Trending now

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ជើងឯកវ៉ូវីណាមពិភពលោកឆ្នាំ២០១៩

20:23 | 15/07/2019 (យោងតាម akp.gov.kh សរុបដោយវិច្ឆិកា)

សហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបានសម្រេចប្រគល់ឲ្យកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៦ ដែល គ្រោងនឹងប្រកួត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។

នាយករដ្ធមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហុ៊នសែន

ដោយឈរលើគោលការណ៍ចម្បងៗ និងមើលឃើញពីអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជានឹងទទួលបាននោះ ទើបសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបានសម្រេចជូនព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៦ ដែល គ្រោងនឹងប្រកួត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។

ជាមួយគ្នានេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាតែងតែបានបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមការប្រកួតជើងឯកពិភពលោក រៀងរាល់២ឆ្នាំម្តងនេះ ដោយតែងតែឈ្នះមេដាយជាបន្តបន្ទាប់ ហើយសម្រាប់ជើងឯកពិភពលោក នៅប្រទេសឥណ្ឌាលើកទី៥ កាលពីឆ្នាំ២០១៧ គឺវ៉ូវីណាម កម្ពុជាឈ្នះ មេដាយមាស៤វិញ្ញាសា មេដាយប្រាក់ និងសំរឹទ្ធិជាច្រើនគ្រឿងទៀត។ ការទទួលបាន និងឈ្នះមេដាយមាសនេះ បានបង្កើននូវចំណាត់ថ្នាក់លើតារាងពិភពលោកកាន់តែល្អជាមួយនឹងបង្កើតបានទំព័រប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ជាតិមាតុភូមិរបស់ខ្លួនលើឆាកអន្តរជាតិ។

ឯកឧត្តម អ៊ូ រតនា អនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌កម្ពុជា AKP ឯកឧត្តម អ៊ូ រតនា អនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានគូសបញ្ជាក់ថា មូលហេតុចម្បងៗ ដែលនាំឱ្យកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ គឺកម្ពុជាបានយកឈ្នះការស្នើសុំទទួលធ្វើម្ចាស់ផ្ទះជាមួយប្រទេសបារាំង ដែលបានស្នើសុំដែរ ដោយសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកផ្តោតសំខាន់កត្តាសក្តានុពលខ្លាំងរបស់កម្ពុជា ហើយកម្ពុជាធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ចំនួនពីរលើករួចមកហើយ។ ទន្ទឹមនេះ បណ្តាប្រទេសនានាលើពិភពលោកជាង៤០ប្រទេស ដែលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធពិភពលោកមានឆន្ទៈចង់ស្គាល់ ចង់ឃើញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលល្បីល្បាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ជាពិសេសគឺប្រាសាទអង្គរវត្តតែម្តង ដោយបណ្តាប្រទេសនានាសន្យាថា ក្រោយបញ្ចប់ការប្រកួតពួកគាត់ចង់ដើរកម្សាន្តផងដែរ។

បង្ហាញវ៉ូវីណាម

តាមការគ្រោងទុក ក្នុងពិធីបើកការប្រកួតជើងឯកវ៉ូវីណាមជើងឯកពិភពលោកនេះ គឺម្ចាស់ផ្ទះកម្ពុជានឹងដាក់សម្តែងនូវក្បាច់គុនល្បុក្កតោ ដើម្បីបង្ហាញ និងផ្សព្វផ្សាយទៅកាន់ពិភពលោកថា កម្ពុជាក៏មានប្រភេទកីឡាប្រពៃណីដ៏យូរលង់របស់បុព្ធបុរសរបស់ខ្លួនដែរ។អនុប្រធានរូបនេះបានអះអាងថា តាមបទបញ្ជា ក៏ដូចជាគោលការណ៍របស់សហព័ន្ធអន្តរជាតិនេះ បានកំណត់នូវវិញ្ញាសាជាទូទៅមានចំនួន៤៤ ហើយជាក់ស្តែង ការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសឥណ្ឌា មានអត្តពលិកមកពីគ្រប់ទ្វីបនានាប្រមាណ៣០០នាក់។ ចំណែកកម្ពុជា ដណ្តើមបានមេដាយមាស៤វិញ្ញាសា ហើយក្នុងឋានៈជាម្ចាស់ផ្ទះ ឯកឧត្តមដាក់ការជឿជាក់ថា វ៉ូវីណាមកម្ពុជានឹងបង្កើនមេដាយមាស ប្រាក់ និងសំរឹទ្ធិឱ្យបានកាន់តែច្រើនបន្ថែមទៀត។ សម្រាប់ការត្រៀមហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ពេលនេះសហព័ន្ធវ៉ូវី ណាមកម្ពុជាបានប្រមូលផ្តុំហ្វឹកហាត់ជិត៣០នាក់ ជាមួយគ្នានោះសហ ព័ន្ធកំពុងស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីស្នើសុំបញ្ជូនកីឡាករ កីឡាការិនីទៅ ហ្វឹកហាត់ ក្នុងរយៈពេលពី២ ទៅ៣ខែ នៅប្រទេស វៀតណាម ដែលជាម្ចាស់ក្បាច់គុនមួយនេះ ដើម្បីឱ្យកាន់តែមានគុណភាពបច្ចេកទេសល្អប្រសើរបន្ថែមទៀត មុនឈានទៅប្រជែងមេដាយពីបណ្តាប្រទេសនានា។

អត្តពលិកវ៉ូវីណាមកម្ពុជា

បើទោះជាយ៉ាងនេះក្តី តំណាងសហព័ន្ធរូបនេះ បានបង្ហាញនូវការលំបាករបស់ខ្លួនផងដែរ នៅក្នុងការរៀបចំម្ចាស់ផ្ទះនេះ ពីព្រោះការរៀបចំម្ចាស់ផ្ទះកម្រិតពិភពលោក គឺជារឿងលំបាកមួយ ដែលយើងត្រូវខិតខំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ការទទួលបដិសណ្ឋារកិច្ច ការទទួលការហូបចុក ស្នាក់នៅរបស់ក្រុមប្រតិភូ អត្តពលិកឱ្យបានសមរម្យ ដែលក្រសួងអប់រំ យុវជន និងកីឡានឹងជួយជ្រោមជ្រែងយ៉ាពេញទំហឹង ក្នុងការរៀបចំនេះ ខណៈសហព័ន្ធវ៉ូវីណាមកម្ពុជានឹងត្រូវទទួលបន្ទុកលើផ្នែកបច្ចេកទេស។ ឯកឧត្ដមបានបន្ដទៀតថា ចំពោះថវិការៀបចំនេះគឺជាការចំណាយទាំងស្រុងរបស់ឯកឧត្តមឧកញ៉ា រ័ត្ន សាខន ប្រធានសហ ព័ន្ធកីឡាវ៉ូវីណាមកម្ពុជា, ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាអនុប្រធាន សហព័ន្ធវ៉ូវីណាមពិភពលោក ដោយតាមការគ្រោងទុកត្រូវចំណាយចន្លោះពី៦ម៉ឺនដុល្លារ ទៅ១០ម៉ឺនដុល្លារអាម៉េរិក។ ម្ចាស់ផ្ទះកម្ពុជានឹងទទួលបន្ទុកលើការហូបចុក ស្នាក់នៅរបស់មន្ត្រីគណៈកម្មការបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាលនៃសហព័ន្ធវ៉ូវីណាមពិភពលោក និងថ្នាក់ដឹកនាំប្រតិភូមកពីបណ្តាប្រទេសនានា។ រីឯអត្តពលិក នឹងតម្រូវឱ្យបង់ថវិកា សម្រាប់សិទ្ធិ ប្រកួត ដើម្បីទ្រទ្រង់ដល់កម្មវិធីប្រកួតនេះ។

ឯកឧត្ដមអនុប្រធានបានអះអាងថា ចំពោះផលប្រយោជន៍ដែលទទួលបានពីព្រឹត្តិការ ណ៍ពិភពលោកនេះ គឺកម្ពុជា នឹងទទួលបាននូវបទពិសោធន៍នៃការរៀបចំ ដើម្បីបង្កើនគុណ ភាពរបស់គណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម ឈានទៅរៀបចំទទួល ធ្វើ ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “ព្រឹត្តិការណ៍នេះ ក៏នឹងជួយតម្រង់ទិសទាំងការរៀបចំ ទាំងការបង្កើនគុណភាពរបស់អត្តពលិកកម្ពុជាជាមួយនឹងប្រភេទកីឡាទាំងអស់ ដែលរាជរដ្ឋា ភិបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិបានត្រៀមលក្ខណៈបាញ់ ឆ្ពោះទៅដណ្តើមភាពជោគជ័យរួមគ្នាក្នុងស៊ីហ្គេម នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា”។

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា

ឯកឧត្តម អ៊ូ រតនា ក៏បានបង្ហាញនូវគុណប្រយោជន៍ដ៏ធំសម្បើមនៃការទទួលរៀបចំម្ចាស់ផ្ទះនេះ ដោយនេះគឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍វិស័យ កីឡាឱ្យកាន់តែរីកចម្រើន ព្រមជាមួយនឹងឱ្យសហព័ន្ធវ៉ូវីណាមពិភពលោកបានទទួលស្គាល់ នូវអាជ្ញាកណ្តាល ចៅក្រមកម្ពុជាគឺជាមន្ត្រីកម្រិតអន្តរជាតិផងដែរ។ ជាមួយគ្នានោះ យើង កំពុងរួមគ្នាកសាងនូវបន្ថែមនូវកិត្តិយស កិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ តាមរយៈការ រៀបចំព្រឹត្តិការណ៍ពិភពលោក និងបន្ថែមនូវការផ្សព្វផ្សាយនូវប្រពៃណី វប្បធម៌ ទេសចរណ៍ ជូនមិត្តអន្តរជាតិទៀតផង។

តំណាងសហព័ន្ធវ៉ូវីណាមកម្ពុជារូបនេះក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាកំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយជ្រោមជ្រែងបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីសម្រួចគោលដៅ ឈានទៅទទួលរៀបចំជើងឯកកីឡាវ៉ូវីណាមពិភពលោក នាខែធ្នូ ឆ្នាំ២០១៩ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា។ ឯកឧត្តមបានបន្ថែមទៀតថា ក្រោមប្លប់នៃសន្តិភាព ទើបធ្វើឱ្យគ្រប់វិស័យបានដំណើរការអភិវឌ្ឍរបស់ខ្លួនឥតឈប់ឈរ ក្នុងនោះវិស័យកីឡាជាតិ រួមទាំងវិស័យកីឡាវ៉ូវីណាមក៏បានខិតខំយ៉ាងខ្លាំង ដើម្បីរួមចំណែកអភិវឌ្ឍន៍ឱ្យកាន់តែល្អប្រសើរក្នុងពេល ដំណាលគ្នានោះដែរ”៕

(យោងតាម akp.gov.kh សរុបដោយវិច្ឆិកា)

(យោងតាម akp.gov.kh សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤