រូសែននឹងផ្អែកលើបញ្ជីរាយនាមនេះដើម្បីអញ្ជើញសមាជិកម្នាក់ៗដែលបានចែកឋានទៅតាមលំដាប់ថ្នាក់ មកពិសារអាហារជាមួយកូនចៅ។ ហៅឈ្មោះម្ដងៗ គ្រូសែននឹងប្រើចង្គឹះថ្កៀបសាច់លាយជាមួយទំពាំងឫស្សីជូរមួយដុំ ដាក់តាមប្រហោង ព្រមជាមួយបាយដំណើបមួយដុំ ទឹកសម្លរមួយស្លាបព្រាបាយ… ប្រសិនបើម្ចាស់ផ្ទះបានបាត់បង់ឪពុកឬម្ដាយ គឺគ្រូសែននឹងអញ្ជើញវិញ្ញាណក្ខ័ន្ធឪពុកម្ដាយម្ចាស់ផ្ទះមកពិសារជាមុនសិន បន្ទាប់មកទើបអញ្ជើញលោកតាលោកយាយ បងប្អូន កូនចៅដែលបានចែកឋានទៅ”។

ទំនៀមទំលាប់សែនផ្ទះដើមឆ្នាំថ្មីរបស់ជនជាតិ Thai នៅខេត្ត Son La
រូបថត៖ TTXVN

តាមទំនៀមទំលាប់របស់ជនជាតិ Thai លុះពេលដែលឪពុកម្ដាយបង្កើតចែកឋានទៅ ទើបកូនប្រុសនាំវិញ្ញាណក្ខ័ន្ធឪពុកម្ដាយឡើងអាសនៈដើម្បីបូជា។ នៅពេលនោះទើបមានខ្មោចផ្ទះ ទើបមានសៀវភៅសរសេរបញ្ជីឈ្មោះអ្នកស្លាប់យ៉ាងហោចណាស់៣ជំនាន់ក្នុងវង្សត្រកូលសម្រាប់ធ្វើពិធីសែនផ្ទះ។ ក្នុងពិធីសែន កូនស្រីដែលបានទៅរៀបការ ក៏នឹងនាំយកមាន់ស្ងោរមកដាក់នៅលើស្ពកសែន ដើម្បីអញ្ជើញឪពុកម្ដាយដែលបានចែកឋានទៅ មកពិសារហើយប្រទានពរជ័យជូនកូនចៅប្រកបដោយសេចក្ដីសុខ។ ជាធម្មតា ពិធីសែនប្រព្រឹត្តទៅតាំងពីពេលព្រឹករហូតដល់ពេលរសៀល គ្រូសែននឹងឈប់សម្រាកដើម្បីញ៉ាំបាយជាមួយគ្រួសារ ចំណែកស្ពកសែននៅទុកដដែល។ លោក Tong Hia បានឲ្យដឹងថែមទៀតថា៖

“ប្រហែលម៉ោង១ ឬ ២រសៀល គ្រូសែននឹងសួរម្ចាស់ផ្ទះថា ចង់បញ្ចប់ពិធីនាម៉ោងប៉ុន្មាន? នៅពេលម្ចាស់ផ្ទះយល់ព្រម ទើបគ្រូសែនចាប់ផ្ដើមអញ្ជើញដូនឡើងទៅឋានសួគ៍វិញ ហើយត្រូវបានអនុញ្ញាតឲ្យរើស្ពកសែនចេញ”។

ជារៀងរាល់ឆ្នាំ នៅពេលរដូវផ្ការីកមកដល់ គ្រួសារជនជាតិ Thai នីមួយៗនៅខេត្ត Son La តែងតែយកចិត្តទុកដាក់ដល់ការរៀបចំពិធីសែនផ្ទះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅ ដោយមានបំណងថា ជីដូនជីតានឹងប្រទានពរជ័យ សិរីមង្គល វិបុលសុខ ចម្រុងចម្រើន មហាប្រសើរជូនដល់គ្រួសារទាំងមូល។ ហើយពិធីការនេះត្រូវបានជនជាតិ Thai រក្សាទុកពីជំនាន់មួយទៅជំនាន់មួយដូចនឹងទំនៀមទំលាប់ដ៏ល្អប្រសើររបស់ជនជាតិខ្លួន៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ