ភ្នំឧដុង្គគឺជាបូជនីយដ្ឋានប្រវត្តិសាស្ត្រមួយដែលមហាជនគោរពបូជារាល់ថ្ងៃជាប់មិនដាច់ ខណៈពេលទៅលេងកម្សាន្តលំហែកាយនៅទីនោះ ។ ភ្នំដ៏ស្រស់ស្អាតនិងល្បីល្បាញនេះចាត់ទុកជាស្នូលនៃ«ព្រះបរមរាជវាំងមហានគរឧត្តុង្គមានជ័យបុរីរម្យឧត្ដមរាជនិវេសនដ្ឋាន»ហៅខ្លីថា «ក្រុងឧត្តុង្គមានជ័យ ឬក្រុងឧដុង្គ»ជាអតីតរាជធានីចាស់នៃព្រះរាជាណាចក្រកម្ពុជា ។
ភ្នំឧដុង្គជាបូជនីយដ្ឋានគោរពបូជាផង និងកម្សាន្តផង
បើយោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួន ណាត ពាក្យថា «ដុង្គ» គឺជាពាក្យប្រើក្លាយមកពីសំ. បា. ឧត្តុង្គ មានន័យថា ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ; ថ្លៃថ្លា ឧដុង្គឧត្តម ឧត្តមលើសលែង, ប្រសើរកន្លង ហើយគឺជាឈ្មោះរាជធានីចាស់មួយរបស់កម្ពុជរដ្ឋ ស្ថិតនៅចន្លោះទិសពាយ័ព្យ និងទិសឧត្តរនៃក្រុងភ្នំពេញ និងជារាជធានីទី១ មុនរាជធានីភ្នំពេញសព្វថ្ងៃនេះ ។
ក្រុងឧដុង្គមានភ្នំព្រះរាជទ្រព្យជាលម្អ មើលពីចម្ងាយទៅឃើញត្រដែតត្រដឹម ។ មានផ្លូវក្រាលកៅស៊ូរហូតដល់ភ្នំ និងព័ទ្ធជុំវិញភ្នំ មានកន្លែងចតយានរថយន្ត មានផ្សារ មានកន្លែងលក់បាយម្ហូបអាហារ នំចំណី និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរណ៍ទាំងឡាយ ។ ចំណែកផ្លូវឡើងទៅលើភ្នំមានចំនួន៣គឺទី១,ជណ្ដើរថ្មស្ថិតនៅទិសខាងកើតឡើងទៅកាន់ព្រះវិហារអដ្ឋរស្ស ។ ទី២,ផ្លូវដីជម្រាលស្ថិតនៅទិសខាងជើងឡើងទៅចំពាក់កណ្ដាលភ្នំ ។ ទី៣,ជណ្ដើរថ្មចំនួន៥០៩កាំ ស្ថិតនៅទិសខាងជើងឡើងទៅកាន់ព្រះសក្យមុនីចេតិយ ។ មិនតែប៉ុណ្ណោះមានដើមឈើនៅអមសងខាងផ្លូវឡើង នីមួយៗយ៉ាងស្រស់ស្អាតផងដែរ ។
នៅពេលទៅលេងកំសាន្តនៅរមណីយដ្ឋានឧដុង្គ មនុស្សភាគច្រើនតែងតែបានឡើងទៅលេងនិងទស្សនាលើភ្នំឧដុង្គ គ្រប់ៗគ្នាពុំដែលខកខាន ដោយអ្នកខ្លះបានឡើងតាមជណ្ដើរថ្មខាងកើត និងតាមផ្លូវដីជម្រាលខាងជើង ព្រោះឆាប់ដល ់និងមិនសូវហត់ ។ លុះពេលដើរលេងទស្សនាលើកំពូលភ្នំអស់ចិត្តទើបចុះមកវិញ តាមផ្លូវជណ្ដើរថ្មខាងជើង ហើយក៏មានអ្នកខ្លះទៀតឡើងតាមជណ្ដើរថ្មខាងជើងទៅកាន់ព្រះសក្យមុនីចេតិយមុន រួចទើបបន្តដំណើរទៅទស្សនាទីបូជនីយដ្ឋាននានានា នៅលើកំពូលភ្នំ ហើយចុះមកវិញតាមផ្លូវដីជម្រាលខាងជើង និងជណ្ដើរថ្មខាងកើតដែរ។
នៅពេលដែលយើងស្ថិតនៅលើកំពូលភ្នំ យើងអាចមើលឃើញទេសភាសដ៏រៀបរយនៅខាងក្រោមដែលហ៊ុមព័ទ្ធទៅដោយវាលស្រែផ្ទៃបឹង និងភូមិឋានអ្នកស្រុក ព្រមទាំងទីវត្តអារាមយ៉ាងស្រស់ត្រកាលគួរជាទីមនោរម្យ ។ ជាពិសេសមានខ្យល់អាកាសល្អបរិសុទ្ធធ្វើឲ្យអារម្មណ៍ដែលនឿយណាយទាំងប៉ុន្មានប្រែក្លាយជាស្រស់ថ្លាភ្លេចអស់នូវទុក្ខកង្វល់ និងភាពតានតឹងទាំងឡាយ ។ ដោយសារតែសម្រស់ធម្មជាតិនៃភ្នំនេះ ទើបព្រះមហាក្សត្រជំនាន់នោះសម្រេចបង្កើតរាជធានីនៅទីនោះ ។
ភ្នំឧដុង្គជាបូជនីយដ្ឋានគោរពបូជាផង និងកម្សាន្តផង
រាជធានីឧដុង្គធ្លាប់មានព្រះមហាក្សត្រគង់នៅចំនួន២៣ព្រះអង្គ ចាប់តាំងពីអំឡុងគ.ស១៦២០ ដល់គ.ស១៨៦៣ ប្រហែល២៤៣ឆ្នាំ មុននឹងបញ្ចប់នៅត្រឹមសម័យនៃការគ្រប់គ្រងរបស់ព្រះបាទនារាយណ៍រាជារាមាធិបតី ឬព្រះអង្គតន់ ហើយត្រូវបានផ្លាស់រាជធានីទៅកាន់ក្រុងភ្នំពេញវិញ នៅក្នុងសម័យអាណានិគមន៍បារាំង ។ អតីតីតរាជធានីមួយនេះ ស្ថិតនៅចម្ងាយប្រមាណជា៤០គីឡូម៉ែត្រភាគពាយព្យ និងឧត្តរនៃរាជធានីភ្នំពេញ ហើយកាលពីអតីតកាលស្ថិតនៅក្នុងខេត្តសំរោងទង តែបច្ចុប្បន្នស្ថិតនៅក្នុងភូមិចំនួន៥ និងឃុំចំនួន២របស់រដ្ឋបាលស្រុកពញាឮ ខេត្តកណ្ដាល ក្នុងនោះរួមមាន១,ភូមិភ្នំជ័យឧត្តម ២,ភូមិស្រះពោធិ៍ ដែលភូមិទាំង២នេះស្ថិតនៅក្នុងឃុំផ្សារដែក ៣,ភូមិពោធិ៍រ៉ាល់ ៤,ភូមិត្រពាំងស្លែង ៥,ភូមិស្រះពោធិ៍ ហើយភូមិទាំង៣នេះស្ថិតនៅក្នុងឃុំភ្នំបាត ។
នៅលើភ្នំនេះមានព្រះវិហារព្រះពុទ្ធសាសនាដែលអ្នកស្រុកហៅថាព្រះវិហារអដ្ឋរស្សខ្ពស់ត្រដែត ស្ថិតនៅបែកខាងត្បូងដែលព្រះវិហារនេះបែរមុខទៅរកទិសខាងជើង ខុសប្លែកពីព្រះវិហារនៅតាមទីវត្តអារាមទាំងអស់ ដែលបែរមុខទៅទិសខាងកើត ។ ការដែលព្រះវិហារនេះ បែរមុខទៅទិសខាងជើងបែបនេះគឺមានជាប់ទាក់ទងទៅនឹងរឿងព្រេងនិទានផងដែរ ។
ម្យ៉ាងបានជាហៅថាព្រះវិហារអដ្ឋរស្សបែបនេះ ក៏ព្រោះតែព្រះវិហារនោះមានតម្កល់ព្រះពុទ្ធបដិមា១អង្គដ៏ធំអស្ចារ្យមានកម្ពស់១៨ហត្ថហើយពាក្យថា «អដ្ឋរស្ស» ជាភាសាបាលី គឺ១៨នេះឯងហើយ សព្វថ្ងៃនេះព្រះវិហារអដ្ឋរស្សកំពុងត្រូវបានជួួសជុលមិនរួចរាល់នៅឡើយ ។ ក្រៅពីនេះមានព្រះចេតិយធំៗចំនួន៣ដែលហៅថា ព្រះចេតិយត្រ័យត្រឹង្សតម្កល់ព្រះអដ្ឋិធាតុព្រះមហាក្សត្រខ្មែរ រួមមាន ព្រះបរមរាជានុកោដិព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ,ព្រះបរមកោដិព្រះបាទសម្ដេចព្រះអង្គឌួង និងព្រះបាទស្រីសូរិយោពណ៍ ។
ជាពិសេសបំផុតនោះ គឺមានព្រះសក្យមុនីចេតិយខ្ពស់ត្រដែតតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងព្រះពុទ្ធបដិមា តូចៗជាង៣ពាន់អង្គ ដែលប្រជាជនខ្មែរយើងទាំងទីជិតទីឆ្ងាយតែងទៅគោរពបូជាសុំសេចក្ដីសុខចម្រុងចម្រើនរាល់ថ្ងៃ ។ ក្រៅពីនេះនៅមានទីកន្លែងសក្ការបូជាជាច្រើនកន្លែងទៀតផងដែរ ដូចជាព្រះចេតិយតូចធំដែលបញ្ចុះព្រះអដ្ឋិព្រះញាតិវង្សានុវង្ស គុហារព្រះគោ ព្រះកែវ អ្នកតាដំបងដែកជាដើម ។ល។
ភ្នំឧដុង្គជាបូជនីយដ្ឋានគោរពបូជាផង និងកម្សាន្តផង
ស្ថិតនៅខាងឆ្វេងដៃជិតព្រះសក្យមុនីចេតិយយើងឃើញមានមានព្រះចេតិយ ធំៗ២នៅក្បែរគ្នានោះ គឺមួយជាព្រះចេតិយព្រះបាទអង្គឌួង និងមួយទៀតព្រះចេតិយព្រះបាទស្រីសុរិយោពណ៍ រីឯព្រះចេតិយធំ១ទៀត ស្ថិតនៅជួរជាមួយគ្នានោះដែរ តែនៅឃ្លាតឆ្ងាយបន្តិចពីព្រះចេតិយទាំង២ខាងលើនោះ គឺព្រះចេតិយបញ្ចុះព្រះអដ្ឋិធាតុព្រះបាទស៊ីសុវត្ថិ ។
ព្រះចេតិយព្រះស្រីសុរិយោពណ៍ មានលម្អដោយក្បាច់ និងចម្លាក់ក្បាលដំរីព័ទ្ធជុំវិញចំនួន៣២ ហើយក៏មានចារឹកអក្សរ១ផ្ទាំងនៅខាងមុខផងដែរថា «ព.ស២១៦៦ មហាសករាជ១៥៤៥ ចុល្លសករាជ៩៨៥ ឆ្នាំកុរបញ្ចស័ក គ.ស១៦២៧ ព្រះបាទសម្ដេចព្រះជ័យជេដ្ឋាព្រះចៅក្រុងកម្ពុជាធបតីទ្រង់សាងព្រះចេតិយត្រ័យត្រឹង្សលើភ្នំព្រះរាជទ្រព្យខេត្តសំរោងទងធ្វើបុណ្យបញ្ចុះព្រះបរមអដ្ឋិព្រះបាទសម្ដេចព្រះស្រីសូរិយោពណ៍ព្រះចៅក្រុងកម្ពុជាធិបតីព្រះវរាជបិតាប្រសូត្រឆ្នាំវកសំរិទ្ធិស័ក គ.ស១៥៤៩ សុវណ្ណគតនៅឆ្នាំមមែឯកស័ក» អក្សរចារឹកនោះនៅមានបន្តទៀត ប៉ុន្តែដោយសារតែរងការខូចខាតរលុបបាត់ ខ្លះៗទៅហើយនោះ ទើបមិនអាចមើលដឹងថាមានខ្លឹមសារបែបណានិងសរសេរបង្ហាញបន្តទៀតបានឡើយ ។ ផ្ទាំងអក្សរចារឹកខាងលើនេះត្រូវបានព្រះបាទសម្ដេចព្រះសុីសុវត្ថិ ទ្រង់ត្រាស់បង្គាប់ឲ្យមន្ត្រីក្រមការធ្វើឡើងនៅក្នុងឆ្នាំម្សាញ់នព្វស័ក គ.ស១៩១៧ ដើម្បីឲ្យប្រជានុរាស្ត្រខ្មែរបានដឹងគ្រប់ជំនាន់ ។
ភ្នំឧដុង្គជាបូជនីយដ្ឋានគោរពបូជាផង និងកម្សាន្តផង
ចំណែកព្រះចេតិយដែលបានបញ្ចុះព្រះបរមអដ្ឋិធាតុព្រះបាទសម្ដេចព្រះអង្គឌួង ដែលស្ថិតនៅជាប់គ្នានោះ ក៏មានលម្អដោយក្បាច់ និងអក្សរចារឹក១ផ្ទាំងនៅខាងមុខនោះផងដែរថា «ព.ស២៤៣៤ មហាសរាជ១៣១៣ ចុល្លសករាជ១២៥៣ ឆ្នាំថោះត្រីស័ក គ.ស១៨៩១ ព្រះបាទសម្ដេចព្រះនរោត្តមព្រះចៅក្រុងកម្ពុជាធិបតី កសាងព្រះចេតិយនេះនៅលើកំពូលភ្នំព្រះរាជទ្រព្យដើម្បីបញ្ចុះព្រះបរមអដ្ឋិព្រះបាទ សម្ដេចព្រះហរីរក្សរាមាព្រះបាទអង្គឌួងព្រះចៅក្រុងកម្ពុជាធិបតីជាព្រះវររាជបិតា ប្រសូតនៅឆ្នាំរោងអដ្ឋស័ក សោយរាជ្យបាន១៤ឆ្នាំ និងទ្រង់សុវណ្ណគត ឆ្នាំវកទោស័កគ.ស១៧៩៦ព្រះជន្មាយុ៦៥ឆ្នាំ និងសម្ដេចព្រះរាជនីបរមបពិត្រ ប្រសូតនៅឆ្នាំកុរសព្វសក័ សុវណ្ណគតឆ្នាំមមែនព្វស័កគ.ស១៨៩៥ ក្នុងព្រះជន្មាយុ៨១ឆ្នាំ និងឆ្នាំម្សាញ់នព្វស័ក ថ្ងៃពុទ្ធ២រោជខែអស្សុជគ.ស១៩១៧ ព្រះបាទសម្ដេចព្រះសុីសុវត្ថិចោមចក្រពង្សព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់បានចាត់ព្រះរាជពិធីបញ្ចុះព្របរមអដ្ឋិសម្ដេចព្រះវរាជនីជាព្រះវរាជមាតាប្រសូត្រនៅក្នុងឆ្នាំរោងទោស័កគ.ស១៨២០ » ។
ភ្នំឧដុង្គជាបូជនីយដ្ឋានគោរពបូជាផង និងកម្សាន្តផង
រីឯព្រះចេតិយដែលបញ្ចុះព្រះអដ្ឋិព្រះបាទស៊ីសុវត្ថិ ក៏មានលម្អដោយក្បាច់ចម្លាក ់និងមានរំលេចដោយចម្លាក់ព្រហ្មមុខ៤នៅលើកំពូលតំណាងឲ្យព្រហ្មវិហារធម៌ និងសេចក្ដីរីកចម្រើនរុងរឿង ហើយក៏មានចារឹកជាអក្សរនៅខាងមុខព្រះចេតិយនោះផងដែរ ។ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ គឺជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចន្លោះពីឆ្នាំ១៩០៤ដល់ឆ្នាំ១៩២៧ ព្រះអង្គជាព្រះរាបុត្រានៃព្រះហរីរក្សរាមាព្រះអង្គឌួង និងជាព្រះអនុជនៃព្រះបាទនរោត្តម តែព្រះមាតាទីទៃទ្រង់ព្រះរាជសម្ភព នៅថ្ងៃអង្គារ៍ទី៧ ខែខែកញ្ញា ឆ្នាំ១៨៤០នៅក្រុងឧដុង្គ ទ្រង់ឡើងសោយរាជ្យសម្បត្តិបាន២៤ឆ្នាំ ព្រះជន្ម៨៨ឆ្នាំ ទ្រង់សោយទីវង្គតនៅថ្ងៃអង្គារ៍១១រោជ ខែស្រាពណ៍ ឆ្នាំថោះនព្វស័ក ត្រូវនិងថ្ងៃទី៩ ខែសីហា ឆ្នាំ១៩២៧ នៅក្រុងចតុម្មុខមង្គល ឬក្រុងភ្នំពេញបច្ចុប្បន្ន ។
ព្រះបាទសម្ដេចព្រះស៊ីវត្ថិ ទ្រង់មានស្នាមព្រះហស្ថយ៉ាងច្រើនចំពោះប្រទេសជាតិ ក្នុងអំឡុងព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ដូចជាការទាមទាររហូតឲ្យសៀមចុះសិទ្ធិសញ្ញាជាមួយរាជការអាណាព្យាបាលបារាំងប្រគល់ខេត្តបាត់ដំបង សិរីសោភ័ណ និងសៀមរាប មកឲ្យខ្មែរវិញ នៅក្នុងឆ្នាំ១៩០៧ជាដើម រូបសំណាកព្រះអង្គត្រូវបានសាងសង់នៅត្រង់ចង្កេះភ្នំដូនពេញ ឬវត្តភ្នំទុកជាទីសក្ការៈផងដែរ ៕
(បកប្រែដោយ ហេងវុធ្ធី)
មតិពីមិត្តអ្នកអាន