ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នឹងស្វែងរកមធ្យោបាយងាយស្រួលក្នុងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនៃការបញ្ចេញកម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដើម្បីផ្ដល់ដល់ពួកគេនូវធនធានហិរញ្ញវត្ថុបន្ថែមទៀតក្នុងការបង្កើនការផលិត។
អាជីវករបានដាក់តាំងបង្ហាញផលិតផលក្នុងកម្មវិធីតាំងពិព័រណ៍កន្លងមក។
លោក មាស សុខសែនសាន អ្នកនាំពាក្យ MEF បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា បន្ទាប់ពីក្រសួងត្រួតពិនិត្យឡើងវិញដំណើរការនៃការបញ្ចេញមូលនិធិ សម្រាប់ការជួយដល់ SME ដែលទទួលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩ ត្រូវបានប្រើប្រាស់កម្ចីនេះមិនទាន់អស់ពីសមត្ថភាពពី SMEs ទាំងនោះ ដោយសារតែពួកគេមិនទាន់មានបំពេញតាមលក្ខខណ្ឌតម្រូវ។
លោកថ្លែងថា៖ «យើងបន្តធ្វើការងារលើការបញ្ចេញមូលនិធិនេះ ដោយសារតែយើងចង់មើលឃើញអ្វីដែលជាឧបសគ្គចេញពីពួកគេ (SMEs) ក្នុងការទទួលបានកម្ចីនេះ»។ លោកបន្តថា៖ «ជាមួយគ្នានេះដែរ យើងក៏ព្យាយាមឲ្យពួកគេចុះបញ្ជីអាជីវកម្មរបស់ពួកគេឲ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធ ដើម្បីឲ្យវាមានភាពងាយស្រួលក្នុងការគ្រប់គ្រង»។ លោកបញ្ជាក់ថា៖ «ហើយរដ្ឋាភិបាលនឹងខិតខំក្នុងការជួយសម្រួលដល់ SMEs ទាំងនោះឲ្យទទួលបានមូលនិធិនេះដោយសារតែយើងចង់ធ្វើឲ្យពួកគេមានភាពងាយស្រួលជាងមុនក្នុងការទទួលបានកម្ចីនេះ»។
SME Bank ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋមានទឹកប្រាក់ ១០០ លានដុល្លារ ជាហិរញ្ញប្បទានសម្រាប់ផ្តល់កម្ចីដល់ SME។ កាលពីខែមេសា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវផែនការហិរញ្ញប្បទានរួមសហគ្រាសធុនតូច និងមធ្យម (SME) ឆ្នាំ ២០២០ (SCFS) របស់ខ្លួនជាការវិនិយោគរួមជាមួយ SME Bank និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនរួមជាមួយនឹងការដាក់ឲ្យដំណើរការសាកល្បងរបស់ធនាគារនេះ»។ លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា ទោះបីជារដ្ឋាភិបាលបានដាក់ឲ្យដំណើរការ SME Bank ក៏ដោយ ក៏លក្ខខណ្ឌតម្រូវនៅតែជារបាំងដ៏សំខាន់មួយសម្រាប់ SMEs ក្នុងស្រុក ក្នុងការទទួលបានកម្ចីនេះ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: postkhmer.com)
មតិពីមិត្តអ្នកអាន