Trending now

“នគរបាជ័យ” ខេត្តកំពង់ចាម - ទឹកដីប្រ​វត្តិសាស្ត្រដែលអ្នកប្រហែលជាពុំធ្លាប់ដឹងឮ

15:44 | 13/10/2020 (សរុបដោយ ហេង វុធ្ធី)

ប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គ.ម ពីរាជធានីភ្នំពេញ។ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្ស័ត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយ។ ទស្សនៈវិស័យដើមនៃសំណង់ប្រាសាទនេះគឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ។

ប្រាសាទនគរបាជ័យ

ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “​ ជ័យពីរសក្តិនគរ ” ជាសាក្សី ។ “ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម ។ គ្រានោះ នាសតវត្សរ៍ទី ១២ ព្រះបាទកម្រងតេងអញស្រីជ័យវម៌្មទេវទី ៧ ( ព្រះបាទជ័យវរ្ម័នទី ៧ ) ព្រះអង្គបានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរ ដែលនៅសេសសល់សិលាចារឹកសំស្រ្តឹតបុរាណ ។ ប្រយោជន៍នឹងបានជាព្រះនគរមួយដ៏ពេញលេញ ព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត ( សព្វថ្ងៃ គេហៅថាជា “ បន្ទាយព្រៃនគរ ” – វាលប្រណាំងសេះចាស់ ) ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ ។ ដើម្បីទៅដល់ព្រះប្រាង្គប្រធានដែលតម្កល់ “ ព្រះវីរសក្តិ ” ជាទីសក្ការៈ យើងត្រូវឆ្លងកំពែងនគរចំនួន ៤ ជាន់ ដែលកំពែងជាន់នីមួយៗ មានគោបុរៈ ៤ ចាក់ចំខ្វែងកែងគ្នា ប្រសព្វត្រង់ទីព្រះប្រាង្គដ៏ឧត្តមតែមួយ ។


ប្រាសាទនគរបាជ័យ

លុះកន្លងទៅបានប្រមាណកន្លះសហស្សវត្សរ៍ក្រោយមក ក្នុងថ្ងៃចន្ទ ១៤ រោច ខែអាសាឍ ឆ្នាំខាល មហាសករាជ ១៤៨៨ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៥៦៦ វេលាម៉ោងខ្ទង់ ៨ ព្រឹក សម្ដេចឧកញ៉ាយស ស្រីសៅគន្ធបទ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះស្រីសុគន្ធបទ បានកសាងជាសូរេចនូវព្រះចេតិយដែលកម្លាយកំពូលព្រះប្រាង្គចាស់ ដើម្បីតម្កល់ព្រះមហាសារីរិកធាតុ ហើយក៏បានប្រតិស្ឋានព្រះពុទ្ធរូបសន្ធប់មុខទ្វារទាំងបីទិសនៃព្រះប្រាង្គប្រធានផង ហើយទើបចាត់កសាងមហាវិហារ និង គោលសីមា រក្សាជាសក្ការៈ នៅត្រង់ពីខាងមុខនៃទិសខាងកើត ។ ដោយសារព្រះវិហារកសាងអំពីឈើក៏ចេះតែពុកផុយ ក៏ត្រូវកសាងជាច្រើនលើកច្រើនសា រហូតមកទល់នឹងព្រះវិហារបុរាណដែលយើងបានឃើញសព្វថ្ងៃនេះ ។ ព្រះវិហារបុរាណនេះ គឺជាស្ថាបត្យកម្មនៃទសវត្សរ៍ឆ្នាំ ១៩៣០ ដែលនៅសេសសល់គំនូរនៅតាមហប់ខ្យល់ និង ពិដាន ក៏ត្រូវបានគេគូរពីលើឱ្យថ្មីនាសម័យនេះបន្ថែមទៀត ។

ប្រាសាទនគរបាជ័យ

ទោះប្រមាណ ៥០០ ឆ្នាំកន្លងមកទៀតទៅហើយក្ដី ក៏អ្នកស្រុកនៅតែចងចាំបានអំពីឈ្មោះដើមរបស់ប្រាសាទដែលត្រូវបានកសាងឡើងតាំងអំពីប្រមាណជិត ១០០០ ឆ្នាំកន្លងនៅឡើយ … ថាជា “ វត្តនគរបាជ័យ ” – “ ជ័យពីរសក្តិនគរ ”។ ក៏គួរបញ្ជាក់ផងដែរថាសម្រាប់ប្រាសាទវត្តនគរបាជ័យ (បន្ទាយព្រៃនគរ) នេះត្រូវបានជាប់ឈ្មោះក្នុងបញ្ជីស្នើរសុំទៅកាន់អង្គការ UNESCO ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងតែពីឆ្នាំ ១៩៩២ រួមគ្នាជាមួយ ក្រុមប្រាសាទកោះកេរ្តិ៍ ឧទ្យានជាតិភ្នំគូលេន អង្គរបូរី និងភ្នំដា ភ្នំព្រះរាជទ្រព្យ ប្រាសាទបឹងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ និងក្រុមប្រាសាទបន្ទាយឆ្មារ។ កម្រងសរសេរជាប្រវត្តិត្រួសៗនៃ វត្តនគរបាជ័យ ដោយ សី លីហៀង តាមរយៈឯកសារយោង៖ សៀវភៅ “សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល” ត្រង់ សិលាចារឹកនៅប្រាសាទនគរបាជ័យ និងរូបភាពដោយ ថៃ ឈៀងម៉េង

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: ក្រសួងទេសចរណ៍កម្ពុជា & kampucheers.com/)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤