Trending now

កម្ពុជា ត្រូវពង្រឹងសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវលំដាប់ខ្ពស់

19:33 | 20/05/2019 (ប្រភព៖ .postkhmer.com កែសម្រួលដោយសំណាង)

យុគសម័យ- កម្ពុជាត្រូវរៀបចំវិស័យទេសចរណ៍របស់ខ្លួន ដើម្បីអាចចាប់យកភ្ញៀវទេសចរជនជាតិចិន ដែលមានប្រាក់ចំណូលខ្ពស់បានកាន់តែច្រើន ខណៈបច្ចុប្បន្នភ្ញៀវលំដាប់ខ្ពស់នៅមានកម្រិតទាបនៅឡើយ។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​កម្ពុជា​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ចិន​ជា​បន្តបន្ទាប់ ប៉ុន្តែ​កម្ពុជា​នៅ​​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ​ដើម្បី​ស្រូប​យក​ភ្ញៀវ​មាន​ប្រាក់​ចំណូល​ច្រើន​នោះ​ទេ។​

​ការ​អភិវឌ្ឍ​ទីផ្សារ​ទេសចរណ៍ ​ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​ចិន​លំដាប់​ខ្ពស់​ នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ពី​វិស័យ​នេះ​កាន់​តែ​ច្រើន​។ លោក​ស្រី​​បាន​ថ្លែង​ថា៖​ «​ដើម្បី​អាច​ស្រូប​បាន​ភ្ញៀវ​ទេសចរ​ចិន​លំដាប់​ផ្កាយ​ ៥ យើង​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​​ជា​ផ្កាយ​ ៥​ ដែរ តាម​រយៈ​ការ​អភិវឌ្ឍ​គុណភាព​សេវាកម្ម​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ទាំង​ផ្នែក​តម្លៃ និង​គុណភាព»។

ប្រាសាទ ព្រះវិហារ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិធី​តាំង​​ពិព័រណ៍​វប្បធម៌​

និង​ទេសចរណ៍​អាស៊ី ​នៅ​ប្រទេស ​ចិន កាល​ពី​សប្តាហ៍​មុន។

អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ថា ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​ភ្ញៀវ​​មាន​សក្តានុពល​ខ្លាំង​សម្រាប់​គ្រប់​​ប្រទេស​លើ​ពិភព​លោក​ ហើយ​​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​មាន​គោល​នយោបាយ​ទាក់ទាញ​អ្នក​ទេសចរ​ចិន​ឲ្យ​ធ្វើ​ដំណើរ​កម្សាន្ត​។ លោក​បន្ត​ថា ទោះ​បីជា​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​រួច​មក​ហើយ​ក៏​ដោយ ក៏​កម្ពុជា​នៅ​មាន​កិច្ច​ការ​ជា​​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ដើម្បី​អាច​ឆ្លើយ​តប​​ទៅ​នឹង​កំណើន​ដ៏​ឆាប់​រហ័ស​របស់​ភ្ញៀវ​ទេសចរ​ចិន​។

ភ្ញៀវ​ទេសចរ​បរទេស​ភាគ​ច្រើន​ស្នាក់​នៅ​កម្ពុជា​ចន្លោះ​ពី​ ៤-៧ ​ថ្ងៃ និង​ចំណាយ​ជា​មធ្យម​​ពី​ ២០០-​៣០០ ​ដុល្លារ​ក្នុង ​១ ​ថ្ងៃ​។​

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​វប្បធម៌ និង​​​ទេសចរណ៍​អាស៊ី កាល​ពី​ថ្ងៃ​ទី ​១៦ ខែ​ឧសភា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​​ថា ​ដើម្បី​ត្រៀម​ទទួល​កំណើន​ភ្ញៀវ​ទេសចរ​​​បរទេស ជា​ពិសេស​ជនជាតិ​ចិន​មក​ទស្សនា​កម្ពុជា រដ្ឋាភិបាល​កំពុង​រៀបចំ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​​ដូច​ជា គម្រោង​បង្កើត​ព្រលាន​យន្តហោះ​​​ថែម ២ ទៀត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ការ​ពង្រីក​ព្រលាន​យន្តហោះ​នៅ​ខេត្ត​ព្រះសីហនុ ការ​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ ការ​សាងសង់​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្ត​កំពត គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន និង​​ការ​ផ្ដល់ eVisa ជា​ដើម។ ទន្ទឹម​នឹង​នេះ​កម្ពុជា​ក៏​នឹង​រៀបចំ​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា លើក​ទី​២ នៅ​ក្នុង​ខែ តុលា ឆ្នាំ ​២០១៩ នេះ​ផង​ដែរ​។​

របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​បាន​​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ​៣ ​ខែ ដើម​ឆ្នាំ ​២០១៩ នេះ​កម្ពុជា ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ ១,៨ ​លាន​នាក់ កើន​ ​៩,៧ ភាគរយ​ ក្នុង​នោះ​ទេសចរ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​ជាង ៦៨ ​​ម៉ឺន​នាក់ កើន ​៣៥ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៨។

កាល​ពី​ឆ្នាំ ២០១៨ កម្ពុជា​​​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៦,២ ​លាន​នាក់ កើន​ឡើង​ ១១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧ ដោយ​ក្នុង​នោះ​​ភ្ញៀវ​ទេសចរ​ចិន មាន​ ២,០២ ​លាន​នាក់ ​កើន​ឡើង ៦៧ ភាគរយ​។ សម្រាប់​ឆ្នាំ ២០២០ កម្ពុជា​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជាង ​៧ ​លាន​នាក់ ដោយ​ទេសចរ​ចិន អាច​កើន​ដល់ ​៣ ​លាន​នាក់៕

(ប្រភព៖ .postkhmer.com កែសម្រួលដោយសំណាង)

(ប្រភព៖ .postkhmer.com កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤