Trending now

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

14:30 | 15/05/2020 (សរុបដោយ ហេង វុធ្ធី)

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។


២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។


៣- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។


៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖


៤.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។


៤.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

៤.៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។

កិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេជន៍៣ចំណុចលើ «សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ»។ នេះបើតាមការប្រកាសរបស់ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងបន្ថែមថា «សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ» មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ក្នុងក្របខណ្ឌនៃកិច្ច សហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាទាំងទ្វេភាគី ទាំងពហុភាគី ជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។

ចំពោះការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ ឌដែលជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់កន្លងមក ព្រះរាជា ណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាពហុភាគីមួយក្នុងក្របខណ្ឌអាស៊ានគឺ «សន្ធិសញ្ញាអាស៊ានស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» ព្រមទាំងសន្ធិសញ្ញាទ្វេភាគីជាមួយនឹងប្រទេសចំនួន០៤រួមមាន៖ សាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋឥណ្ឌា និងសហព័ន្ធរុស្សី ដែលក្នុងនោះសន្ធិសញ្ញាមួយចំនួនត្រូវបានផ្តល់សច្ចាប័នរួចហើយ និងសន្ធិសញ្ញាមួយចំនួនទៀត ពុងស្ថិតក្នុងនីតិវិធី ដើម្បីស្នើសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលនូវសំណើសុំជំនួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌពីបណ្ដាប្រទេសជាច្រើន ដែលមានសន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ជាមួយព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ ដោយឈរលើគោលការណ៍បដិការ ព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់ជំនួយ ស្របតាមសំណើទាំងអស់នេះ ព្រោះនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសព្រហ្មទណ្ឌ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មព្រមទាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ទោះបីជាព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជំនួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដល់ប្រទេសជាច្រើន រួមទាំងប្រទេសដែលមានសន្ធិសញ្ញា ជាមួយកម្ពុជា និងទាំងប្រទេសដែលពុំមានសន្ធិសញ្ញាជាមួយកម្ពុជា នាពេលកន្លងមកក៏ពិតមែន ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ផ្ទៃក្នុង មួយច្បាស់លាស់ ដើម្បីធានាដល់ការអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌនៅឡើយទេ។

សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនេះ គឺជាការចាំបាច់ដែលមិនត្រឹមតែបង្កើត ឱ្យមាននីតិវិធីផ្ទៃក្នុង មួយច្បាស់លាស់ បំពេញបន្ថែម ឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ស្តីពី ការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀត ផងដែរ។

គោលបំណង ច្បាប់នេះកំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះ៖

* ការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

* ការស្វែងរកការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ពីរដ្ឋទទួលសំណើទាំងអស់ ទោះបីរដ្ឋទទួលសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ ច្បាប់នេះមិនមានវិសាលភាពអនុវត្ត ចំពោះការជួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគី ដែលបានទទួលសច្ចាប័នពីព្រះរាជាណាចក្រកម្ពុជា។

នីតិវិធីផ្ទៃក្នុង សម្រាប់អនុវត្តសំណើជួយគ្នាទៅវិញទៅមក ដែលមានចែងក្នុងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ករណីទាំងអស់នៃការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដោយរួមបញ្ចូលទាំងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលធ្វើឡើង ស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគីដែលបានទទួលសច្ចាប័ន ពីព្រះរាជាណាចក្រកម្ពុជាផង លើកលេងតែមានបញ្ញាតផ្ទុយ ដែលមានចែងជាក់លាក់ក្នុងសន្ធិសញ្ញា ឬអនុសញ្ញានោះ ឬច្បាប់ផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះ ក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបរទេសណាមួយ តាមរយៈមធ្យោបាយស្របច្បាប់ផ្សេងទៀតឡើយ៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤