Trending now

កម្ពុជារៀបចំព្រឹត្តិការណ៍វាយកូនគោលអាស៊ីនៅខេត្តសៀមរាប ស្វាគមន៍អ្នកចូលរួមជាង៥០០នាក់មកពី៤៥ប្រទេស

00:54 | 15/05/2019 (ប្រភព៖ FN)

ក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍កីឡាវាយកូនគោលពិភពលោក បានទទួលរៀបចំព្រឹត្តិការណ៍ «កីឡាវាយកូនគោលអាស៊ី» លើកទី៨ នៅលើទឹកដីសៀមរាប-អង្គរ ដែលនឹងមានកីឡាករ ភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋី-មហាសេដ្ឋី និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍ ៥៦២នាក់ មកពី៤៥ប្រទេសចូលរួម។

នាឱកាសធ្វើសន្និសីទសារព័ត៌មាននៅសណ្ឋាគារសុខាអង្គរ (កម្ពុជា) នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធវាយកូលគោលកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាវាយកូនគោលអាស៊ីលើកទី៨នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៣-៥ ខែមេសា ឆ្នាំ២០១៩ ខាងមុខ។ កីឡាវាយកូនគោលនេះ ធ្វើឡើងនៅទីលានវាយកូនគោលរបស់រមណីយដ្ឋានសុខា-អង្គរ សណ្ឋាគារភូកេត្រា និងសណ្ឋាគារប៊ូយ៉ុង។

លោកបានបន្តថា ជាមួយនឹងព្រឹត្តិការណ៍កីឡាវាយកូនគោលនេះ ក៏មានពិធីជួបជុំដ៏ធំមួយរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង ៤០០នាក់ ដើម្បីពិភាក្សាគ្នាលើការទិញ-លក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ជូនភ្ញៀងទេសចរ ពីព្រោះពួកគេភាគច្រើនជាក្រុមហ៊ុននាំភ្ញៀវទេសចរដើរទស្សនាផង និងលេងកីឡាផង ពិសេសកីឡាវាយកូនគោលនេះតែម្ដង។

លោករដ្ឋលេខាធិការ ជា បូរ៉ា បានបន្តទៀតថា «ទេសចរណ៍កីឡាវាយកូនគោលនេះ ជាប្រភេទទេសចរណ៍មួយ ដែលភ្ញៀវទេសចរមានការចំណាយច្រើនជាងដំណើរកម្សាន្តផ្សេងៗ ពីព្រោះអ្នកចូលលេងភាគច្រើនជាអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន មហាសេដ្ឋី ឬក៏អ្នកដែលមានជីវភាពធូរធាណាស់»

លោកអះអាងថា ការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ដែលកំពុងខិតខំជំរុញវិស័យទេសចរណ៍កីឡាវាយកូលគោលនេះ ឱ្យរីកដុះដាលឡើង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផង និងដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ។

នៅក្នុងសន្និសីទសារព័ត៌មានខាងលើដូចគ្នា លោក Peter walton អគ្គនាយកអង្គការទេសចរណ៍វាយកូនគោលអន្តរជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាវាយកូនគោលអន្តរជាតិនេះ តែងធ្វើឡើងនៅតាមប្រទេសនានាជារៀងរាល់ឆ្នាំ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ហើយនៅឆ្នាំ២០១៩នេះ អង្គការលោកបានជ្រើសរើសយកខេត្តសៀមរាប ប្រទេសកម្ពុជា រៀបចំព្រឹត្តិការណ៍នេះឡើង។

លោកប្រាប់ពីមូលហេតុថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានទីលានវាយកូនគោលបទដ្ឋានអន្តរជាតិ មានតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅទូទាំងពិភពលោក គឺសៀមរាប-អង្គរ ទើបភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍កីឡាវាយកូនគោល ពេញចិត្តក្នុងការមកទស្សនា និងមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ។

លោក Peter បានបន្តថា អ្នកចូលរួមទាំង៥៦២នាក់នោះ មានមកពីតំបន់អាស៊ាន តំបន់អឺរ៉ុប ប្រទេសចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តំបន់មជ្ឈិបូព៌ា អាហ្វ្រិកខាងត្បូង ឥណ្ឌា ទ្វីបអាមេរិកខាងជើង និងមកពីប្រទេសអូស្ត្រាលី។

អគ្គនាយករូបនេះបានបន្ថែមថា អ្នកចូលរួមទាំងនោះមិនត្រឹមតែមកលេងកីឡាវាយកូនគោលប៉ុណ្ណោះទេ តែថែមទាំងបានចូលទស្សនានៅតាមប្រាសាទ និងរមណីយដ្ឋានទេសចរណ៍នានានៅកម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ហើយនឹងបានភ្លក្សម្ហូបអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ពិសា បានមើលឃើញដោយផ្ទាល់នូវស្នាមញញឹមពីធម្មជាតិ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោក ជា បូរ៉ា បានបង្ហាញការរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលពិភពលោកលើកទី៨នេះ នឹងចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា សំដៅជំរុញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត ក្រោយពីកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ កើនឡើង ១០.៧ភាគរយ នៅឆ្នាំ២០១៨ កន្លងទៅ៕

(ប្រភព៖ FN)

(ប្រភព៖ FN)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤