យុគសម័យ - នៅក្នុងបណ្តាជំនួបពិភាក្សាការងារនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៩-២០ ខែសីហា អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang និងដៃគូនានារបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរយោបល់អំពីអនាគតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ តំណាងសហគមន៍សហគ្រាសសហរដ្ឋអាមេរិក បានសម្តែងនូវជំនឿទុកចិត្តលើទីផ្សារវៀតណាម ដោយប្តេជ្ញាបន្តជំរុញបណ្តាគម្រោង និងពង្រីកការវិនិយោគ ជាពិសេសនៅក្នុងវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការបំប្លែងឌីជីថល ថាមពល និងបណ្តាផ្នែកសេដ្ឋកិច្ចថ្មីៗ។
![]() |
| អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang។ |
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Thomas DiNanno, អនុទីប្រឹក្សាសន្តិសុខជាតិ Andrew Baker, អនុតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Rick Switzer, ទីប្រឹក្សាសន្តិសុខជាតិរបស់អនុប្រធានាធិបតី Cliff Sims, អនុជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងអាស៊ាន Hunt VanderToll។
អនុរដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរយោបល់ជាមួយអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Daniel Kritenbrink ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃ The Asia Group ព្រមទាំងបានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - អាស៊ាន (USABC) និងមូលនិធិ Heritage ផងដែរ។
នៅក្នុងបណ្តាជំនួបផ្លាស់ប្តូរយោបល់ ភាគីសហរដ្ឋអាមេរិកបានវាយតម្លៃជាវិជ្ជមានចំពោះជំហានអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក អះអាងពីការយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងសម្តែងនូវសុទិដ្ឋិនិយមអំពីអនាគតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ដៃគូនានារបស់សហរដ្ឋអាមេរិកបានចាត់ទុកថា ទំនាក់ទំនង វៀតណាម - សហរដ្ឋអាមេរិក ដែលមានការអភិវឌ្ឍយ៉ាងល្អប្រសើរនោះ មិនត្រឹមតែស្របទៅនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជាវិជ្ជមានចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ ព្រមទាំងមានបំណងចង់ឱ្យភាគីទាំងពីរបន្តសហការគ្នា ដើម្បីនាំឱ្យទំនាក់ទំនងឈានចូលកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពជាងមុន។
នៅមានសក្តានុពលជាច្រើនលើវិស័យថ្មីៗ
ភាគីសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម ក៏ដូចជាតួនាទី និងឋានៈកាន់តែខ្ពស់ឡើងរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក។
បណ្តាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការបំប្លែងឌីជីថល ថាមពល និងផ្នែកសេដ្ឋកិច្ចថ្មីៗ ត្រូវបានចាត់ទុកថានៅមានសក្តានុពលជាច្រើន ដើម្បីឱ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការ។
តំណាងសហគមន៍សហគ្រាសសហរដ្ឋអាមេរិក បានសម្តែងនូវជំនឿទុកចិត្តលើអនាគតនៃទីផ្សារវៀតណាម ព្រមទាំងប្តេជ្ញាបន្តជំរុញបណ្តាគម្រោងសហប្រតិបត្តិការ និងពង្រីកការវិនិយោគនៅវៀតណាម ក្នុងពេលខាងមុខ។
ផ្លាស់ប្តូរយោបល់ជាមួយដៃគូនានា អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang បានជម្រាបជូនអំពីសភាពការណ៍របស់វៀតណាម ដោយសង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី និងខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវគោលដៅកំណើនពីរខ្ទង់។
នៅក្នុងដំណើរការនេះ វៀតណាមកំណត់ថា វិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងការបំប្លែងឌីជីថល គឺជាការទម្លុះទម្លាយដ៏សំខាន់លំដាប់ជួរមុខ ព្រមទាំងជាកម្លាំងចលករចម្បងក្នុងការផ្លាស់ប្តូរថ្មីគំរូកំណើន លើកកម្ពស់ផលិតភាព សមត្ថភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព។
ជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់នានា
អនុរដ្ឋមន្ត្រី Dang Hoang Giang បានវាយតម្លៃថា ទំនាក់ទំនង វៀតណាម - សហរដ្ឋអាមេរិក បន្តរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ជាវិជ្ជមាន ក្រោយជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងប្រធានាធិបតី Donald Trump នាខែកុម្ភៈ ឆ្នាំ ២០២៦។
បណ្តាសកម្មភាពផ្លាស់ប្តូរយោបល់ និងការជួបប្រាស្រ័យរវាងភាគីទាំងពីរ ត្រូវបានរក្សាជាប្រចាំ ខណៈពេលដែលកិច្ចសហប្រតិបត្តិការបន្តពង្រីកលើវិស័យជាច្រើន។
អនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមយកចិត្តទុកដាក់ និងមានបំណងចង់រួមជាមួយសហរដ្ឋអាមេរិក នាំឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង និងយូរអង្វែង។
វៀតណាមបានស្នើឱ្យភាគីទាំងពីរបង្កើនកិច្ចសហការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់នានា ទាញយកផលកាន់តែមានប្រសិទ្ធភាពនូវសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ថាមពល និងវិស័យថ្មីៗ។
អនុរដ្ឋមន្ត្រី Dang Hoang Giang ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមផងដែរ។
ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរយោបល់ សហការយ៉ាងជិតស្និទ្ធ តាមរយៈនោះ រួមចំណែកពង្រឹងទំនាក់ទំនង វៀតណាម - សហរដ្ឋអាមេរិក និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕
យុគសម័យ - នាថ្ងៃទី ២ ខែមិថុនា សមាគមអ្នកជំនាញ និងនិស្សិតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក (VPS) បានដាក់ឱ្យដំណើរការ VPS 2.0 ដែលជាការកត់សម្គាល់នូវដំណាក់កាលយុទ្ធសាស្ត្រថ្មីមួយ ក្នុងដំណើរការតភ្ជាប់សហគមន៍អ្នកជំនាញ និងនិស្សិតជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក ជាមួយប្រទេសវៀតណាម។ |
យុគសម័យ - នាថ្ងៃទី ១ ខែមិថុនា នៅទីក្រុងហាណូយ សមាគមវៀតណាម - អាមេរិក (នៃសហព័ន្ធបណ្តាស្ថាប័នមិត្តភាពវៀតណាម) បានធ្វើការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - អាស៊ាន (USABCI) ព្រមទាំងតំណាងបណ្តាស្ថាប័ន និងសហគ្រាសសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរយោបល់អំពីបណ្តាកម្មវិធីគាំទ្រការស្វែងរក និងកំណត់អត្តសញ្ញាណអ្នកបាត់ខ្លួនក្នុងសម័យសង្គ្រាម។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន