Trending now

អឺរ៉ុបនិងកម្ពុជា ស្វែងរកដំណោះស្រាយជុំវិញបញ្ហា EBA

17:26 | 08/06/2019 (សរុបដោយសមុទ្រ)

យុគសម័យ - សហភាពអឺរ៉ុបបានឯកភាពគ្នាបន្តកិច្ចសន្ទនា ដើម្បីរកដំណោះស្រាយ នៅក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ហៅកាត់ថា EBAជូនប្រទេសកម្ពុជា។ នេះបើយោងតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អឺរ៉ុបនិងកម្ពុជា ស្វែងរកដំណោះស្រាយជុំវិញបញ្ហា EBA

ការឯកភាពគ្នានេះ បានបង្ហាញឡើងនៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីរការបរទេសសហភាពអឺរ៉ុប ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។

យោងតាមអ្នកនាំពាក្យក្រសួងការ បរទេសលោក កេត សោផាន់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ «ការពិភាក្សានេះជារួម ទាំងលោក Jean-Christophe Belliard និងឧបនាយករដ្ឋមន្ត្រី បានឯកភាពគ្នាលើគោលការណ៍ធំ គឺភាគីទាំងពីរនឹងបន្តកិច្ចសន្ទនា ដើម្បីរកដំណោះស្រាយនៅក្នុងការរក្សា EBA ជូនកម្ពុជាបន្តទៀត។ ការបន្តកិច្ចខិតខំប្រឹងប្រែងកិច្ចសន្ទនារួមគ្នានេះ គឺនៅក្នុងស្មារតីគោរពគ្នាទៅវិញទៅមក»។

លោក​ សុ​ខុន បាន​បញ្ជាក់​ជូន​ប្រតិភូ​នៃ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​ផ្តល់ប្រាក់ខែ​ជូន​កម្មករ និង​អ្នក​ដែល​ទទួលផល​ពី​បញ្ហា ​EBA​ នេះ ។ ទោះបីជា​បែប​ណា កម្ពុជា​មិនអាច​ដើរ​ហួស​បន្ទាត់​ក្រហម គឺ​យក​ឯករាជ្យ​ភាព អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​ដូរ​នឹង ​EBA នោះ​ទេ​»

យោងតាមលោកកេត សោផាន់ បន្តទៀតថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតរំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ហើយក៏បានជម្រាបជូនទៅភ្ញៀវអំពីវឌ្ឍនភាពជាច្រើន ដែលរាជរដ្ឋាភិបាលប្តេជ្ញាថានឹងធ្វើ ដូចជា ពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពការងារ និងដោះស្រាយបញ្ហាដីធ្លីជាដើម។ ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា បានស្នើសុំឱ្យសហភាពអឺរ៉ុប កត់សម្គាល់ពីវឌ្ឍនភាព ដែលកម្ពុជាសម្រេចបានទាំងនោះ។ ​ ទន្ទឹម​នេះក្រសួងការ បរទេស​បាន​ខិតខំ​ជាមួយ​ក្រសួង មន្ទីរ ស្ថាប័ន សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន​ដើម្បី​រៀបចំ​ឲ្យ​បាន​ជោគ ជ័យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អឺរ៉ុប​នៅ​ឆ្នាំ​ក្រោយ​ (២០២០) ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុប បានប្រកាសចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ ប្រព័ន្ធ EBA អាចនឹងលុបចោល ប្រសិនបើរកឃើញថាប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងអនុគ្រោះពន្ធ EBA គឺជាកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុបបានផ្តល់ឱ្យកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀតនៅលើពិភពលោក នូវឱកាសនាំគ្រប់ផលិតផលទាំងអស់ (លើកលែងតែសព្វាវុធ) ចូលទៅក្នុងទីផ្សាររួមតែមួយរបស់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា។

ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលា ដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។

ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្ត នាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះ ជារឿងភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដែលប្រទេសកម្ពុជាសម្រេចបាន។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕

(សរុបដោយសមុទ្រ)

(សរុបដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤