Trending now

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រាប់ធុរកិច្ចជនជប៉ុនថា ប្រទេសមេគង្គមានសក្តានុពលវិនិយោគខ្ពស់

21:54 | 09/10/2018 (យោងតាម www.freshnewsasia.com)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅធុរកិច្ចជនជប៉ុនថា ប្រទេសក្នុងតំបន់មេគង្គរួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម មានសក្តានុពលខ្ពស់ក្នុងការវិនិយោគ។ ក្នុងនោះប្រទេសកម្ពុជា កំពុងតែអនុវត្តន៍នូវនីតិវិធីជាច្រើន ដើម្បីជាប្រយោជន៍ដល់អ្នកវិនិយោគ។

ការថ្លែងបង្ហាញពីសក្តានុពល និងភាពទាក់ទាញសម្រាប់ការវិនិយោគនៅប្រទេសតំបន់មេគង្គ ក៏ដូចជាកម្ពុជានេះ បានធ្វើឡើងក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ដែលរៀបចំឡើងដោយក្រុមធុរកិច្ចនៃប្រទេសជប៉ុន-មេគង្គ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ។

ក្នុងពិធីនោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា មេគង្គជាតំបន់មួយដែលមានទីតាំងយុទ្ធសាស្រ្តសេដ្ឋកិច្ច និងមានផលទុនសរុបក្នុងស្រុក (ផសស) រួមគ្នាសរុបប្រមាណ៨០០ប៊ីលានដុល្លាអាមេរិក និងមានប្រជាជនសរុប២៤០លាននាក់។ បច្ចុប្បន្នតំបន់នេះកំពុងតែមានារផ្លាស់ប្តូរតួនាទីជាភូមិសាស្រ្តយុទ្ធសាស្រ្ត ជាទីផ្សារ និងជាមជ្ឈមណ្ឌលផលិតកម្មរួមធំមួយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ​ «ប្រទេសមេគង្គមានសក្តានុពលអាចអាចបំពេញបន្ថែមគ្នាទៅវិញទៅមក ដោយផ្អែកលើឧត្តមភាពប្រកួតប្រជែង នៅក្នុងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្ម»

ដើម្បីជាការទាក់ធុរកិច្ចជនជប៉ុនមកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីសក្តានុពល និងការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលលើវិនិយោគិនបរទេសផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបុរេសកម្មក្នុងការរៀបចំ និងដាក់ចេញនូវផែនការ និងគោលនយោបាយសេដ្ឋកិច្ចជាក់លាក់ ដែលឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកំពុងតែអនុវត្តន៍នូវវិធានការមួយចំនួនរួមមាន៖ លើកកម្ពស់ការសម្រួល ពាណិជ្ជកម្ម ដោយត្រៀមដាក់ឲ្យអនុវត្តន៍នូវបញ្ជរចេញចូលតែមួយ ធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្ម និតិវិធីគយ ទាំងលើការកំណត់ថ្លៃ និងការបញ្ចេញទំនិញ កាត់បន្ថយនូវថ្លៃសេវា ទាំងផ្លូវការ និងមិនផ្លូវការ និងកែសម្រួលស្ថាប័នតាមមាត់ច្រកទ្វារអន្តរជាតិ និងកំពង់ផែអន្តរជាតិ ដើម្បីសម្រួល និងពន្លឿនដល់ការនាំចេញ និងនាំចូល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ និងបង្កើនការវិនិយោគលើហេដ្ឋារចនាស័ម្ពន្ធរូបវន្ត ដោយពង្រីកផ្លូវជាតិទាំងអស់ ឲ្យទៅជាបួនគន្លង។ ជាពិសេសផ្លូវជាតិដែលតភ្ជាប់ទៅ និងប្រទេសជិតខាង និងកំពុងកសាងកំពង់ផែសមុទ្រទឹកជ្រៅ រហូតដល់ជម្រៅទឹក ១៤ម៉ែត្រ ដែលអាចទទួលបាននូវកប៉ាលដឹកទំនិញធំៗ និងកសាងផ្លូវល្បឿនលឿន ដែលនឹងសម្រេចរួចរាល់ ក្នុងរយះពេលឆាប់ៗខាងមុខ។

ក្រៅពីនោះរាជរដ្ឋាភិបាល ក៏បានបញ្ចុះថ្លៃអគ្គិសនីបន្ថែមទៀត ដោយចាប់អនុវត្តពីឆ្នាំ២០១៩តទៅ ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវស្ថេរភាព នៃការផ្គត់ផ្គង់ ដើម្បីលើកកម្ពស់ភាពទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតកម្ម៕

(យោងតាម www.freshnewsasia.com)

(យោងតាម www.freshnewsasia.com)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤