Trending now

សម្តេចតេជោ ហ៊ុន សែន ចេញទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំង

07:01 | 25/04/2019 (ប្រភព៖ Fresh News)

តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ហោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ រួមនិងកិច្ចប្រជុំសំខាន់ៗជាច្រើនផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងចំណាយពេល៥ថ្ងៃ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ និងកិច្ចប្រជុំសំខាន់ៗដទៃទៀតនេះ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅថ្ងៃទី២៦ ខែមេសា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា ពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៖ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ នៅថ្ងៃបន្ទាប់នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។

ក្រសួងការបរទេសបន្ថែមថា បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នឹងសម្ពោធពន្លាជាតិរបស់កម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មានការរំពឹងថា នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។ លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិត និងសាស្រ្តាចារ្យ នៅសកល វិទ្យាល័យប៉េកាំង។ ក្នុងឱកាសដ៏ឧត្តុងឧត្តមនោះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងទទួលបាននូវការប្រគល់គោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំងផងដែរ។

ឥស្សរជនដែលអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាឱកាសនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន, លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល, លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ និងសមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤